ប្រមុខប្រដាល់គុនខ្មែរ ជួបសំណេះសំណាល ផ្តាំផ្ញើគ្រូបង្វឹក និងអត្តពលិក មុនចេញទៅស៊ីហ្គេម

មាស សុផាណារ៉ុង November 30, 2019


 

ភ្នំពេញ៖ លោកឧត្តមសេនីយឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជួបសំណេះសំណាល និងផ្តាំផ្ញើគ្រូបង្វឹក និងអត្តពលិកប្រដាល់គុនខ្មែរ និងឃិកប៊ុកស៊ីង ( Kick-Boxing ) ចំនួន ១១រូប មុនចេញដំណើរទៅប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣០ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី១១ ខែធ្នូ នៅប្រទេសហ្វីលីពីន។

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានទទូចឲ្យកីឡាករ-កីឡាការិនី ប្រដាល់គុនខ្មែរ ត្រូវប្រយ័ត្នប្រយែងលើការហូបចុក និងថែទាំសុខភាពឲ្យបានល្អព្រមទាំងខិតខំហ្វឹកហាត់បន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យការចូលរួមប្រកួតទទួលបាននូវគុណផល និងសិទ្ធផលល្អ ធានាបានមេដាយនៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ ។

លោកបានមានប្រសាសន៍ថាកីឡាករ-កីឡាការិនី ត្រូវតែប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះនៅក្នុងការប្រកួតជូនជាតិមាតុភូមិ និងរក្សាកេរ្តិ៍ឈ្មោះជាកីឡាករកម្ពុជា ប្រកបដោយសេចក្តីថ្លៃថ្នូរ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។

នៅទីនោះកីឡាករ-កីឡាការិនី ត្រូវប្រយ័ត្នប្រយែងការហូបចុក និងថែទាំសុខភាពឲ្យបានល្អ ព្រមទាំងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការចូលរួមប្រកួត ទទួលបាននូវគុណផល និងសិទ្ធផលល្អ។

ដោយឡែក លោក ហេង សុឃន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានប្រតិភូកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ឲ្យដឹងថា សម្រាប់កីឡាករគុនខ្មែរទាំង ៥រូប ដែលចេញទៅស៊ីហ្គេមលើកនេះ គឺបានត្រៀមលក្ខណៈយ៉ាងល្អទាំងការហ្វឹកហាត់កម្លាំងកាយ ទាំងបច្ចេកទេស ក៏ដូចជាការថែរក្សាសុខភាព។ លោកបានបន្តថា ពាក់ព័ន្ធបញ្ហាសម្ភារ:កីឡាករម្នាក់ៗសុទ្ធតែបំពាក់ថ្មីនូវឧបករណ៍សម្រាប់បម្រើការប្រកួតការហ្វឹកហាត់ និងសម្ភារ:ប្រើប្រាស់ផ្ទាល់ខ្លួនបន្ថែមលើអ្វីដែលក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានដោះស្រាយរួច ហើយនោះ ពោលគឺមិនឲ្យមានការខ្វះខាតឡើយ។

សូមបញ្ជាក់ថា សម្រាប់ប្រតិភូកីឡាប្រដាល់គុនខ្មែរ មានចំនួន ៨រូប ក្នុងនោះមានលោក ហេង សុឃន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាប្រធានប្រតិភូដឹកនាំ, គ្រូបង្វឹក លោក អេ ភូថង និង លោក ពិន សំណាង ជាគ្រូជំនួ, ខណៈកីឡាករ-កីឡាការិនី ទាំង ៥រូបវិញ រួមមាន កីឡាករ ហ៊ឹម គឹមរៀង ប្រកួតប្រភេទទម្ងន់ ៤៨គ.ក្រ, កីឡាករ វ៉ាន់ វៀន ប្រកួតប្រភេទទម្ងន់ ៥៤គ.ក្រ, កីឡាករ តាញ់ មករា ប្រកួតប្រភេទទម្ងន់ ៥៧គ.ក្រ, កីឡាករ ឡៅ ចិត្រ្តា ប្រកួតប្រភេទទម្ងន់ ៦៣,៥០គ.ក្រ និងកីឡាការិនី អ៊ុ ស្រីរ័ត្ន ប្រកួតប្រភេទទម្ងន់ ៥៤គ.ក្រ។

ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីគុនខ្មែរ ទាំង ៨រូបនេះ នឹងចេញដំណើរទៅកាន់ប្រទេសហ្វីលីពីន នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា នេះ ចំពោះប្រដាល់ ឃិកប៊ុកស៊ីង ( Kick-Boxing ) ដែលមានចំនួន ៨នាក់ដែរនោះ នឹងចេញទៅនៅយប់ថ្ងៃទី០៥ ខែធ្នូ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់