គ្រូបង្វឹកជម្រើសជាតិប្រដាល់សកលថៃ សរសើរ វី សុភ័ស្ស មានសមត្ថភាពខ្ពស់

មាស សុផាណារ៉ុង November 26, 2019


 

ថៃ៖ វី សុភ័ស្ស ដែលគេស្គាល់ជាអ្នកប្រដាល់សកលជម្រើសជាតិដ៏ឆ្នើមរបស់កម្ពុជានោះ ត្រូវបានគ្រូបង្វឹកជម្រើសជាតិថៃ បានធ្វើការកោតសរសើរពីសមត្ថភាពបច្ចេកទេសរបស់គេ ថាពិតជាល្អខ្លាំង ក្រោយធ្វើការហ្វឹកហាត់រយៈពេលជាង ១ខែក្នុងប្រទេសថៃ ។

នៅក្នុងចំណោមអត្តពលិកទាំង ៦នាក់ ដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានធ្វើការបញ្ជូលទៅធ្វើការបោះជំរុំហ្វឹកហាត់រយៈពេល ១ខែ នៅប្រទេសថៃ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នាដើមខែវិច្ឆិកា ខាងមុខនោះ គឺមានតែ វី សុភ័ស្ស តែម្នាក់ប៉ុណ្ណោះដែលទទួលបានការកោតសសើរ ពីគ្រូបង្វឹកជម្រើសជាតិថៃ ថាពិតជាមានបច្ចេកទេសល្អ និង សមត្ថភាពខ្ពស់លើសគេផងដែរ។

អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បាននិយាយថា៖ «មកដល់ពេលនេះ ទាំងកម្ពុជា និង ថៃ កំពុងធ្វើការពិក្សាគ្នា ដើម្បីបញ្ជូលកីឡាកររូបនេះ មកធ្វើការហ្វឹកហាត់នៅក្នុងប្រទេសថៃ រយៈពេលវែង ដើម្បីជាការត្រៀមខ្លួន សម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះខាងមុខ។»

គួបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ កីឡាករ វី សុភ័ស្ស ទើបតែទទួលបានមេដាយសំរឹទ្ធពីការប្រកួត «CHINA-ASENA BELT AND ROAD BOXING CHAMPIONSHIP 2019» កាលពីពេលថ្មីៗនេះ លើប្រភេទទម្ងន់ 64Kg បន្ទាប់ពីប្រកួតចាញ់កីឡាករហ្វីលីពីន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់