កម្ពុជា-ថៃ ប្រជែងគ្នាដណ្ដើមទឹកប្រាក់ ១ម៉ឺនដុល្លារ និងខ្សែក្រវាត់មាស នៅ PNN

មាស សុផាណារ៉ុង January 8, 2020


 

ភ្នំពេញ៖ នេះជាលើកទី២ ហើយដែលស្ថានីយ៍ទូរទស្សន៍ភីអិនអិន ( PNN ) បានសហការជាមួយនឹង ក្រុមហ៊ុន ISI STEEL ដែលជាដៃគូឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីប្រដាល់របស់ខ្លួន បង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួត ISI PALM-ISI PIPE ដែលមានទឹកប្រាក់ខ្ពស់ ជាងស្ថានីយ៍ទូរទស្សន៍ផ្សេងៗនៅក្នុងស្រុក។ ខណៈដែលការប្រកួតនេះ បានដំណើរការប្រកួតជាផ្លូវកាលហើយកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

អធិរាជគុនខ្មែរ ISI PALM- ISI PIPE ជាកម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍បំផុតនិងប្រកបដោយការលើកទឹកចិត្តក្រៃលែងដល់កីឡាករគុនខ្មែរនិងជួយលើកស្ទួយមុខមាត់គុនខ្មែរយ៉ាងពិសេស តាមរយៈប្រាក់រង្វាន់ ៤០លានរៀល ( ១០,០០០ដុល្លារអាមេរិក ) សម្រាប់ផ្ដល់ជូនម្ចាស់ខ្សែក្រវាត់មាស និង ៤លានរៀលសម្រាប់ម្ចាស់ខ្សែក្រវាត់ប្រាក់ ទាំង៤ក្នុងវគ្គជម្រុះ។

វគ្គជម្រុះជុំទី១ បានចាប់ផ្ដើមតាំពីថ្ងៃទី៥ ខែមករា រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ វគ្គដណ្ដើមខ្សែក្រវាត់ប្រាក់ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែមីនារហូតដល់ថ្ងៃទី០៥ ខែមេសា។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស នឹងធ្វើនៅសប្ដាហ៍ថ្ងៃទី០៣ និង១០ ខែឧសភា ហើយវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់មាស គឺនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

លោក តុប សុខា ប្រធានផ្នែកលក់របស់ក្រុមហ៊ុន ISI Steel ដែលជាដៃគូឧបត្ថម្ភផ្តាច់មុខក្នុងការប្រកួតនេះថ្លែងថា៖ «ការបន្តឧបត្ថម្ភលើព្រឹត្តិការណ៍នេះគឺក្រុមហ៊ុនយើងមានបំណងចូលរួមលើកស្ទួយ និងលើកតម្កើងប្រដាល់គុនខ្មែរឲ្យកាន់តែមានការរីកចម្រើន ហើយតាមរយៈការប្រកួតនេះ វានឹងផ្តល់ឱកាសឲ្យកីឡាករកម្ពុជាបានប្រកួតប្រជែងគ្នា ក្នុងការដុសខាត់គុណភាពប្រកួតរបស់ពួកគេឲ្យកាន់តែប្រសើរ ដើម្បីត្រៀមចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣»។

ជាមួយគ្នានេះដែរ អ្នកគ្រប់គ្រងកីឡាប្រចាំនៅ PNN លោក ស្រ៊ឺ ស្រេង ឱ្យដឹងថា៖ «កាលរដូវកាលមុន ក្នុង ១ ខែយើងប្រកួតយកអ្នកឈ្នះខ្សែក្រវាត់ប្រាក់ ១ នាក់តែលើកនេះយើងយកអ្នកឈ្នះនៅក្នុងវគ្គ ១៦ នាក់ទាំង ៨ នាក់នេះមកចាប់ឆ្នោតវិញ រួចទើបប្រកួតរកអ្នកឈ្នះខ្សែក្រវាត់ប្រាក់ទាំង ៤ នាក់ត្រូវឡើងទៅដណ្តើមខ្សែក្រវាត់មាស ប៉ុន្តែក្នុងវគ្គនេះកីឡាករកម្ពុជាមិនអាចជួបគ្នាទេ បើសិនជាមានកីឡាករថៃ បានឡើងមកដល់វគ្គនេះដែរ គឺយើងត្រូវចាប់ឲ្យកីឡាករកម្ពុជា ប៉ះថៃ ជាមុនសិន»។

នៅព្រឹកថ្ងៃអាទិត្យទី៥ ខែមករា ឆ្នាំ២០២០ ស្ថានីយទូរទស្សន៍ភីអិនអិន និងក្រុមហ៊ុន ISI STEEL ដែលជាដៃគូឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីប្រដាល់របស់ខ្លួន បានធ្វើសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការអំពីយុទ្ធនាការដណ្ដើមខ្សែក្រវាត់មាសរដូវកាលថ្មី ទម្ងន់៥៧គីឡូក្រាម អមដោយការប្រកាសឈ្មោះកម្មវិធីថ្មី «ISI PALM-ISI PIPE» ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, លោក ស្រ៊ឺ ស្រេង (សំណព្វ) ប្រធានផ្នែកកីឡាភីអិនអិន, លោក តុប សុខា ប្រធានផ្នែកលក់ ក្រុមហ៊ុនអាយ អេស អាយ ស្ទៀល, លោក ម៉ិល កាដូ តំណាងក្រសួងអប់រំយុវជននិងកីឡា, លោកគ្រូ អ្នកគ្រូតំណាងក្លិប កីឡាករ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូប។

គួរំលឹកផងដែរថា ការប្រកួតបើកឆាកកាលពីថ្ងៃអាទិត្យ ម៉ន សាម៉េត បានធ្លាក់ចេញពីការប្រកួតនេះមុនគេ ក្រោយចាញ់ពិន្ទុ ថៃ Khom Pichit នោះ ចំណែកវ៉ាន់ វឿន, ពេជ្រ ម្ទេសខ្មាំង, អេ ណារ័ត្ន, លាភ រដ្ឋា, ប៊ុន សុធា, អេលីត ចំរើន និង ឃួន ឡាំងកូស៊ីន នឹងត្រូវប្រកួតជម្រុះជាបន្តបន្ទាប់ជាមួយថៃ Khom Pyak, Phai Ngin, Petch Chhomphon, Kam Laiyok, Chai Pahen, Na Konloung និង Pyak Ensee ដើម្បីរកអ្នកឈ្នះ ៧ នាក់ទៀត ឡើងវគ្គ ៨ នាក់ចុងក្រោយ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់