ហេតុអ្វី អ្នកគាំទ្រកម្ពុជាមិនត្រូវខកខានទស្សនា ONE: WARROR’S CODE

មាស សុផាណារ៉ុង February 6, 2020


 

ឥណ្ឌូនេស៊ី៖ នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ នេះ កម្មវិធី ONE: WARRIOR’S CODE ត្រូវរៀបចំនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី លើកដំបូងសម្រាប់ឆ្នាំ២០២០ ដោយចាប់ពីម៉ោង ៦:៣០ ល្ងាចតទៅ។ អ្នកគាំទ្រកម្ពុជាមិនអាចខកខានដើម្បីទស្សនាបានឡើយ ដោយសារមានគូប្រកួតខ្សែក្រវាត់លំដាប់ពិភពលោក និងមានកីឡាករ ខុន ស៊ីចាន់ ប្រកួតតំណាងឲ្យកម្ពុជាទៀតផង នាថ្ងៃសុក្រនោះ។ ខុន ស៊ីចាន់ ដែលជាកូនសិស្សមកពី Phnom Penh MMA ត្រូវប្រឈមនឹង កីឡាករម្ចាស់ផ្ទះជំនាញចំបាប់ឥណ្ឌូណេស៊ី Eko Roni Saputra។

1# Petchmorakot ប៉ះ Detrit ដើម្បីដណ្ដើមខ្សែក្រវាត់ពិភពលោក

Petchmorakot Petchyindee Academy នឹងឡើងមកជួបមិត្តរួមជាតិថៃ Detrit Sathian Muay Thai ដើម្បីដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ Petchmorakot នឹងជួបកីឡាករវ័យ ២៩ឆ្នាំ Detrit ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ ONE Featherweight Muay Thai World Title ដែលគេសម្ពោធឲ្យដណ្ដើមលើកដំបូងនៅក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ Detrit ទទួលបានការកោះហៅប្រថុចញ៉ុច ពោលត្រឹម ៨ថ្ងៃមុនការប្រកួតប៉ុណ្ណោះ ដោយសារកម្មវិធីមានការផ្លាស់ប្ដូរភ្លាមៗ ប៉ុន្តែរូបគេមិនស្ទាក់ស្ទើរឡើយដើម្បីបង្ហាញខ្លួនក្នុងការប្រកួតដំបូងនៅ ONE Super Series នេះឡើយ។

Detrit ថ្លែងថា៖ «អ្នកចាត់ការរបស់ខ្ញុំប្រាប់ថា ONE Championship ផ្ដល់ឲ្យខ្ញុំចំពោះការប្រកួត World Championship តែខ្ញុំមានអន្ទះអន្ទែងណាស់។ ព្រោះ ONE Championship ជាស្ថាប័នកីឡាធំបំផុតមួយក្នុងលោក។ យ៉ាងណាក្ដី អ្នករាល់គ្នាចង់ឲ្យខ្ញុំស្ថិតក្នុងផ្នែកនៃការប្រកួតដ៏ធំនេះ។ គាត់ទើបប្រាប់ខ្ញុំនាថ្ងៃទី ៣០ មករា ប៉ុណ្ណោះ។ ខ្ញុំគេងមិនលក់សោះពេលនោះ និង ចាប់ផ្ដើមហ្វឹកហាត់ខ្លាំងដូចរាល់ដង។ បែបណាក៏ដោយខ្ញុំសប្បាយចិត្ត។ ខ្ញុំជឿជាក់សើសមត្ថភាពរបស់ខ្ញុំ ១០០%។»

Detrit មិនមានពេលច្រើនដើម្បីរៀបចំប៉ុន្តែ រូបគេស្ថិតក្នុងស្ថានភាពល្អចំពោះការប្រកួតដោយសារការប្រកួតចុងក្រោយរបស់គេធ្វើឡើងកាលថ្ងៃទី ១៧ ខែ មករា។ Detrit ពិតជាមិនធម្មតាទេ ព្រោះមានកំណត់ត្រាឈ្នះក្នុងការប្រកួតរហូតដល់ ១៣៩ ចាញ់ ៤៤ លើក និង ស្មើ ២ លើក។ ចំណែកជើងខ្លាំង Petchmorakot មានកំណត់ត្រាប្រកួតឈ្នះ ១៥៨ ដង ចាញ់ ៣៥ ដង និង ស្មើ ២ ដង។ តើម្ចាស់ខ្សែក្រវាត់ថ្មី ONE Featherweight Muay Thai World Title ជានរណានាថ្ងៃសុក្រនេះ?

2# ទម្ងន់ Middleweight គួរចាប់ចាប់អារម្មណ៍

ការប្រកួតគូឯករងរវាង Leandro Ataides ឬ ឈ្មោះក្រៅ Wolf និង Reinier De Ridder ឬ ឈ្មោះហៅក្រៅ The Dutch Knight។ កីឡាករទម្ងន់ Middleweight ទាំងពីរនឹងបង្កើតភាពជក់ចិត្តក្នុងការប្រកួតគុនចម្រុះមុនឈានដល់គូឯកដណ្ដើមខ្សែក្រវាត់។ កីឡាករប្រេស៊ីល Leandro បានបង្កើតកំណត់មិនអន់នោះទេនាពេលកន្លងទៅក្នុងវិស័យគុនចម្រុះដោយឈ្នះ ១១លើក និង ចាញ់ ៣ លើក ស្របពេល Reinier កីឡាករសញ្ជាតិហូឡង់ មានកំណត់ត្រារឹតតែល្អឥតខ្ចោះ ពោល ឈ្នះ ទាំង ១១ ដង ក្នុងការប្រកួត ១១ លើក។ តើ កីឡាកររហស្សនាម The Dutch Knight អាចបន្តកំណត់ត្រាបន្ថែម ឬ យ៉ាងណា?

3# ខុន ស៊ីចាន់ ជាកីឡាករម្នាក់របស់កម្ពុជាត្រូវតាមដានខ្លាំង

ខុន ស៊ីចាន់ ជាអ្នកលេងគុនចម្រុះដ៏ល្អម្នាក់នៅក្នុងប្រទេសនិងជាកីឡាករកម្ពុជាដំបូងគេដែលឡើងសង្វៀនអន្តរជាតិ ONE មុនគេឆ្នាំ ២០២០។ ស៊ីចាន់ ជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គទី១ ឆ្នាំ ២០១៣ ត្រូវប្រឈមនឹងជើងខ្លាំងចំបាប់ជម្រើសជាតិឥណ្ឌូណេស៊ី Eko Roni Saputra ក្នុងកម្មវិធីខាងលើ។ ស៊ីចាន់ ធ្វើមិនបានល្អឡើយក្នុងពីរលើកកន្លងមកដោយសន្លប់ក្រោមក្បាច់ឃ្លេរបស់ Rudy Agustian និង Roshan Mainam ត្រឹមទឹកទី១ ដូចគ្នានៅឆ្នាំ ២០១៩។

អ្នកគាំទ្រកម្ពុជាជាច្រើនម៉ឺននាក់កំពុងរង់ចាំមើលថ្វីដៃថ្មីរបស់ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ។ មុនឡើងសង្វៀន ស៊ីចាន់ បញ្ជាក់បែបថា៖ «លើកនេះខ្ញុំសង្ឃឹមឈ្នះច្រើន ព្រោះ Eko Roni មានក្បាច់ឃ្លេនៅអន់មិនដូច Rudy និង Mainam ដែលខ្ញុំជួបកន្លងទៅឡើយ។» ស៊ីចាន់ មានកំណត់ត្រាឈ្នះ ៣ និង ចាញ់ ៥ លើកនៅសង្វៀន គុនចម្រុះ ស្របពេល Saputra មានកំណត់ត្រាឈ្នះ ១ លើក និង ចាញ់ ១លើក លើសង្វៀន ONE Championship កន្លងមក។

គ្រប់គ្នារង់ចាំមើល ថាតើ ស៊ីចាន់ អាចត្រលប់មករកភាពឈ្នះទល់នឹង Eko Roni Saputra ដូចកាលឈ្នះកីឡាករឥណ្ឌូណេស៊ី Riski Umar ឬ យ៉ាងណា?

4# កីឡាករក្នុងស្រុកឥណ្ឌូណេស៊ីចាប់ផ្ដើមបញ្ចេញឫទ្ធិ

ក្រៅពីការប្រកួតគូឯក ក៏មានគូប្រកួត កីឡាករក្នុងស្រុករបស់ឥណ្ឌូណេស៊ីរហូតដល់ ៧ នាក់ផ្សេងប្រឈមនឹងគូប្រជែងដើម្បីញុំាងឲ្យសង្វៀន Istora Senayan នៃក្រុងហ្សាកាតាកាន់តែរំភើបញាប់ញ័រ។ គេដឹងច្បាស់ថា អ្នកគាំទ្រឥណ្ឌូណេស៊ី នឹងទៅគាំទ្រយ៉ាងច្រើនកុះករនៅសង្វៀនផ្ទាល់ដើម្បីលើកទឹកចិត្តដល់កីឡាកររបស់ខ្លួន៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់