GAMMA បោះជំហានកាន់តែខិតជិតការយល់ព្រមពី គណៈកម្មាធិការអូឡាំពិកអន្តរជាតិ

មាស សុផាណារ៉ុង December 20, 2019


 

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៩ នេះ សមាគមក្បាច់គុនចម្រុះអន្តរជាតិ ហៅកាត់ថា GAMMA បានប្រកាសអំពីការបញ្ជូនឯកសារវាយតម្លៃលក្ខខណ្ឌទៅកាន់សមាគមពិភពលោកនៃសហព័ន្ធកីឡាអន្តរជាតិ (GAISF)។

តាមរយៈការវាយតម្លៃពី GAISF បានធ្វើឲ្យ GAMMA មានលទ្ធភាពបន្តអភិវឌ្ឍនិងពង្រឹងភារកិច្ចរបស់ខ្លួន, ពង្រឹងច្បាប់, គោលការណ៍ និង ការបង្ហាញខ្លួនលើឆាកអន្តរជាតិតំណាងឲ្យកីឡាគុនចម្រុះ។ GAMMA ផ្ដល់នូវទម្រង់ការប្រកួតមួយប្រកបសោយសុវត្ថិភាពដើម្បីជំរុញ និងបន្តអភិវឌ្ឍមុខមាត់កីឡាគុនចម្រុះពីកម្រិតថ្នាលរហូតដល់ទទួលបានភាពជោគជ័យ និងក្លាយជាកីឡាករអាជីពពិតប្រាកដ។

ទន្ទឹមគ្នានេះ ប្រធាន និងជានាយកប្រតិបត្តិ របស់ ONE Championship លោក Chatri Sityodtong បានថ្លែងយ៉ាងដូច្នេះ៖ «ក្នុងនាមជាស្ថាប័នរៀបចំព្រឹត្តិការណ៍ប្រកួតធំបំផុតក្នុងលោក ONE Championship តែងតែអបអរសាទរ និងយកចិត្តទុកដាក់ដល់ក្បាច់គុន និងជាការធ្វើសមាហរណកម្មដ៏មានតម្លៃយ៉ាងជ្រាលជ្រៅសម្រាប់មនុស្សជាតិ, កេរ្តិ៍ឈ្មោះ, ការគោរព, ការលើកទឹកចិត្ត, ការគោរពវិន័យ និង សេចក្ដីស្រលាញ់។ កីឡាករគុនចម្រុះគឺជាមធ្យោបាយផ្សព្វផ្សាយមួយដើម្បីបង្ហាញអំពីភាពអស្ចារ្យរបស់មនុស្សជាតិ។ ការចាប់ដៃគូរបស់ ONE Championship ជាមួយ GAMMA គឺជាការសរបញ្ជក់ឲ្យឃើញអំពីការប្ដេជ្ញាចិត្តដល់កីឡាករស្ម័គ្រចិត្តនូវការគាំទ្រដែលពួកគេត្រូវការចាំបាច់ដើម្បីបន្តអាជីពរបស់ខ្លួនក្នុងពិភពក្បាច់គុនចម្រុះឈរលើគោលបំណងផ្ដល់ឱកាសឲ្យពួកគេហ្វឹកហាត់ខ្លាំងក្លា និង ទទួលបានការឧបត្ថម្ភទៅហ្វឹកហាត់នៅក្លិបល្អៗជុំវិញពិភពលោក។ មួយវិញទៀត វាជាការផ្ដល់ឱកាសឲ្យពួកគេបង្ហាញនូវទេពកោសល្យយ៉ាងមានកិត្យានុភាពក្នុងការប្រកួតលើឆាកអន្តរជាតិ។ ខ្ញុំសម្ដែងការគាំទ្រយ៉ាងពេញទំហឹងដល់ការលះបង់របស់ GAMMA ដើម្បីទទួលបានការអភិវឌ្ឍន៍កីឡាគុនចម្រុះបន្ថែមទៀត ហើយ ខ្ញុំមានសេចក្ដីរំភើបក្រៃលែង ចំពោះរឿងនេះដោយថ្ងៃណាមួយ គេនឹងទទួលស្គាល់ វាជាកីឡាផ្លូវការនៅព្រឹត្តិការណ៍កីឡាអូឡាំពិកមិនខាន។»

លោក Alexander Engelhardt ប្រធានរបស់ GAMMA បានបង្ហើបដែរថា៖ «ភាពជោគជ័យនៃការប្រកួតជើងឯកពិភពលោក GAMMA World Championship នៅសិង្ហបុរី កាលខែ វិច្ឆិកា បានធ្វើឲ្យប្រទេសផ្សេងគ្នាអបអរសាទរដល់ការប្រកួតកីឡាក្បាច់គុនតែមួយ និង ធ្វើឡើងដើម្បីសហគមន៍របស់យើង។ ឥឡូវនេះដល់ពេលវេលាយើងត្រូវឈានទៅរកជំហានថ្មីមួយទៀត។ តាមរយៈភាពជាដៃគូជាមួយ ONE Championship គោលដៅរបស់ GAMMA នឹងផ្ដល់ដល់កីឡាករគុនចម្រុះទាំងអស់ នូវការប្រកួតកម្រិតពិភពលោកមួយដើម្បីបង្ហាញអំពីជំនាញរបស់ពួកគេ។ GAMMA ត្រូវបានបង្កើតឡើងដោយមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់តម្លៃពិតប្រាកដនៃក្បាច់គុនចម្រុះ ហើយយើងជឿជាក់ថាកិច្ចការវាយតម្លៃជាមួយ GAISF នឹងនាំឲ្យពួកយើងកាន់តែខិតជិតដល់គោលដៅរបស់យើង និង នាំយកកីឡាគុនចម្រុះទៅប្រកួតនៅក្នុងកម្មវិធីកីឡាអូឡាំពិកមិនខាន។»

ដោយមានមូលដ្ឋាននៅក្រុងអាស្ត៊ែរដាំ ប្រទេសហូឡង់ GAMMA គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញដែលរៀបចំឡើងដើម្បីបណ្ដុះគំនិតភាពជាអ្នកដឹកនាំ និង អ្នកត្រួសត្រាយផ្លូវលើវិស័យកីឡាគុនចម្រុះក្នុងទ្វីបទាំងប្រាំដោយឆ្លងកាត់បទពិសោធន៍ច្រើនទសវត្សមកហើយក្នុងវិស័យកីឡា។ GAMMA ដែលដឹកនាំដោយលោកប្រធាន Alexander Engelhardt និង សមាជិករបស់ខ្លួនបានបង្កើតសហព័ន្ធកីឡាជាតិជាច្រើនជិត១០០ប្រទេសរួចមកហើយដែរ។

ឯកសារនៃការវាយតម្លៃគឺជាជំហានដ៏សំខាន់ឆ្ពោះទៅមុខរបស់ GAMMA ដើម្បីទទួលបានការសម្រេចជាផ្លូវការពី GAISF និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិក្នុងគោលបំណងដាក់ឲ្យកីឡាគុនចម្រុះត្រូវបានដាក់បញ្ចូលដើម្បីប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក។

គោលបំណងរបស់ GAMMA គឺ ធ្វើយ៉ាងណាដើម្បីឲ្យមានការទទួលស្គាល់ជាអន្តរជាតិលើកីឡាក្បាច់គុនចម្រុះដែលអាចប្រកួតនៅកីឡាអូឡាំពិកក្នុងគោលដៅផ្ដល់ឲ្យកីឡាករទាំងអស់លើពិភពលោកសម្រេចបានក្ដីស្រមៃរបស់ពួកគេ និងមានឱកាសប្រកួតលើឆាកអន្តរជាតិក្នុងនាមជាកីឡាមានឈ្មោះប្រកួតនៅព្រឹត្តិការណ៍អូឡាំពិក៕

 

អត្ថបទ និងរូបភាព៖ ស៊ីធី

មតិយោបល់