Eko Roni Saputra ចង់ផ្ដួល ខុន ស៊ីចាន់ ឲ្យបានលឿនបំផុតក្នុងកម្មវិធី ONE: WARRIOR’S CODE

មាស សុផាណារ៉ុង February 4, 2020


 

ឥណ្ឌូនេស៊ី៖ កីឡាករជម្រើសជាតិចំបាប់ឥណ្ឌូណេស៊ី Eko Roni Saputra ចង់ផ្ដួលកីឡាករកម្ពុជា ខុន ស៊ីចាន់ ឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាននៅក្នុងកម្មវិធី ONE: WARRIOR’S CODE នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ខាងមុខនៅទឹកដីកំណើតឯក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ម្ចាស់ជើងឯកចំបាប់ច្រើនសម័យថ្នាក់ជាតិបានដាក់គោលដៅធ្វើឲ្យអ្នកគាំទ្រក្នុងស្រុកសប្បាយចិត្ត នៅសង្វៀន Istora Senayan។

កីឡាករ Eko Roni Saputra 

Eko Roni បានថ្លែងថា៖ «ខ្ញុំផ្ដោតអារម្មណ៍ឲ្យល្អ ហើយចាប់ផ្ដើមក្បាច់ឲ្យលឿនតែម្ដង។ ខ្ញុំស្ទាបស្ទង់ស្ថានភាពជាមុនបន្តិចសិន។ បន្ទាប់មកបើអាច គឺ ខ្ញុំចង់យកឈ្នះឲ្យលឿនបំផុត។ ខ្ញុំមិនចង់ធ្វើឲ្យអ្នកគាំទ្ររបស់ខ្ញុំខកចិត្តនោះឡើយ។»

Saputra ចាប់ផ្ដើមធ្វើការខ្លាំងតាំងពីខែតុលា នៅក្លិប Evolve ឯប្រទេសសិង្ហបុរីដើម្បីសំលៀងក្បាច់ ជឺជិតស៊ូ និង ជំនាញប្រដាល់បន្ថែមក្នុងគោលដៅធ្វើឲ្យល្អបំផុតនាការប្រកួតគុនចម្រុះលើកនេះលើកទី៣ នៅសង្វៀន ONE។ កីឡាករឥណ្ឌូណេស៊ី រូបនេះរីកចម្រើនគួរកត់សម្គាល់ និង មានទំនុកចិត្តទៀតផង។ ប៉ុន្តែយ៉ាងណាក្ដី រូបគេមិនអាចមើលងាយគូប្រកួតបានឡើយ ព្រោះថា ស៊ីចាន់ មានជំនាញខាងគុនខ្មែរ និង វាយសងបានល្អដែរ។

ស៊ីចាន់ មានកំណត់ត្រាឈ្នះ ៥០លើក ក្នុងការប្រកួតគុនខ្មែរដែលបង្ហាញអំពីសមត្ថភាពបានយកឈ្នះកីឡាករមកពីឥណ្ឌូណេស៊ី Riski “King Kong” Umar បាននាពេលកន្លងមក។ ប៉ុន្តែអ្វីដែលជាផែនការរបស់ Eko Roni គឺ ចូលចាប់ជើង ដើម្បីវាយផ្ដួល ខុន ស៊ីចាន់ យកតែម្ដងតាមរយៈក្បាច់ចំបាប់។

កីឡាករ ខុន ស៊ីចាន់

«ស៊ីចាន់ ជាកីឡាករពូកែខាងប្រយុទ្ធ ជាពិសេសការប្រើកែង។ បើសិនគេវាយត្រូវខ្ញុំ វានឹងគ្រោះថ្នាក់។ ខ្ញុំមិនចង់ឲ្យពេទ្យ ឬអាជ្ញាកណ្ដាលបញ្ឈប់ដោយសារក្បាច់កែងទេ។ ខ្ញុំសំលៀងអាវុធដើម្បីបោកផ្ដួល។ ខ្ញុំនឹងគ្រប់គ្រងការប្រកួតលើក្ដាររេញឲ្យបានល្អ។ ខ្ញុំដឹងអំពីវិធីដើម្បីផ្ដួលរូបគេព្រោះខ្ញុំមានជំនាញខាងចំបាប់ស្រាប់ទៅហើយ។ ហើយខ្ញុំក៏ត្រូវការការពារពីការអុកជង្គង់របស់ ស៊ីចាន់ ដែរ។» Saputra បានពន្យល់បែបនេះ។

Saputra រៀបចំផែនការដើម្បីផ្ដួលដៃគូឲ្យដួល ហើយបន្ទាប់មកនឹងស្វែងរកក្បាច់ភ្លាមៗយកឈ្នះតែម្ដង «ខ្ញុំនឹងលៃលកដើម្បីផ្ដួលគេទៅក្ដាររេញ និងមើលដឹងថាតើបច្ចេកទេសណាដែលអាចប្រើបាន។ តើការប្រើក្បាច់បញ្ចប់ ឬត្រូវម៉ាត់ពីលេងពេលដេកលើក្ដាររេញ ឬយ៉ាងណា។ ខ្ញុំត្រូវរង់ចាំមើលជាក់ស្ដែង។ ខ្ញុំហ្វឹកហាត់បានល្អក្នុងការប្រកួតច្រើនជំហរ។»

កីឡាករវ័យ ២៨ ឆ្នាំមកពី Samarinda បានគូសបញ្ជាក់ថា៖ «រឿងត្រូវគិត គឺខ្ញុំត្រូវគ្រប់គ្រងឲ្យល្អពេលប្រកួតលើក្ដាររេញ។ វាជាការប្រកួតដ៏ល្អមើលរវាងអ្នកយុទ្ធដ៏អង់អាច ប៉ះអ្នកជំនាញចំបាប់។ គេនឹងដឹងអំពីការចូលចាប់របស់ខ្ញុំ ហើយខ្ញុំត្រូវការពារពេលគេប៉ងវាយបកមកវិញ។ តែខ្ញុំមិនមើលរំលងក្បាច់របស់គេនោះទេ។»

Saputra នឹងព្យាយាមបញ្ចប់ការប្រកួតដូចរូបគេធ្វើបានកាលប្រកួតលើកចុងក្រោយពេលផ្ដួល Kaji Ebin ត្រឹមតែ ១៩វិនាទី នាខែតុលា ឆ្នាំ២០១៩។ Saputra ត្រឡប់មកបង្ហាញក្បាច់ចំបាប់ដ៏ជំនាញឡើងវិញ និងសន្យាផ្ដល់ក្ដីស្រលាញ់ដល់អ្នកគាំទ្ររបស់ខ្លួនរួមទាំងនាំមោទនភាពជាតិទៀតផង។

កីឡាករជំនាញចំបាប់ដដែលគូសបញ្ជាក់៖ «ខ្ញុំទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រក្នុងស្រុក។ ក្នុងនាមជាកីឡាករចំបាប់។ ខ្ញុំបានប្រកួតក្នុងប្រទេសជាច្រើន ប៉ុន្តែការគាំទ្រច្រើនបែបនេះ គឺជារឿងថ្មីសម្រាប់ខ្ញុំ។ ខ្ញុំសប្បាយចិត្តដែលមានអ្នកលើកទឹកចិត្តច្រើន។»

កីឡាករជម្រើសជាតិឥណ្ឌូណេស៊ីសង្កត់ធ្ងន់៖ «ខ្ញុំមិនមានអ្វីជាការតបស្នង តែខ្ញុំនឹងប្រើគ្រប់វិធីក្នុងការប្រកួតដើម្បីប្រទេសរបស់ខ្ញុំ។ ខ្ញុំចង់ធ្វើបានល្អ។ ខ្ញុំសង្ឃឹមថា វាជាការប្រកួតនេះដ៏អស្ចារ្យសម្រាប់ខ្ញុំ។»

 

អត្ថបទ៖ ស៊ីធី

មតិយោបល់