ឡៅ ចិត្រា គ្រងខ្សែក្រវាត់ ISI Palm និងប្រាក់រង្វាន់ ៤០លានរៀល ក្រោយផ្ដួល លន បញ្ញា ក្នុងទឹកទី២

នូ មករា October 14, 2019


ភ្នំពេញ៖ ទោះបី លន បញ្ញា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ​បានបង្ហាញភាពជឿជាក់ថា រូបគេនឹងក្លាយជាម្ចាស់កំពូលអធិរាជក្បាច់គុន ISI Palm លើសង្វៀនភីអិនអិននៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រក្តី​ ប៉ុន្តែនៅទីបំផុតកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៣ ខែតុលាម្សិលមិញ អ្នកប្រដាល់រូបនេះបែរជាត្រូវអ្នកប្រដាល់ ឡៅ ចិត្រា មកពីក្លិបទ័ពឆ័ត្រយោង៩១១ ប្រើកណ្ដាប់ដៃ និងកែងវាយឱ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២។ ជាមួយនឹងជ័យជម្នះនេះ​ ឡៅ ចិត្រា ដែលជាអ្នកប្រដាល់ជើងខ្លាំងមួយរូបនោះបានស្ពាយខ្សែក្រវាត់ និងប្រាក់រង្វាន់អមចំនួន ៤០.០០០.០០០រៀលត្រឡប់ទៅផ្ទះវិញដោយក្តីរីករាយ។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតនេះ ចិត្រា ដែលមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៨០ដង ចាញ់៧ដងស្មើពិន្ទុ៣ដងនោះបានវាយគូប្រកួត លន បញ្ញា ឲ្យដួលហើយត្រូវអាជ្ញាកណ្ដាល់រាប់៨នៅចុងទឹកទី១ ប៉ុន្តែ បញ្ញា មិនអាចស្ទុះរួចក្នុងទឹកទី២ឡើយ ថែមទាំងត្រូវសន្លប់ធំនិងធ្លាយក្អួតថែមទៀត។​ លន បញ្ញា ដែលក្លាយជាជើងឯករងនោះបានទទួលរង្វាន់អមចំនួន ៨.០០០.០០០រៀលប៉ុណ្ណោះ។

គួររំលឹកថា ក្នុងការប្រកួតនេះមានអ្នកប្រដាល់កម្ពុជា ៨រូប និងអ្នកប្រដាល់ថៃ ៨រូបចូលរួមដោយបានឆ្លងកាត់ការប្រកួតជុំដំបូងគឺត្រូវប្រជែងគ្នាដណ្ដើមខ្សែក្រវាត់ប្រាក់។ ក្នុងនោះដែរ ឡៅ ចិត្រា និង លន បញ្ញា សុទ្ធតែមានខ្សែក្រវាត់ប្រាក់ដូចគ្នាហើយម្ចាស់ខ្សែក្រវាត់ប្រាក់ទាំង២រូបនេះត្រូវប្រជែងគ្នាយកខ្សែក្រវាត់មាសនៅវគ្គផ្តាច់ព្រ័ត្រតែម្តង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់