ចាន់ សំអាត បញ្ចេញទស្សនៈមុនពេលពេល ខុន ស៊ីចាន់ ប៉ះ Eko Roni Saputra

មាស សុផាណារ៉ុង February 5, 2020


 

ភ្នំពេញ៖ កាន់តែខិតជិតដល់ហើយ ខុន ស៊ីចាន់ ដែលជាកូនសិស្សមកពី Phnom Penh MMA ត្រូវប្រឈមនឹង កីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Eko Roni Saputra នៅថ្ងៃ០៧ ខែកុម្ភៈ នេះ ក្នុងកម្មវិធី ONE: WARRIOR’S CODE នៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ មុនកម្មវិធីចាប់ផ្ដើមសិស្សប្អូន ចាន់ សំអាត មកពីខេត្តឧត្តរមានជ័យដូចគ្នា បានសម្ដែងមតិអំពីការប្រកួតដំបូងរបស់កីឡាករកម្ពុជានៅសង្វៀន ONE Championship ឆ្នាំ ២០២០ នេះ។

ចាន់ សំអាត ដែលជាម្ចាស់ខ្សែក្រវាត់គុនចម្រុះម្នាក់នៅកម្ពុជាបានបញ្ចេញទស្សនៈថា៖ «តាមមើល ខ្ញុំគិតថាមិនសូវអីប៉ុន្មានទេ ប៉ុន្តែ ខ្ញុំខ្លាច បងចាន់ គាត់ចាញ់កម្លាំង Eko Roni Saputra បន្តិច ព្រោះគាត់មានមាឌតូចជាង។ បងចាន់ពីមុន គាត់ល្អ តែឥឡូវ គាត់មិនសូវឡើងរេញខ្លាចតែធ្លាក់កម្លាំងមួយមុខគត់។ ខ្ញុំសង្ឃឹមថាគាត់ហាត់ត្រៀមបានល្អលើកនេះព្រោះខ្ញុំឃើញគាត់ខំឡើងមកហាត់ត្រៀមខ្លាំងនៅភ្នំពេញ។»

ស៊ីចាន់ ជាកីឡាករមានបទពិសោធន៍ក្នុងការប្រកួតគុនចម្រុះម្នាក់នៅកម្ពុជា និង ជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គទី១ កាលឆ្នាំ២០១៣។ យ៉ាងណាក្ដី កីឡាករទម្ងន់ Flyweight រូបនេះ ធ្វើមិនសូវល្អសោះនៅសង្វៀនអន្តរជាតិ ONE ពោលឈ្នះតែម្ដងគត់ និងបរាជ័យ ៤លើកក្នុងការប្រកួត ៥លើកចុងក្រោយ។ ជ័យជម្នះម្ដងនោះ គឺ ឈ្នះពិន្ទុជាឯកច្ឆន្ទលើ កីឡាករឥណ្ឌូណេស៊ី Riski Umar កាលខែមីនា ឆ្នាំ២០១៨។

ចាន់ សំអាត គូសបញ្ជាក់ទៀតថា៖ «បើបច្ចេកទេសមិនលើសគ្នាទេតាមខ្ញុំគិត។ បើសិនជាឈរវ៉ៃ ខុន ស៊ីចាន់ គាត់លឿនដែរមិនបញ្ហាទេ ប៉ុន្តែ ការចូលឃ្លេចំបាប់របស់ Eko ទើបខ្ញុំបារម្ភ។ យ៉ាងណាយើងមិនអាចសន្និដ្ឋានបាន ១០០% នោះទេព្រោះម្នាក់ៗសុទ្ធតែត្រៀមខ្លួនរួចរាល់ហើយ។»

សំអាត សង្កត់ធ្ងន់បែបនេះ៖ «បើប្រើក្បាច់ឈរ យើងសង្ឃឹមច្រើន ប៉ុន្តែយើងត្រូវចាំមើលទាំងអស់គ្នាសិន។ មួយទៀត បើថយវ៉ៃៗ និងការពារគេចពីការចាប់ផ្ដួល គឺ យើងសង្ឃឹមច្រើនថានឹងបានលទ្ធផលល្អ។»

ក្នុងពីរប្រកួតចុងក្រោយនៅ ONE ខុន ស៊ីចាន់ ចាញ់សន្លប់ដោយសារក្បាច់ឃ្លេរបស់កីឡាករឥណ្ឌូណេស៊ី Rudy Agustian កាលខែកុម្ភៈ ឆ្នាំ ២០១៩ និងចាញ់កីឡាករជំនាញចំបាប់មកពីឥណ្ឌា Roshan Mainam កាលខែវិច្ឆិកា ឆ្នាំ ២០១៩។ ស៊ីចាន់ បាននិយាយកន្លងមកថា៖ «យើងមិនអាចដោះសារបានទេ គឺខ្ញុំចាញ់ឃ្លេគេ។ គេលឿនពេក តែខ្ញុំត្រូវកែប្រែវាឲ្យល្អជាងមុន។» ស៊ីចាន់ ចាញ់សន្លប់ក្រោមក្បាច់ឃ្លេរបស់ Rudy Agustian និង Roshan Mainam ត្រឹមទឹកទី១ ដូចគ្នា។ នេះជាលទ្ធផលមិនល្អមើលសោះព្រោះប្រកួតមិនបាន ១ ទឹកស្រួលបួលផង។

គួរដឹងថា Eko Roni ជាកីឡាករជំនាញចំបាប់ជម្រើសជាតិឥណ្ឌូណេស៊ីនិងធ្លាប់ឈ្នះមេដាយប្រាក់ក្នុងវិញ្ញាសាចំបាប់ឆ្នាំ ២០១៣ នៅស៊ីហ្គេម ជូនឥណ្ឌូណេស៊ីទៀតផង។ លើសពីនោះ Eko Roni Saputra ជាម្ចាស់ជើងឯកចំបាប់ Indonesian National Wrestling Champion ច្រើនសម័យកាលទៀតផង។ បើសិន ខុន ស៊ីចាន់ ហ៊ានតែប្រហែសបន្តិច នោះកីឡាករកម្ពុជាច្បាស់ជាយ៉ាប់របស់ Eko Roni ជាក់មិនខានទោះកីឡាករម្ចាស់ផ្ទះទើបមានបទពិសោធន៍២លើកនៅសង្វៀន ONE ក្ដី។ លទ្ធផលពីរលើករបស់កូនសិស្សនៅក្លិប Evolve MMA ដែលស្ថិតនៅសិង្ហបុរី គឺ ឈ្នះ១ និង ចាញ់ ១ដង៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់