ស្ងាត់ឡើងសង្វៀន ONE Championship តើ ចាន់ រតនា យ៉ាងណាហើយ?

មាស សុផាណារ៉ុង January 22, 2020


 

ភ្នំពេញ៖ តាំងពីឈ្នះពិន្ទុលើកីឡាករជំនាញចំបាប់របស់គុយបា Gustavo Balart នៅក្នុងកម្មវិធី ONE:DREAMS OF GOLD កាលពីខែសីហា អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា កំពុងសំងំហ្វឹកហាត់យ៉ាងខ្លាំងក្លាហើយត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលការប្រកួតនៅឆ្នាំ ២០២០ នេះ។

ជាមួយគ្នានេះលោក Lorenzo Lanzafame គ្រូបង្វឹកផ្ទាល់ផ្នែកកម្លាំង និងរបបអាហារបានរៀបរាប់លម្អិតអំពីស្ថានភាពរបស់កូនសិស្សដូចខាងក្រោម។

លោក Lorenzo បានឲ្យដឹងបែបនេះ៖ «ចាន់ រតនា កំពុងធ្វើការខ្លាំងក្លាដើម្បីត្រលប់មកសង្វៀនវិញ បន្ទាប់ពីខកខានបង្ហាញខ្លួនរយៈពេល ៥ ខែមកនេះ។ យើងបានត្រៀមខ្លួនសម្រាប់ការប្រកួតជាថ្មីនៅ ONE។»

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីសង្កត់ធ្ងន់៖ «យើងបង្វឹក រតនា អំពីការប្រកួតក្នុងជំហរដេកដើម្បីឲ្យគេគេចវេសពីការប៉ងផ្ដួលរបស់គូបដិបក្ខ។ ចំណែក លោក ខូវ វិឌ្ឍនា កំពុងបង្ហាត់ក្បាច់ជឺជិតស៊ូ ដល់រតនា ឲ្យកាន់តែស្ទាត់ជំនាញ។ ការបង្វឹករបស់យើង គឺ លៃយ៉ាងណាឲ្យ រតនា មានកម្លាំងស៊ុហ្វល្អជាងការប្រកួតមុនៗ និង ប្រកួតរហូតដល់ទឹកចុងក្រោយ។»

ស្ថិតក្នុងវ័យ ៣៣ឆ្នាំ ចាន់ រតនា មានកំណត់ត្រាប្រកួតអាជីពលើសង្វៀនគុនចម្រុះបានចំនួន ១០លើក ក្នុងនោះឈ្នះ ៧លើក និងចាញ់ ៣លើក។ អ្វីដែលបំបែកកំណត់ត្រាល្អបំផុតជាងកីឡាករខ្មែរផ្សេងទៀតគឺ ឈ្នះ ៣លើកចុងក្រោយនៅសង្វៀនលំដាប់ពិភពលោក ONE។ ទាំង ៣លើកនោះ គឺ ឈ្នះ Abrou Fernandes និង Rudy Agustian ដែលជាកីឡាករឥណ្ឌូណេស៊ី និងបន្តឈ្នះពិន្ទុលើ Gustavo Balart កាលពាក់កណ្ដាលខែសីហា ឆ្នាំ២០១៩ កន្លងទៅនៅប្រទេសថៃ។

គ្រូបង្វឹកជំនាញផ្នែកកម្លាំងខាងលើជឿជាក់ថា គូប្រកួតរបស់ ចាន់ រតនា ដែលត្រូវប៉ះនៅ ONE នាពេលខាងមុខច្បាស់ជាខ្លាំងជាងការប្រកួតកន្លងទៅមិនខាន។ ដូច្នេះ រតនា ត្រូវហាត់ជាប្រចាំរាល់ថ្ងៃមិនអាចប្រហែសបានទេ ហើយការប្រកួតនឹងមកដល់នាពេលឆាប់ៗខាងមុខ។ កន្លងទៅថ្មីៗនេះ ចាន់ រតនា ក៏បានបង្ហើបថារូបគេហ្វឹកហាត់ទ្វេដងព្រោះគូប្រកួតមិនមែនប្រហែលៗមុននោះឡើយ។ រតនា បញ្ជាក់៖ «ខ្ញុំខំប្រឹងខ្លាំងជាងមុនលើសពី១០០ % ជាប្រចាំថ្ងៃ ទោះមិនទាន់មានដំណឹងថាឡើងប្រកួតនៅសង្វៀន ONE Championship នាពេលណាក៏ដោយ»។

លោក Lorenzo រំលឹកថា ចាន់ រតនា ជាឧទាហរណ៍មួយដ៏ល្អសម្រាប់កីឡាករទាំងអស់ក្នុងស្រុកព្រោះរូបគេធ្វើការងារខ្លាំងក្លា និងលះបង់ខ្ពស់ដើម្បីទទួលបានលទ្ធផលល្អ។ ក្នុងនោះក្រុមការងារមកពី LLFitness និង ក្លិបជីជិតស៊ូ H/Art academy ក៏បានប្រឹងប្រែងដើម្បីធ្វើឲ្យ រតនា ក្លាយជាកីឡាករកំពូលប្រចាំប្រទេស និងមានកម្រិតអន្តរជាតិ។

ចាន់ រតនា មានគ្រូបង្វឹកផ្ទាល់ខ្លួនជាច្រើនដូចជាគ្រូបង្វឹក Lorenzo Lanzafame បង្ហាត់បច្ចេកទេស និងគ្រប់គ្រងកម្លាំងរួមទាំងរបបអាហារ, គ្រូ ខូវ វិវឌ្ឍនា បង្ហាត់ក្បាច់ជឺជិតស៊ូ ចំបាប់ និង MMA, គ្រូបង្វឹក Rolando ជនជាតិគុយបា បង្វឹកផ្នែកប្រដាល់សកល, គ្រូបង្វឹក Sov បង្វឹកភាពអំណត់ និង គ្រូបង្វឹក Jeppe បង្ហាត់ផ្នែកចលនាសរសៃនិងម៉ាស្សា៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់