លម្អិតពីការប្រកួតព្រឹត្តិការណ៍ Khmer Fight នៅខេត្តកំពង់ស្ពឺ

មាស សុផាណារ៉ុង November 4, 2019


 

កំពង់ស្ពឺ៖ ព្រឹត្តិការណ៍ Khmer Fight កំពង់ស្ពឺដែលបានធ្វើឡើងនាយប់ថ្ងៃទី០៣ ខែវិច្ឆិកា នោះមាន ៥ប្រទេសចូលរួម ដែលក្នុងនោះមាន ៥ប្រទេសចូលរួម គឺកម្ពុជា, ថៃ, បារាំង, អ៊ីរ៉ង់ និងអាល់ ហ្ស៊េរី។

ការប្រកួតនេះកើតឡើងដោយការសហការសហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរខេត្តកំពង់ស្ពឺ ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ការប្រកួតដែលមានចំនួន៦គូ នោះការប្រកួតមានតែ ៣ទឹកប៉ុណ្ណោះ។

សម្រាប់ការប្រកួតគូទី១ រវាងអ្នកប្រដាល់កម្ពុជា បាង កាយ៉ាក់ សមាគមប្រដាល់ក្រសួងកសិកម្ម នោះបានយកឈ្នះអ្នកប្រដាល់អាល់ហ្ស៊េរី បាននៅមុនស្នូរជួងបញ្ចប់ទឹកទី៣ ដោយប្រើជើងទាត់ចំកញ្ចឹង។

អ្នកប្រដាល់កម្ពុជា ចាន់ សំអាត ក្លិបអប់រំកាយស្រុកអន្លង់វែង ប្រកួតចាញ់អ្នកប្រដាល់ថៃ សាត ត្រានភព (Sat tranphup) ដោយពិន្ទុដាច់។ នៅទឹកទី២អ្នកប្រដាល់ទាំង២រូបនេះត្រូវអាជ្ញាកណ្ដាលរាប់៨ដូចគ្នាបន្ទាប់ពីត្រូវទទួលការវាយប្រហារដោយសារកែងដូចគ្នានោះ។ មកដល់ទឹកទី៣សំអាតត្រូវអាជ្ញាកណ្ដាលរាប់៨ ដល់ទៅ២ដង។ ចប់ទឹកទី៣ សាត ត្រានភព បានទទួលជ័យជំនះដោយពិន្ទុដាច់។

ម៉ឺន សុភា សមាគមប្រដាល់ក្រសួងការពារជាតិ ប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់មកពីអ៊ីរ៉ង់ អាប់ឌុលឡាហ៍ (Abdul Lash) បាននៅមុនស្នូរជួងបញ្ចប់ទឹកទី២។ វង្ស ណយ ក្លិបខេត្តប៉ៃលិនទោះបីប្រើកែងវាយឲ្យអ្នកប្រដាល់អ៊ីរ៉ង់ អាម៉េដ សូលីម៉ូនី (Amed Soleymony) បណ្ដាលឲ្យអាជ្ញាកណ្ដាលរាប់៨ នៅទឹកទី១ ក៏ពិតមែនតែបន្ទាប់ពីប្រកួតចប់ ទឹកទី៣ លទ្ធផលបានត្រឹមតែស្មើគ្នាប៉ុណ្ណោះ។ សូមបញ្ជាក់ថាអ្នកប្រដាល់ទាំង ២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៧៣គីឡូក្រាម។

ព្រំ សំណាង ក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតឈ្នះអ្នកប្រដាល់ថៃ ឆានឆៃ កៀតថាវ៉ន (Chhan Chhai Kiethaworn) ដោយពិន្ទុទាំងវេទនា។ ប្រសិនបើការប្រកួតនេះមាន ៥ទឹក នោះសំណាងវេទនាមែនទែនតែការប្រកួតមានតែត្រឹម៣ទឹក។ ទោះជាយ៉ាងណាក៏ ព្រំ សំណាង ដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ នោះគេបានទទួលជ័យជំនះនៅក្នុងទឹកដីរបស់ខ្លួន។

រឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ប្រកួតឈ្នះអ្នកប្រដាល់បារាំង អាប់ដែល ការីមបាណាឡា (Abdel Karim Baennala) ដោយពិន្ទុទាំងមិនសូវស្រួលខ្លួន។ អ្នកប្រដាល់ទាំង ២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម។ សោភ័ណ្ឌ ល្អឆ្វេងតែអ្នកប្រដាល់បារាំងរូបនេះក៏មិនអន់ដែរ។ នេះជាការប្រកួតដណ្ដើមពានរង្វាន់រវាងអ្នកប្រដាល់រួមជាតិជាមួយអ្នកប្រដាល់រួមជាតិ ដែលគូប្រកួតដណ្ដើមពានរង្វាន់មាន៣គូ និងការប្រកួតមានតែ ៣ទឹកប៉ុណ្ណោះ។

គូប្រកួតដណ្ដើមពានរង្វាន់នោះអ្នកប្រដាល់ យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ ដែលជាអ្នកប្រដាល់ពូកែឌឺដងឲ្យគូប្រកួតនោះបានបាក់អំណួតបន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ជើងថ្មី អេលីត សាន់ក្លិបឆ្មាសសែនសុខ ដោយពិន្ទុនោះ។ អ្នកប្រដាល់ជើងចាស់ គង់ សំបូរ ក្លិបអាចក្រប្រយុទ្ធខេត្តកំពង់ស្ពឺប្រកួតចាញ់អ្នកប្រដាល់ជំនាន់ថ្មី សែម ណាង ក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ។

គូដណ្ដើមពានរង្វាន់មួយគូទៀតដែលជាគូសងសឹកនោះ លាប រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យប្រកួតចាញ់អ្នកប្រដាល់ ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍ដោយពិន្ទុសូមបញ្ជាក់ថាកាលពីប្រកួតដណ្ដើមជើងឯកជាតិ ឆ្នាំ២០១៩ អ្នកប្រដាល់ទាំង ២រូបនេះ ធ្លាប់ជួបគ្នាម្ដងហើយដែលកាលនោះ រដ្ឋា មានប្រៀបលើ សាម៉េត ទៅហើយនោះបែរជាភ្លាត់ត្រូវ សាម៉េត វាយមួយកែងនៅទឹកទី៤ បណ្ដាលឲ្យអាជ្ញាកណ្ដាលរាប់៨។ កាលនោះ រដ្ឋា ចាញ់រាប់តែម្ដងប៉ុណ្ណោះ។ សម្រាប់ជំនួបលើកនេះ រដ្ឋា សងសឹកមិនបានសម្រេច គឺជួបបរាជ័យជាលើកទី២។

ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់វិញនោះ ឡុង ជិន ក្លិបខ្លារខិនមានរិទ្ធឈ្នះអ្នកប្រដាល់ ថា សារុន ក្លិបពុទ្ធសេរីវង្សដោយពិន្ទុ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់