គ្រូបង្វឹកប្រដាល់សកល ១០នាក់ ទទួលនិទ្ទេសល្អក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល

មាស សុផាណារ៉ុង January 13, 2020


 

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រដាល់សកល កម្រិតមូលដ្ឋាន ដែលបានបើករយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមករា ឆ្នាម២០២០ បានបញ្ចប់ហើយ ដោយក្នុងចំណោមសិក្ខាកាមចំនួន ២៧នាក់ មានគ្រូបង្វឹកចំនួន ១០នាក់ ដែលទទួលបាននិទ្ទេសល្អ។

លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានកីឡាប្រដាល់សកលជាផ្លូវការ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈវគ្គនេះ ស្ថិតក្រោមជំនួយថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា។

លោក ប៊ុយ សុភណ្ឌ អគ្គលេខាធិការនៃសហព័ន្ធបាននិយាយថា វគ្គនេះមានសិក្ខាកាមចូលរួម សរុប ២៧រូប ជាគ្រូបង្វឹកនៅតាមបណ្តាក្លឹបកីឡាប្រដាល់សកលនៅរាជធានីភ្នំពេញ, ខេត្តកំពង់ឆ្នាំង និងខេត្តកំពត ហើយវគ្គបណ្តុះបណ្តាលនេះបង្រៀនដោយ លោក វ៉ែន សុផល គ្រូបង្វឹកជម្រើសជាតិប្រដាល់សកល ដោយបង្រៀនផ្នែកបច្ចេកទេសនៃការបង្វឹកហាត់។

ចំណែកលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បង្រៀនលើក្រមសីលធម៌សម្រាប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី លោកវេជ្ជបណ្ឌិត មាស វុឌ្ឍី អនុប្រធានសហព័ន្ធ បង្រៀនលើផ្នែកអាហាររូបត្ថម្ភសម្រាប់កីឡាប្រដាល់សកល។

លោកអគ្គលេខាធិការបានបន្តថា បន្ទាប់ពីឆ្លងកាត់ការសិក្សារយៈពេល ៤ថ្ងៃ សិក្ខាកាមទទួលនិទ្ទេសរួមមាន និទ្ទេសល្អ ១០នាក់ និទ្ទេសមធ្យម ១៥រូប និងនិទ្ទេសខ្សោយ ២រូប។

តាមការសន្និដ្ឋានជារួម សិក្ខាកាមទាំង អស់បានបង្ហាញស្មារតីចូលរួមសិក្សាយ៉ាងផុលផុស និងបានស្វែងយល់ពីបទបញ្ជាបច្ចេកទេសហ្វឹកហាត់កីឡាប្រដាល់សកល ការរៀបចំកម្មវិធីហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ ការអនុវត្តផ្ទាល់ស្តីពីវិធីសាស្រ្តបង្វឹក យល់ដឹងច្បាស់ពីក្រមសីលធម៌ក្នុងនាមជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនី៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថ​បទ៖ វ៉ាន្នី

មតិយោបល់