សហព័ន្ធប្រដាល់គុនខ្មែរ គ្រោងធ្វើវិសោធនកម្មបទបញ្ជាប្រកួត ពាក់ព័ន្ធករណីដួលហើយវាយបន្ថែម

មាស សុផាណារ៉ុង January 22, 2020


 

ភ្នំពេញ៖ បន្ទាប់ពីមានការឆ្លៀតឱកាសខ្លះៗពីអ្នកប្រដាល់ក្នុងការវាយបន្ថែមគូប្រកួត ឬគូប្រកួតបន្លំធ្វើជាសន្លប់ ក្នុងករណីដួលហើយវាយបន្ថែមនោះ សហព័ន្ធប្រដាល់គុនខ្មែរ សម្រេចចិត្តធ្វើការកែលម្អលើបទបញ្ជាប្រកួតរបស់ខ្លួនជុំវិញនេះ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរមានប្រសាសន៍ថា៖ «យើងមិនអាចបំពាក់ខ្សែក្រវាត់ ឲ្យអ្នកដែលសន្លប់បានទេ ហើយក៏យើងមិនអាចបំពាក់ខ្សែក្រវាត់ឲ្យអ្នកដែលវាយបន្ថែមគេបានដែរ។ ការប្រកួតត្រូវតែស្ថិត លើគោលការណ៍ Fair-Play គឺអ្នកឈ្នះត្រូវតែសក្តិសមជាអ្នកឈ្នះ ឯអ្នកចាញ់គឺត្រូវតែទទួលយកការពិត។»

ប្រមុខប្រដាល់គុនខ្មែររូបនេះបន្តថា សហព័ន្ធធ្វើការកែសម្រួលតែបន្តិចបន្តួចប៉ុណ្ណោះ ប្រសិនបើនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រមានករណីវាយបន្ថែមលើគូប្រកួតនោះការប្រកួតនេះត្រូវតែទុកជាមោឃៈដោយមិនមានការប្រកាសលទ្ធផលឡើយ។

គណៈកម្មការរៀបចំការប្រកួតនឹងលើកគូនេះទោធ្វើការប្រកួតនៅពេលក្រោយដើម្បីរកលទ្ធផលមួយដែលសក្តិសម និងមានភាពយុត្តិធម៌ និយាយឲ្យចំសហព័ន្ធមិនអាចបំពាក់ខ្សែក្រវាត់ឲ្យអ្នកសន្លប់ ហើយក៏មិនអាចបំពាក់ខ្សែក្រវាត់ឲ្យដល់អ្នកដែលបំពានគេបានដែរ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់