កីឡាករប្រដាល់សាកលកម្ពុជា ៥រូបបន្ថែមទៀតទៅហាត់នៅប្រទេសថៃមួយខែ ត្រៀមស៊ីហ្គេម

មាស សុផាណារ៉ុង October 25, 2019


 

ភ្នំពេញ៖ នៅដើមខែវិច្ឆិកា ខាងមុខនេះសហព័ន្ធនឹងបញ្ជូនកីឡាករប្រដាល់សាកល ៥រូបទៀតឲ្យទៅហ្វឹកហាត់នៅក្នុងជំរំមួយនាប្រទេសថៃ ដើម្បីរង់ចាំការមកដល់នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នេះបើតាមការបញ្ជាក់ឲ្យដឹងដោយអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា លោក ប៊ួយ សោភ័ណ្ឌ។

នេះជាការបញ្ជូនកីឡាករទៅហ្វឹកហាត់ផ្សេងទៀត បន្ទាប់ពីកាលពីប៉ុន្មានខែមុនសហព័ន្ធបានបញ្ជូនកីឡាករមួយរូប និងកីឡាការិនីមួយរូបទៅហាត់នៅប្រទេសជប៉ុនគឺ ណាត សៀកនិន (ម្ទេសខ្មាំង) កីឡាការិនី វី ស្រីខួច និងកីឡាការិនី នូវ ស្រីពៅ។ កីឡាករទាំង ៣រូបបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់​ នឹងចេញដំណើរពីទីក្រុងអូសាកា ប្រទេសជប៉ុនឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន តែម្ដង។

សម្រាប់អ្នកប្រដាល់ ៥រូបដែលត្រៀមទៅហាត់នៅប្រទេសថៃនោះមានអ្នកប្រដាល់ សៅ រង្សី ដែលប្រកួតក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាម។ បាង ណុន ប្រកួតក្នុងប្រភេទទម្ងន់ ៥២គីឡូក្រាម ស៊ឹម វិសិដ្ឋ ប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម, យ៉ុន សារ័ត្ន ប្រកួតក្នុងប្រភេទទម្ងន់ ៦៤គីឡូក្រាម និង ស៊ីវ សុងម៉េង ប្រកួតក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម។

ក្នុងការប្រកួតជើ់ងឯកជាតិកន្លងមក សៅ រង្សី ដណ្ដើមបានចំណាត់ថ្នាក់លេខ១ លើទម្ងន់របស់ខ្លួន ឯកីឡាករ បាង ណុន ក៏បានលេខ១ ដូចគ្នាផងដែរ។ ចំពោះកីឡាករ ស៊ឹម វិសិដ្ឋ និង យ៉ុន ដារ័ត្នបានលេខ៣ ដូចគ្នាក្នុងខណៈដែល ស៊ីវ សុងម៉េង បានចំណាត់ថ្នាក់លេខ២ ក្នុងប្រភេទទម្ងន់របស់ខ្លួនដែរ។

សម្រាប់ការចេញទៅហ្វឹកហាត់នេះ ខាងភាគីថៃបានជួយសម្រួលដល់ការហូបចុក និងស្នាក់នៅ ខណៈសោហ៊ុយធ្វើដំណើរ និងប្រាក់ហោប៉ៅ គឺគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ( CAMSOC )។

លោកអគ្គលេខាធិការបានធ្វើការកត់សំគាល់ថា ការហ្វឹកហាត់នៅក្រៅប្រទេសមានការរីកចម្រើនជាងហ្វឹកហាត់ នៅក្នុងស្រុក។ ការនិយាយបែបនេះមិនមែនមានន័យថាគ្រូបង្វឹករបស់កម្ពុជា​អន់ ឬខ្សោយនោះទេ តែការហាត់នៅក្រៅប្រទេសពួកគេមិនអាចចេញដើរលេងបានឡើយ។ បន្ទាប់ពីហ្វឹកហាត់ចប់ពួកគេត្រូវហូបចុក បំប៉នសុខភាព និងសម្រាក ហេតុនេះពួកគេមានកម្លាំងគ្រប់គ្រាន់ដើម្បីហាត់៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់