២០២០ ជាឆ្នាំកីឡាករជំនាញទាត់ជើងឆ្វេង គង់ សំបូរ ទន្ទឹងរង់ចាំ

មាស សុផាណារ៉ុង December 24, 2019


 

ភ្នំពេញ៖ គង់ សំបូរ ជាកីឡាករប្រដាល់ម្នាក់គួរឲ្យកត់សម្គាល់តាមរយៈការប្រកួតមួយក្នុងឆ្នាំ២០១៩ នេះ បន្ទាប់ពីរូបគេផ្អាកការប្រកួតជិត ២ឆ្នាំ មុនផ្លាស់ទៅក្លិបគុហារព្រហ្មជ័យនៃខេត្តសៀមរាប។

ពេលបង្ហាញខ្លួនជាបន្តបន្ទាប់នៅសង្វៀនក្នុងស្រុកជាច្រើន, សង្វៀននៅថៃ និងសង្វៀនអន្តរជាតិ ONE Championship គង់ សំបូរ ដាក់ចិត្តដាក់កាយបន្តពង្រឹងស្មារតី និង ការតាំងចិត្តកាន់តែខ្លាំងដើម្បីប្រកួតខ្សែក្រវាត់ និងប្រកួតអន្តរជាតិនានានៅឆ្នាំ ២០២០។

  • ការតាំងចិត្តរបស់ គង់ សំបូរ នៅឆ្នាំ ២០២០៖

កីឡាករដែលជំនាញទាត់ជើងឆ្វេង គង់ សំបូរ បានបង្ហើបបែបនេះ៖ «នៅឆ្នាំ២០២០ ខ្ញុំដាក់គោលដៅហ្វឹកហាត់ឲ្យបានខ្លាំងជាងមុន ព្រោះខ្ញុំដឹងថាមានកម្មវិធីប្រកួតដ៏ធំ។ ខ្ញុំនឹងសុំគ្រូចាប់ឲ្យគូប្រកួតឲ្យបានច្រើន ព្រោះការប្រកួតច្រើនធ្វើឲ្យរហ័សរហួន ហើយមួយវិញទៀត ខ្ញុំក៏បានឮដំណឹងទៀតថា ខ្ញុំនឹងប្រកួតដណ្ដើមខ្សែក្រវាត់នៅដើមឆ្នាំ ២០២០។ ខ្ញុំដាក់គោលដៅយកខ្សែក្រវាត់ និងទៅប្រកួតនៅក្រៅប្រទេស ហើយក៏ចង់ឲ្យសង្វៀន ONE Championship មើលឃើញខ្ញុំម្ដងទៀតដែរ។»

កីឡាករវ័យ ២៣ឆ្នាំដែលប្រកួតចាញ់ពិន្ទុជើងខ្លាំងចិន Zhang Chenlong នៅសង្វៀន ONE កាលខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី បានរៀបរាប់ទៀតថា ឆ្នាំ២០១៩ ជិតផុតទៅហើយ ហើយក៏បន្សល់ទុកការឈឺចាប់ និងរឿងល្អៗជាច្រើនដែរ។ ដូច្នេះឆ្នាំ ២០២០ ដែលខិតជិតចូលមកដល់ជាឆ្នាំថ្មីមួយសម្រាប់ សំបូរ រួមទាំងការតាំងចិត្តថ្មី ជាពិសេសរូបគេប៉ងដណ្ដើមយកខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ ៦៣,៥ ឲ្យខាងតែបាន។ កូនសិស្សរបស់លោក ជា រិទ្ធ សង្កត់ធ្ងន់ថា៖ «ឆ្នាំ២០២០ ខ្ញុំចង់បានខ្សែក្រវាត់តាមតែអាចធ្វើទៅបាន ហើយបើមិនបានច្រើនក៏ដាច់ខាតត្រូវតែបានខ្សែក្រវាត់មួយយ៉ាងតិច។»

  • សម្រង់សម្ដីគ្រូបង្វឹក៖

លោក ជា រិទ្ធ គ្រូបង្វឹករបស់ គង់ សំបូរ បានថ្លែងអំពីការរួមចំណែកដាក់គោលដៅឲ្យកូនសិស្សថា៖ «បាទហ្នឹងហើយបង! ឆ្នាំថ្មីខាងមុខខ្ញុំបានដាក់ សំបូរទៅប្រកួតយកពាននៅប៉ុស្តិ៍លេខ៥។ ក្នុងនោះក៏មានការប្រកួតខ្សែក្រវាត់ផ្សេងទៀតដែរ ហើយជាពិសេសខ្ញុំចង់ឲ្យ សំបូរ ប្រកួត Kickboxing បើសិនជាអាចកើតឡើង។»

លោក ជា រិទ្ធ គូសបញ្ជាក់ថា៖ «បើប្រកួតនៅថៃ ខ្ញុំចង់ឲ្យ សំបូរ ប្រកួតតែ ៥ដងអីទេនៅឆ្នាំខាងមុខ ព្រោះយើងត្រូវសម្រិតសម្រាំងបន្តិច មិនមែនចេះតែទៅប្រកួតប៉ាតណាប៉ាតណីទេ ព្រោះសង្វៀនខ្លះក៏អត់មានគុណភាពដែរ។»

ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះបានរៀបរាប់ទៀតថា បើសិនជាសង្វៀនមើលទៅរាងយ៉ាប់ គឺលោកមិនឲ្យកូនសិស្សទៅប្រកួតនោះឡើយ។ ប៉ុន្តែបច្ចុប្បន្ន លោកមើលឃើញថា ទីផ្សារប្រកួតនៅម៉ាឡេស៊ី ក៏ខ្លាំងដែរសម្រាប់កីឡាករខ្មែរ ដូច្នេះលោកទំនងចង់ឲ្យកូនសិស្ស ឬកីឡាករខ្មែរទៅប្រកួតនៅម៉ាឡេស៊ីច្រើនជាង។ លោក ជា រិទ្ធ មិនត្រឹមតែបណ្ដុះបណ្ដាលផ្នែកក្បាច់គុននោះទេ ប៉ុន្តែថែមទាំងបណ្ដុះបណ្ដាលផ្នែកស្មារតីរឹងមាំដល់កូនសិស្សទៀតផង ពោលឡើងប្រកួត បើចាញ់ គឺចាញ់ឲ្យល្អមើល។ ពាក្យមួយទៀតដែលលោកបានប្រាប់ដល់សិស្ស ជារឿយៗគឺ «ទឹកចិត្តកីឡាករដាច់ខាតត្រូវហ៊ានប្ដូរ មិនមែនវ៉ៃលំៗនោះឡើយ»។

គួររំលឹកផងដែរថាមួយរយៈចុងក្រោយនេះ គង់ សំបូរ បានចេញទៅប្រកួតនៅក្រៅប្រទេសជាច្រើនដូចជាសង្វៀន Super Champ ប្រទេសថៃ, សង្វៀន Thai Fight និង ឡើងប្រកួតនៅសង្វៀន ONE Championship ជាដើម។ បន្ទាប់ពីចាញ់ពិន្ទុកីឡាករចិន Zhang Chenlong កាលខែកុម្ភៈ នៅសង្វៀន ONE Championship សំបូរ បានព្យាយាមហ្វឹកហាត់យ៉ាងល្អប្រសើរ និងបំពេញចន្លោះខ្វះខាតបានមួយផ្នែកធំ ហើយក៏បន្តអភិវឌ្ឍខ្លួនបន្ថែមទៀតដើម្បីឈានទៅរកជោគជ័យឆ្នាំ ២០២០៕

 

អត្ថបទ និងរូបភាព៖ ស៊ីធី

មតិយោបល់