ប្រមុខប្រដាល់គុនខ្មែរ ព្រមានប្រើធម៌ក្តៅដល់គ្រូបង្វឹក និងម្ចាស់ក្លិបប្រដាល់ដែលធ្វើឲ្យខួចកេរ្តិ៍ឈ្មោះសហព័ន្ធ

មាស សុផាណារ៉ុង November 7, 2019


 

ភ្នំពេញ៖ ប្រមុខប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ព្រមានប្រើធម៌ក្តៅដល់គ្រូបង្វឹក និងម្ចាស់ក្លិបប្រដាល់ដែលធ្វើឲ្យខួចកេរ្តិ៍ឈ្មោះសហព័ន្ធ នេះបន្ទាប់ពីមានការលេចឭរឿងក្លឹបប្រដាល់មួយចំនួននាំកីឡាករទៅប្រកួតក្រៅប្រទេស។

បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពីរឿងក្លឹបមួយចំនួនលួចនាំអ្នកប្រដាល់របស់ខ្លួនទៅប្រកួតនៅក្រៅប្រទេសនោះ ស្រាប់តែពេលនេះរឿងដដែលនេះបានកម្រើកឡើងវិញ។ ការកក្រើកឡើងវិញនេះបានធ្វើឲ្យលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ដែលជាប្រធានសហព័ន្ធប្រដាល់គុនខ្មែរ មានការខឹងសម្បារយ៉ាងខ្លាំង។

ឯកឧត្តមបន្ទោសយ៉ាងដូច្នេះថា៖ «លួចចេញទៅប្រកួតនៅក្រៅប្រទេសដោយមិនឲ្យសហព័ន្ធដឹងហើយនោះ ពួកគេថែមទាំងព្រហើនហ៊ានបង្ហោះសារតាមបណ្តាញសង្គម Facebook សុំថវិកាដើម្បីធ្វើលិខិតឆ្លងដែនទៀត។»

«ការបង្ហោះសារតាមបណ្ដាញហ្វេសប៊ុកបែបនេះមានន័យថា បន្ទាប់ពីគេជិតដល់ថ្ងៃចេញទៅប្រកួតហើយតែគ្មានលុយធ្វើលិខិតឆ្លងដែនទើបបង្ហើរសារដើម្បីឲ្យប្រធានសហព័ន្ធបានដឹង។ ជាមួយគ្នានេះគេថែមទាំងត្អូញត្អែរថាបើបងប្អូនណាស្រឡាញ់ក្បាច់គុនបុរាណខ្មែរ ចង់លើកស្ទួយក្បាច់គុនបុរាណខ្មែរ ជួយឧបត្ថម្ភខ្ញុំផងជាដើម។» ឯកឧត្តមបន្ត។

លោកបានចាត់ទុកថានេះជាទង្វើខុសទាំងស្រុងទៅនឹងលក្ខន្តិកៈរបស់សហព័ន្ធ លើកក្រោយអ្នកដែលបង្ហោះសារ បើមានលើកក្រោយលោកចាត់ការតាមបទបញ្ជារបស់សហព័ន្ធ។ សកម្មភាពបែបនេះគឺជាការឆបោកដល់អ្នកដែលស្រឡាញ់គាំទ្រកីឡាប្រដាល់គុនខ្មែរ។

សហព័ន្ធជាអាណាព្យាបាល មិនមែនបណ្ដោយឲ្យធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ បើមានការប្រកួតនៅក្រៅប្រទេសត្រូវតែប្រាប់មកសហព័ន្ធ ប្រសិនបើការប្រកួតនោះមានតម្លៃអាចល្មមចូលរួមបានសហព័ន្ធមិនត្រឹមតែអនុញ្ញាតប៉ុណ្ណោះទេ បើគ្មានលិខិតឆ្លងដែនសហព័ន្ធចេញធ្វើឲ្យថែមទៀតផង។ មានតែសហព័ន្ធកីឡាជាតិ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទេទើបមានសិទ្ធបញ្ជូនកីឡាករទៅប្រកួតនៅក្រៅប្រទេស។ សហព័ន្ធជាតិ ប្រសិនបើមានការអញ្ចើញពីសហព័ន្ធអន្តរជាតិ ទ្វីប ឬតំបន់ ក៏ត្រូវតែសុំគោលការពីក្រសួងអប់រំ យុវជន និងកីឡា ដែរ៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់