សំ ថារ័ត្ន ប្រាប់អំពីបទពិសោធន៍ឆ្នាំ២០១៩ និងបង្ហាញផ្លូវឆ្នាំ ២០២០

មាស សុផាណារ៉ុង December 30, 2019


 

ភ្នំពេញ៖ កីឡាការិនីល្បុក្កតោវ័យ២៩ ឆ្នាំបានប្រាប់អំពីបទពិសោធន៍នៅឆ្នាំ ២០១៩ ថាជាឆ្នាំដ៏ល្អ និង គួរឲ្យចងចាំបំផុត មុនពេលបង្ហាញផ្លូវរបស់ខ្លួនត្រូវធ្វើនៅឆ្នាំ២០២០ខាងមុខ។

ឆ្នាំ ២០១៩ ៖

សំ ថារ័ត្ន ថ្លែងថា៖«២០១៩ ជាឆ្នាំដ៏ល្អពេលត្រូវបានការអញ្ជើញទៅផ្សព្វផ្សាយម្ដងទៀតស្ដីពីខ្សែភាពយន្តឯកសារនៃការរស់ឡើងវិញរបស់ក្បាច់គុនល្បុក្កតោ។ ក្នុងឱកាសនោះ បងប្អូនខ្មែរនៅអាមេរិកសរសើរ , ចង់ឲ្យកូនខ្មែរហាត់ល្បុក្កតោ, និង ចង់ឲ្យកូនខ្មែររៀនភាសាខ្មែរក្រោយឃើញវប្បធម៌ដ៏ផូរផង់នេះបន្ទាប់ពីពួកគេកើតមករៀនតែវប្បធម៌បរទេសក្រៅពីនៅក្នុងផ្ទះ»។ រឿងសប្បាយចិត្តមួយទៀត គឺ ជាជោគជ័យនៅក្នុងការថតកុនរបស់ ថារ័ត្ន ហើយ វាពិតជាល្អដែលរឿងភាគនោះថតចប់មុនប្រកួតស៊ីហ្គេមរយៈពេលជាងមួយខែ ពោលថតចប់កិច្ចសន្យា។

រឿងដែលគួរឲ្យចងចាំមួយទៀត គឺ ការចូលរួមប្រកួតនៅស៊ីហ្គេមឆ្នាំ ២០១៩ កាលដើមខែ ធ្នូ ព្រោះជាការចូលរួមប្រកួតលើកដំបូងដោយមិនមានការរំពឹងទុក។ កីឡាការិនីវ័យ ២៩ ឆ្នាំ រំលឹកបែបនេះ៖ «វាលើសពីការរំពឹងទុក ពេលខ្ញុំបានចូលរួមប្រកួតស៊ីហ្គេមតំណាងឲ្យជាតិ។ ខ្ញុំសប្បាយចិត្តពេលត្រូវបានជ្រើសរើសពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ទោះខ្ញុំអត់បានមេដាយ អត់ជោគជ័យ តែវាជាបរាជ័យដោយកិត្តិយស។ ដោយសារខ្ញុំប៉ះម្ចាស់មេដាយមាស ៧ ជំនាន់របស់វៀតណាម ហើយគេក៏ឈ្នះមេដាយមាសលើកទី៨ដែរ មិនមែនកីឡាការិនីអន់នោះទេ។ បើនិយាយទៅ ខ្ញុំមិនអាចដំឡើងគីឡូឲ្យដល់ ៥៤ គីឡូក្រាមទេ ព្រោះខ្ញុំបានត្រឹម ៥១ គីឡូប៉ុណ្ណោះ។ យ៉ាងណាខ្ញុំចាញ់ដោយកិត្តិយស និង អស់ចិត្តហើយមើលទៅល្អមើលដែរ»។

សិស្សគុនល្បុក្កតោបានគូសបញ្ជាក់ថា រឿងល្អក៏មានច្រើន និង រឿងអត់ល្អក៏មានច្រើនដែរ ប៉ុន្តែរឿងខាងលើសុទ្ធតែជាជម្រើសល្អៗគួរឲ្យកត់សម្គាល់និង ជាបទពិសោធន៍ជីវិតនៅឆ្នាំ ២០១៩។

ការតាំងចិត្តឆ្នាំ ២០២០៖

សំ ថារ័ត្ន បានបង្ហើបអំពីការតាំងចិត្តថា ឆ្នាំ២០២០យ៉ាងដូច្នេះ៖«គេទាក់ទងឲ្យឡើងប្រកួតនៅថៃជារឿយៗដែរពេលចប់ស៊ីហ្គេមនាពេលថ្មីៗប៉ុន្តែ ខ្ញុំចង់សម្រាកមួយរយៈសិន។ ខ្ញុំមិនទាន់មានគោលដៅធំធេងទេ ប៉ុន្តែ បើសិនមានឱកាសឡើងសង្វៀនទៀត ក៏ប្រកួតដែរទៅឆ្នាំថ្មី។ ម្យ៉ាងទៀត ក៏មិនចោលដែរ បើមានឱកាសថតកុនក៏នៅតែថត។ រឿងផ្សេងទៀត ខ្ញុំចង់ចូលធ្វើការងាររដ្ឋ ហើយខ្ញុំបានដាក់ពាក្យប្រឡងក្របខ័ណ្ឌមួយដែរ»។ ដំណឹងល្អផ្សេងទៀត នៅឆ្នាំ ២០២០ គឺ ថារ័ត្ន អាចនឹងធ្វើដំណើរទៅប្រទេសមួយចំនួនទៀតដែលមានខ្មែររស់នៅដើម្បីផ្សព្វផ្សាយភាពយន្តឯកសារ «ការរស់ឡើងវិញរបស់ក្បាច់គុនល្បុក្កតោ» ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ខ្មែរទៀតផង។

គួរដឹងដែរថា សំ ថារ័ត្ន ធ្លាប់វ៉ៃក្នុងព្រឹត្តិការណ៍គុនចម្រុះចំនួន ៦ លើកដោយក្នុងនោះ ឈ្នះ ៤ លើក និង ចាញ់ ចំនួន ២ លើក។ ចំណែកការប្រកួតចំនួន៣ លើកនៅសង្វៀន ONE Championship កលឆ្នាំ ២០១៤ និង ២០១៥ សំ ថារ័ត្ន ឈ្នះ ១ លើក និង ចាញ់ ២លើក។ ថារ័ត្ន បានផ្អាកឡើងទៅប្រកួតនៅសង្វៀនអាជីព តាំងពីចុងឆ្នាំ ២០១៧ បន្ទាប់ពីឈ្នះកីឡាការិនីថៃ Kaewjai Prachumwong នៅសង្វៀនមួយនៅប្រទេសថៃ។

 

អត្ថបទ និងរូបភាព៖ ស៊ីធី

មតិយោបល់