លម្អិតអំពីបទពិសោធន៍ប្រកួតរវាង ខុន ស៊ីចាន់ និង Eko Roni Saputra

មាស សុផាណារ៉ុង January 28, 2020


 

ភ្នំពេញ៖ ខុន ស៊ីចាន់ ដែលជាកូនសិស្សមកពី Phnom Penh MMA ត្រូវប្រឈមនឹង កីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Eko Roni Saputra នៅថ្ងៃ ៧ ខែ កុម្ភៈ ខាងមុខ ក្នុងកម្មវិធី ONE: WARRIOR’S CODE ដែលរៀបចំនៅក្រុង ហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ អត្ថបទនេះបាននាំឲ្យមិត្តអ្នកអានស្វែងយល់អំពីកំណត់ត្រារវាងកីឡាករទាំងពីរដែលប្រកួតតំណាងឲ្យកម្ពុជា និង ឥណ្ឌូណេស៊ី លើសង្វៀនកម្រិតពិភពលោក ONE Championship។

កំណត់ត្រាគួរចងចាំរបស់ ខុន ស៊ីចាន់ នៅសង្វៀន ONE៖

ដ្បិតមិនសូវជោគជ័យមួយរយៈចុងក្រោយនេះនៅសង្វៀនកម្រិតពិភពលោក ONE ប៉ុន្តែ ខុន ស៊ីចាន់ ជាអ្នកលេងគុនចម្រុះដ៏ល្អម្នាក់នៅក្នុងប្រទេស។ ស៊ីចាន់ ជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គទី១ ឆ្នាំ ២០១៣ ដែលស៊ីកីឡាករខ្មែររាបកាលគ្រានោះក្នុងទម្ងន់ Flyweight។ ក្នុងចំណោមការប្រកួត ៥ លើកនៅសង្វៀន ONE កីឡាករមកពីឧត្តរមានជ័យ ឈ្នះតែម្ដងគត់ គឺឈ្នះ កីឡាករឥណ្ឌូណេស៊ី Riski Umar កាលខែ មីនា ឆ្នាំ ២០១៨។ ក្រៅពីនោះ ការចាញ់របស់ ស៊ីចាន់ នៅសង្វៀន ONE មានចាញ់ ស៊ឹម ប៊ុនស្រ៊ន់ កាលខែធ្នូ ឆ្នាំ ២០១៥, ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian កាលខែកុម្ភៈ ឆ្នាំ ២០១៩ និងចាញ់កីឡាករជំនាញចំបាប់មកពីឥណ្ឌា Roshan Mainam កាលខែវិច្ឆិកា ឆ្នាំ ២០១៩។ រឿងដែលសោកស្ដាយបំផុតសម្រាប់ ស៊ីចាន់ គឺ ចាញ់សន្លប់ក្រោមក្បាច់ឃ្លេរបស់ Rudy Agustian និង Roshan Mainam ត្រឹមទឹកទី១ ដូចគ្នា។

យ៉ាងណាក្ដី បើសរុបជាទូទៅ កីឡាករវ័យ ៣២ ឆ្នាំរូបនេះឈ្នះ ៣លើកក្នុងការឡើងសង្វៀនប្រកួតគុនចម្រុះ ៨ លើកកន្លងមកក្នុងអាជីព។ មុនពេលជួបគ្នាលើសង្វៀន ខុន ស៊ីចាន់ បានស្រាវជ្រាវវីដេអូអំពីគូប្រកួតដើម្បីទស្សនារួចហើយ។ ស៊ីចាន់ បញ្ជាក់៖ «លើកនេះខ្ញុំសង្ឃឹមឈ្នះច្រើន ព្រោះ Eko Roni មានក្បាច់ឃ្លេនៅអន់មិនដូច Rudy និង Mainam ដែលខ្ញុំជួបកន្លងទៅឡើយ។»

Eko Roni Saputra ជាម្ចាស់ជើងឯកចំបាប់ថ្នាក់ជាតិ៖

បើក្រឡេកមើលរាងរ៉ូវ មិនមែនធម្មតានោះឡើយព្រោះសាច់របស់ Eko Roni ណែនល្អណាស់។ មិនខុសនោះទេ រូបគេជាអ្នកហាត់ជំនាញផ្នែកចំបាប់ និងជាកីឡាករជម្រើសជាតិឥណ្ឌូណេស៊ីផ្នែកចំបាប់ដែលចូលរួមប្រកួតនៅស៊ីហ្គេមទៀតផង។ គេធ្លាប់ឈ្នះមេដាយប្រាក់ក្នុងវិញ្ញាសាចំបាប់ឆ្នាំ ២០១៣ នៅស៊ីហ្គេម ជូនឥណ្ឌូណេស៊ីទៀតផង។ ហើយ Eko Roni Saputra គឺជាម្ចាស់ជើងឯកច្រើនសម័យកាលក្នុងការប្រកួតជើងឯកចំបាប់ថ្នាក់ជាតិ Indonesian National Wrestling Champion។ បែបណាក្ដី Eko Roni មានបទពិសោធន៍ប្រកួតនៅ ONE Championship ត្រឹម ២ ដងប៉ុណ្ណោះ។ កីឡាករមកពីក្លិប Evolve MMA ឈ្នះ ១ ដង និង ចាញ់ ១ដង។ Eko Roni ចាញ់ Nico Soe កាលខែ មេសា ឆ្នាំ ២០១៩ មុនពេលឈ្នះ កីឡាករហ្វីលីពីន Kaji Ebin កាលខែតុលា ឆ្នាំ ២០១៩។

មុនប្រឈមមុខដាក់ ស៊ីចាន់ ម្ចាស់ជើងឯកចំបាប់មកពីឥណ្ឌូណេស៊ីតាំងចិត្តបែបនេះ៖ «ខ្ញុំផ្ដោតលើការប្រកួត និង ត្រូវប្រើល្បឿនលឿន។ ខ្ញុំមើលស្ថានការណ៍លើសង្វៀនជាមុនសិន។ បើអាចខ្ញុំនឹងផ្ដួលគូប្រកួតឲ្យលឿនកាន់តែល្អ។ ខ្ញុំមិនចង់ធ្វើឲ្យអ្នកគាំទ្រនៅឥណ្ឌូណេស៊ីខកចិត្តទេ។»

Saputra បានហ្វឹកហាត់ខ្លាំងក្លាតាំងពីខែតុលាមកនៅក្លិប Evolve នាប្រទេសសិង្ហបុរីដើម្បីសំលៀងក្បាច់ជឺជិតស៊ូ និង ប្រដាល់របស់ខ្លួនក្នុងគោលបំណងចង់ឈ្នះ ខុន ស៊ីចាន់។ Saputra រំលឹកថា៖ «ស៊ីចាន់ ពូកែខាងប្រយុទ្ធ ជាពិសេសការប្រើកែង និង ម៉ាត់ដៃសុទ្ធតែគ្រោះថ្នាក់។ ខ្ញុំដុះខាត់ជំនាញចាប់ផ្ដួលលើក្ដាររេញ។ ខ្ញុំគិតថា ខ្ញុំអាចធ្វើបានល្អនៅពេលប្រើជំហរដេកព្រោះខ្ញុំមានជំនាញខាងចំបាប់ស្រាប់ទៅហើយ។»

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់