ខុន ស៊ីចាន់ ស្ថិតក្នុងភ្នែកអ្នកគាំទ្រនៅក្នុងកម្មវិធី ONE: WARRIOR’S CODE

មាស សុផាណារ៉ុង January 27, 2020


 

ភ្នំពេញ៖ អ្នកគាំទ្រជាច្រើនបានដាក់ជាសំណួរលើ ខុន ស៊ីចាន់ ទៅប្រកួតចាញ់ញឹកញាប់ពោលមិនទទួលបានលទ្ធផលល្អជាពិសេសអ្នកតាមដានព្រឹត្តិការណ៍ប្រកួតដែលរៀបចំដោយសង្វៀនអន្តរជាតិ ONE Championship។ តាមរយៈទំព័រផ្លូវការរបស់ ONE Championship ខុន ស៊ីចាន់ ត្រូវបានគាំទ្រខ្មែរជាច្រើនពាន់នាក់លើកឡើងថា គ្រាន់តែឃើញដឹងតែចាញ់ ឬ គ្រាន់តែទៅប្រកួត គឺ អត់សង្ឃឹមឈ្នះជាដើម។ តើ ខុន ស៊ីចាន់ អាចនឹងវិលមករកជ័យជម្នះដើម្បីបន្សាបការរិះគន់បាន ឬ យ៉ាងណា?

អ្នកលេងគុនចម្រុះមកពីឧត្តរមានជ័យ កាច់ក្បាលឆ្នាំ២០២០ ដោយប៉ះកីឡាករជម្រើសជាតិឥណ្ឌូណេស៊ីផ្នែកចំបាប់ Eko Roni Saputra នៅថ្ងៃទី០៧ ខែកុម្ភៈ ក្នុងកម្មវិធី ONE: WARRIOR’S CODE ដែលរៀបចំនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

យ៉ាងណាក្ដីមុនការប្រកួតចាប់ផ្ដើម ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge ឆ្នាំ២០១៣ បានឲ្យដឹងថា៖ «ខ្ញុំគិតថា ខ្ញុំអាចធ្វើល្អជាងមុន។ ខ្ញុំទទួលស្គាល់ថាកាលឆ្នាំ ២០១៩ ខ្ញុំធ្វើមិនបានល្អសោះ។ វាជាកីឡា ប៉ុន្តែ យើងមិនអាចដោះសារទេ។ ពេលគេខ្លាំងជាងយើង គឺ គេឈ្នះហើយ។ យើងចាញ់ក្បាច់ឃ្លេរបស់គេ។ តែពេលនេះខ្ញុំបានហាត់យ៉ាងល្អប្រសើរ។ ឯ Eko Roni ក៏ទើបឡើងសង្វៀនបាន ២ ដងដែរ មិនដូចកីឡាករមុនៗទេ។ ដូច្នេះខ្ញុំសង្ឃឹមលទ្ធផលឈ្នះមិនដូចការប្រកួតមុនៗនោះទេ។»

ក្នុងការឡើងសង្វៀន ONE ៥លើកចុងក្រោយកន្លងមក កូនសិស្សលោក Alan Mccune មកពីក្លិប Phnom Penh MMA ឈ្នះតែម្ដងគត់។ ជ័យជម្នះម្ដងនោះគឺ ឈ្នះ កីឡាករឥណ្ឌូណេស៊ី Riski Umar កាលខែមីនា ឆ្នាំ២០១៨។ ចំណែកលទ្ធផលចាញ់ ៤លើក នោះគឺ ចាញ់មិត្តរួមជាតិ ស៊ឹម ប៊ុនស្រន ឆ្នាំ២០១៥ ពេលរៀបចំនៅកម្ពុជា, ចាញ់កីឡាករថៃ Yodsanan Sityodtong កាលខែឧសភា ឆ្នាំ២០១៦, ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian កាលខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងកម្មវិធី ONE : CALL TO GREATNESS និងចាញ់ កីឡាករឥណ្ឌាកាលខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកម្មវិធី ONE:MASTER OF FATE កន្លងទៅ។

ប៉ុន្តែពេលនេះ ខុន ស៊ីចាន់ បញ្ជាក់អំពីភាពតឹងរ៉ឹងនៃការហ្វឹកហាត់ដើម្បីកែខៃលទ្ធផលឲ្យបានល្អប្រសើរឡើងវិញ និងយកជ័យជម្នះជូនអ្នកគាំទ្រនៅកម្ពុជា។ ស៊ីចាន់ បានសង្កត់ធ្ងន់៖ «ខ្ញុំបានមើលវីដេអូរបស់ Eko Roni ហើយ។ គេនៅស្ទើរឃ្លេដែរ និងមិនដូចកីឡាករដែលខ្ញុំធ្លាប់វ៉ៃពីមុនទេ។ អ្វីដែលគេខ្លាំងនោះ គឺ ការចាប់បោក ព្រោះគេជំនាញចំបាប់ និងជាកីឡាករជម្រើសជាតិឥណ្ឌូណេស៊ី។ ប៉ុន្តែ ខ្ញុំសង្ឃឹមឈ្នះ។»

Eko Roni

Eko Roni Saputra គឺជាម្ចាស់ជើងឯកចំបាប់ថ្នាក់ជាតិ Indonesian National Wrestling Champion។ កូនសិស្សមកពីក្លិប Evolve MMA ឡើងសង្វៀន ONE បានពីរដងពោល ឈ្នះ ១ ដង និង ចាញ់ ១ដង។ Eko Roni ចាញ់ Nico Soe កាលខែ មេសា ឆ្នាំ ២០១៩ មុនពេលឈ្នះ កីឡាករហ្វីលីពីន Kaji Ebin កាលខែតុលា ឆ្នាំ ២០១៩។

ឆ្លងតាមការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ គ្រូបង្វឹក Alan Mccune បានថ្លែងយ៉ាងជឿជាក់ថា លោកបានដាក់កម្មវិធីហ្វឹកហាត់ល្អៗ និង មានដៃគូឡាំគ្នាចូលរួមសហការជាច្រើនទាំងក្នុងស្រុករួមទាំងអន្តរជាតិ។ លោក Alan រំពឹងថាលទ្ធផលមិនដូចមុនៗទេ តាមរយៈការបង្វឹករបស់លោក Fernando Salvador កម្រិតខ្សែក្រវាត់ខ្មៅជឺជិតស៊ី ៣ ដាន់ បូកទាំងដៃគូជាមួយសមរាល់ថ្ងៃផង។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅ ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube, និង ONE Super App៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់