កីឡាករប្រដាល់សកលកម្ពុជា ៣រូប ត្រៀមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់នេះ

មាស សុផាណារ៉ុង October 25, 2019


 

ចិន៖ អ្នកប្រដាល់សកលកម្ពុជា ចំនួន ៣រូបដែលទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ «The Belt and Road CHINA-ASEAN Boxing Championship» នៅប្រទេសចិន នោះពួកគេនឹងឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃទី២៥ ខែតុលា នេះ។

ការប្រកួតដែលធ្វើនៅទីក្រុងណាននីញ នេះមានប្រទេសចូលរួមនចំនួន ៩គឺប្រទេសក្នុងតំបន់អាស៊ាន និងចិន។ លោក ប៊ួយ សោភ័ណ្ឌ ដែលជាអគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងពីប្រទេសចិនមកថា អ្នកប្រដាល់កម្ពុជាដែលចូលរួមទាំង៣រូប សុទ្ធតែបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។

នៅក្នងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះកីឡាករកម្ពុជា សៅ រង្សី នឹងត្រូវជួបជាមួយអ្នក ប្រដាល់ឡាវ Kham Phouvanh ដោយប្រកួតក្នងប្រភេទទម្ងន់ ៤៩គីឡូក្រាម។ កីឡាករ បាង ណុន ជួបប្រកួតជាមួយអ្នកប្រដាល់មីយ៉ាន់ម៉ា Zaw Moe ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥២គីឡូក្រាម និងអ្នកប្រដាល់ វី សុភ័ស្ស ប្រកួតជាមួយអ្នកប្រដាល់ហ្វីលីពីន Jere Samuel ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៤គីឡូក្រាម។

សូមបញ្ជាក់ថា ការប្រកួតនេះមានការចូលរួមពីប្រទេសចិន និងបណ្ដាប្រទេសអាស៊ានដូចជាកម្ពុជា, ថៃ, ឡាវ, ហ្វីលីពីន, ឥណ្ឌូនេស៊ី, វៀតណាម, សិង្ហបុរី និងម៉ាឡេស៊ី គឺលើកលែងតែ ទីម័រខាងកើត, ប្រ៊ុយណេ ប៉ុណ្ណោះដែលមិនចូលរួម៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់