អ្នកប្រដាល់សាសកលកម្ពុជា ដែលហ្វឹកហាត់នៅជប៉ុន ប្ដូរកម្មវិធីទៅហ្វីលីពីន

មាស សុផាណារ៉ុង November 26, 2019


 

ភ្នំពេញ៖ លោក វ៉ែន សុផល គ្រូបង្វឹកកីឡាប្រដាល់សកលជម្រើសជាតិ ដែលពេលនេះកំពុងតែស្ថិតនៅទីក្រុងអូសាកា (Osaka) ប្រទេសជប៉ុន បានឲ្យដឹងថាថ្ងៃទី២៧ ខែវិច្ឆិកា នេះលោក និងក្រុមកីឡាករមួយរូប និងកីឡាការិនី ២រូប ដែលហាត់នៅជប៉ុននោះនឹងត្រឡប់មកមាតុប្រទេសវិញ។

តាមការគ្រោងទុករបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នោះគឺបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់នៅប្រទេសជប៉ុន ពួកគេនឹងចេញដំណើរឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន ដែលជាទីកន្លែងប្រារព្ធការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ តែម្ដងតែពេលនេះអ្វីៗត្រូវបានផ្លាស់ប្ដូរ គឺថ្ងៃទី២៧ ខែវិច្ឆិកា លោក និងកីឡាករ-កីឡាការិនី របស់លោកត្រូវត្រឡប់មកកម្ពុជាវិញ ហើយនៅថ្ងៃទី៣០ ខែវិច្ឆិកា ដែលជាថ្ងៃសម្ភោធន៍បើកការប្រកួតកីឡាស៊ីហ្គេមនោះទើបចេញដំណើរពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន។

លោកបានបញ្ជាក់ថា រឿងដែលសំខាន់ពេលនេះគឺ កីឡាករ ណាត សៀកនិន (ម្ទេសខ្មាំង) ឈឺជើង ដោយបានតែហ្វឹកហាត់ តែមិនអាចរត់បានឡើយ ឯកីឡាការិនី នូវ ស្រីពៅ ក៏ជាទីសង្ឃឹមដែរពេលនេះ ខណៈកីឡាការិនី វី ស្រីខួច លោកហាក់មានសង្ឃឹមច្រើនតែ វី ស្រីខួច វ៉ៃចេញយឺតដោយសារតែកីឡាការិនីរូបនេះមានទម្ងន់ធំ គឺ ៦០គីឡូក្រាមឯណោះ។ ទោះជាយ៉ាងណា ក៏លោកអះអាងថាការវ៉ៃចេញរបស់ ស្រីខួច យឺតមែនតែធ្ងន់។

នៅប្រទេសជប៉ុន គឺហ្វឹកហាត់នៅក្លិប Ashimoto នាទីក្រុង Osaka តែម្ដង ហើយក្នុងអម្លុងនៃការហ្វឹកហាត់ពួកគេមានការប្រកួតច្រើនជាមួយអ្នកប្រដាល់នានារបស់ជប៉ុន ដែលកំពុងតែហ្វឹកហាត់តាមបណ្ដាក្លិបនានាក្នុងទីក្រុង Osaka។

បញ្ជាក់ផងដែរ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាករ-កីឡាការិនី ចំនួន ៨នាក់ ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម មានដូចជាកីឡាករ សៅ រង្សី ប្រកួតក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាម, កីឡាករ បាង ណុន ប្រកួតក្នុងប្រភេទទម្ងន់ ៥២គីឡូក្រាម, កីឡាករ ស៊ឹម វិសិដ្ឋ ប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម, កីឡាករ យ៉ុន ដា រ័ត្ន ប្រកួតក្នុងប្រភេទទម្ងន់ ៦៤គីឡូក្រាម និងកីឡាករ ស៊ីវ សុងម៉េង ប្រកួតក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម។ ដោយឡែកកីឡាករ ណាត សៀកនិន ប្រកួតក្នុងប្រភេទទម្ងន់ ៥៦គីឡូក្រាម កីឡាការិនី នូវ ស្រីពៅ ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម និងកីឡាការិនី វី ស្រីខួច ប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់