ចាន់ រតនា ស្ថិតក្នុងក្រសែភ្នែកអ្នកតាមដាននៅកម្ពុជា ក្រោយមិនឃើញឡើងសង្វៀនជាង ៥ខែ

មាស សុផាណារ៉ុង January 29, 2020


 

ភ្នំពេញ៖ បើគិតទៅអស់រយៈពេលប្រមាណជា ៥ខែមកហើយ ដែលកំពូលអ្នកលេងក្បាច់គុនវាយដាក់ទ្រុងកម្ពុជា ចាន់ រតនា អវត្តមានពីសង្វៀនលំដាប់ពិភពលោក បន្ទាប់ពីឈ្នះកីឡាករជំនាញចំបាប់សញ្ជាតិគុយបា Gustavo Balart នៅក្នុងកម្មវិធី ONE:DREAMS OF GOLD កាលខែសីហា ឆ្នាំ២០១៩ ពេលរៀបចំនៅប្រទេសថៃ។

អ្នកតាមដាននៅកម្ពុជា ជាពិសេសអ្នកគាំទ្រតាមផេកផ្លូវការ ONE Championship កំពុងទន្ទឹងរង់ចាំទស្សនាការប្រកួតជាថ្មីរបស់ ចាន់ រតនា នៅឆ្នាំ២០២០ បន្ទាប់ពីរូបគេបង្កើតប្រវត្តិសាស្ត្រជូនកម្ពុជា ដោយឈ្នះរហូតដល់ ៣លើកជាប់គ្នានៅសង្វៀនកម្រិតអន្តរជាតិនេះ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ រតនា ត្រូវបានអ្នកគាំទ្រជាច្រើនពាន់នាក់ចោទជាសំណួរ ថាពេលណាឡើងសង្វៀនវិញព្រោះខាន់វ៉ៃយូរហើយ។ អ្នកគាំទ្រ និងស្រលាញ់ការវ៉ៃរបស់ រតនា បានចោទសួរផ្ទាល់ពេលកីឡាករគុនចម្រុះរូបនេះឡាយហ្វេសប៊ុក ពេលកំពុងហាត់ និងបានខមមិន ជាហូរហែផងដែរ។ ក្រៅពីនេះ តាមរយៈវិបសាយ ក្នុងស្រុកជាច្រើន រួមទាំងការបង្ហាញព័ត៌មានលើយូធូបនៅកម្ពុជា ក៏បានចោទសួរអំពីការចង់ដឹងឡើងសង្វៀនរបស់ ម្ចាស់ក្លិបសិល្បៈ រូបនេះដែរ។

បែបណាក្ដីឆ្លើយទៅនឹងចម្ងល់កន្លងមក ចាន់ រតនា ខ្លួនឯងបានបង្ហើបបែបនេះ៖ «ខ្ញុំមិនភ្លេចខ្លួនទេទោះខានវ៉ៃយូរ។ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូបង្វឹកលើជំនាញផ្សេងៗ និងហ្វឹកហាត់ជាប្រចាំ១០០% មិនឲ្យភ្លេចខ្លួនឡើយ។ ខ្ញុំរង់ចាំជានិច្ចចំពោះការវិលត្រលប់មកសង្វៀន ONE វិញនាលពេលឆាប់ៗតាមរយៈការចាប់គូនៅឆ្នាំ ២០២០ នេះ។»

ក្នុងកំណត់ត្រាប្រកួត ១០លើកកន្លងមក បុរសវ័យ ៣៣ឆ្នាំប្រកួតតំណាងឲ្យកម្ពុជាត្រូវគេចាត់ទុកថាកីឡាករល្អបំផុតខាងគុនចម្រុះ ឬ MMA របស់កម្ពុជា។ ព្រោះរូបគេអាចទទួលជ័យជម្នះរហូតដល់ ៧ដង និងចាញ់ត្រឹម៣ ដឹងប៉ុណ្ណោះ។ គេជាកីឡាករដែលឈ្នះច្រើនបំផុតនៅសង្វៀនលំដាប់ពិភពលោក ONE ជាងកីឡាករកម្ពុជាណាៗទាំងអស់។

រឿងរ៉ាវ ឬកំណត់ត្រាដែលគេចង់ចាំមិនភ្លេចបានគឺ ជ័យជម្នះ ៣លើកជាប់គ្នាចុងក្រោយនៅសង្វៀនលំដាប់ពិភពលោក ONE។ ទាំង ៣លើកនោះ គឺ ឈ្នះ Abrou Fernandes និង Rudy Agustian ដែលជាកីឡាករឥណ្ឌូណេស៊ី និងបន្តឈ្នះពិន្ទុលើ Gustavo Balart កាលពាក់កណ្ដាលខែសីហា ឆ្នាំ២០១៩ កន្លងទៅនៅប្រទេសថៃ។

ជាមួយគ្នាអំពីសំណួរចាក់ដោយរហូតមក គ្រូបង្វឹករបស់ ចាន់ រតនា សញ្ជាតិអ៊ីតាលី លោក Lorenzo បានបញ្ជាក់បែបនេះ៖ «យើងបង្វឹក រតនា អំពីការគេគេចវេសពីការប៉ងផ្ដួលរបស់គូប្រកួត និង សំងំបង្វឹកផ្នែកកម្លាំងស៊ុហ្វឲ្យល្អដើម្បីឲ្យមានការប្រកួតទាក់ទាញរហូតដល់ចប់ទឹក។ មិនចង់ឲ្យ រតនា អស់ស៊ុហ្វមុនចប់ការប្រកួតទេ។ ព្រោះយើងដឹងថាគូប្រជែងរបស់យើងនឹងខ្លាំងជាងមុនៗ។ មិនយូរទេ រតនា កំពុងរងចាំការចាប់គូ និង ត្រៀមរួចរាល់ហើយ។»

 

អត្ថបទ៖ ស៊ីធី

មតិយោបល់