ប្រធានក្លឹបប្រដាល់នៅជប៉ុនស្នើ នៅ ស្រីពៅ បន្តការហ្វឹកហាត់នៅជប៉ុន ក្រោយចប់ SEA Games

មាស សុផាណារ៉ុង November 25, 2019


 

ជប៉ុន៖ ខណៈពេលដែលការបោះជំរំហ្វឹកហាត់រយៈពេលជាង ៣ខែ ជិតបញ្ចប់ ពោលគឺថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រុមអត្តពលិកប្រដាល់សកលរបស់កម្ពុជា នឹងត្រូវត្រលប់មកមាតុភូមិរបស់ខ្លួននោះ ប្រធានក្លិប Motohash iBoxing Gym របស់ប្រទេសជប៉ុន លោក Motohashi Yukiharu បានស្នើមកកម្ពុជាឲ្យកីឡាការិនី នៅ ស្រីពៅ បន្តការហ្វឹកហាត់របស់ខ្លួននៅប្រទេសជប៉ុនបន្ត។ នេះបើតាមសម្ដីរបស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ។

លោកបាននិយាយបែបនេះថា៖ «ហេតុដែលប្រធានក្លិប្រដាល់នៅជប៉ុន ធ្វើការស្នើរមកសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា យកកីឡាការិនី នៅ ស្រីពៅ ទៅធ្វើការហ្វឹកហាត់បន្តរយៈពេលវែងនោះ ដោយសារតែក្នុងអំឡុងពេលហ្វឹកហាត់នៅប្រទេសជប៉ុន ស្រីពៅ បានបង្ហាញកម្រិតបច្ចេកទេសដ៏ល្អនៅពេលធ្វើការសមជាមួយកីឡាការិនីជើងឯកប្រដាល់សកលរបស់ប្រទេសជប៉ុន។»

លោកបន្តថា ពាក់ព័ន្ធនឹងសំណើនេះ សហព័ន្ធនឹងធ្វើការពិភាក្សាលម្អិតជាមួយ លោក Motohashi Yukiharu លើលក្ខ័ណ្ឌសំខាន់ៗមួយចំនួនដើម្បីជាប្រយោជន៍សម្រាប់កីឡាការិនី នៅ ស្រីពៅ។

គួររំលឹកផងដែរថា នៅ ស្រីពៅ ស្ថិតក្នុងចំណោមកីឡាករ-កីឡាការិនីកម្ពុជា ៣រូបដែលចេញៅហ្វឹកហាត់នៅជប៉ុន រួមជាមួយកីឡាការិនី វី ស្រីខួច ក៏ដូចជាកីឡាករ ណាត សៀកនិន (ហៅពេជ្រ ម្ទេសខ្មាំង) ដោយបានធ្វើការហ្វឹកហាត់នៅប្រទេសជប៉ុន​ ចាប់តាំងពីថ្ងៃទី១០ ខែកញ្ញា ហើយនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់