កម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Lethwei Championship

មាស សុផាណារ៉ុង February 8, 2020


 

ភ្នំពេញ៖ កម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់លក្ខណៈអន្តរជាតិ កម្រិតពិភពលោក «World Lethwei Championship» នេះបើយោងតាមគេហទំព័ររបស់ The Myanmar Times របស់មីយ៉ាន់ម៉ា។

នេះជាលើកដំបូងហើយរបស់ប្រទេសកម្ពុជា ដែលទទួលបានសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់លក្ខណៈអន្តរជាតិកម្រិតពិភពលោក មួយនេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ខណៈដែលព្រឹត្តិការណ៍នេះ មានដើមកំណើតចេញពីប្រទេសមីយាន់ម៉ា។

បើយោងតាមគេហទំព័ររបស់ The Myanmar Times ដដែលដែលបានចុះផ្សាយកាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ បានឱ្យដឹងថា៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកម្រិតអន្តរជាតិមួយនេះ នៅថ្ងៃទី៣ ខែមេសា បន្ទាប់ពីប្រទេសថៃដែលគ្រោងរៀបចំក្នុងខែមិថុនា ឆ្នាំ២០២០ ខាងមុខ។

ប្រធានព្រឹត្តិការណ៍ World Lethwei Championship លោក U Zay Thiha បាននិយាយថា៖ «Lethwei គឺជាកីឡាប្រដាល់មួយរបស់ជនជាតិភូមា វាជាកីឡាប្រយុទ្ធទំនាក់ទំនងពេញលេញមកពីប្រទេសមីយ៉ាន់ម៉ា ដែលប្រើភាពលេចធ្លោរួមជាមួយបច្ចេកទេសគ្រប់ស្នៀតទៅតាមបណ្ដាលប្រទេសផ្សេងៗដែលចូលរួមប្រកួត។»

World Lethwei Championship ត្រូវបានគេចាត់ទុកថាជាក្បាច់គុនដ៏អស្ចារ្យ និងសាវហាវបំផុតមួយនៅលើពិភពលោក ដោយសារតែអ្នកប្រយុទ្ធគឺប្រើតែបង់រុំនៅលើដៃប៉ុណ្ណោះ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់