ប្រដាល់ជើងឯកថ្នាក់ជាតិ៖ គុនខ្មែរ មេដាយមាសច្រើនជាងគេបានទៅ ការពារជាតិ ខណៈប្រដាល់សាកលបានទៅ មហាផ្ទៃ

មាស សុផាណារ៉ុង October 13, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់សាកល និងគុនខ្មែរជើងឯកជាតិ ឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី០៧ ខែតុលា មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី១១ តុលា បន្ទាប់ដំណើរការប្រកួតចំនួន៥ថ្ងៃមកនោះ។

ទោះបីទាំងពិធីបើក និងបិទការប្រកួតធ្វើរួមគ្នានៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ក៏ពិត មែនតែប្រដាល់សាកល ប្រកួតនៅសាលហ្វឹកហាត់ប្រដាល់ក្នុងពហុកីឡដ្ឋានជាតិ ខណៈប្រដាល់គុនខ្មែរ ប្រកួតនៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។

សម្រាប់ប្រដាល់គុនខ្មែរ ដែលមាន ៨ប្រភេទទម្ងន់នោះ ក្រសួងការពារជាតិ ដណ្ដើមបានមេដាយមាស ៥គ្រឿង លើប្រភេទទម្ងន់ ៤៨គីឡូក្រាម, ទម្ងន់ ៥៤គីឡូក្រាម, ទម្ងន់ ៦០គីឡូក្រាម, ទម្ងន់ ៦៧គីឡូក្រាម និងទម្ងន់ ៧១គីឡូក្រាម។ ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស ចំនួន ២គ្រឿងលើប្រភេទទម្ងន់ ៥៧គីឡូក្រាម និងទម្ងន់ ៦៣,៥០គីឡូក្រាម។ ចំពោះរាជធានីភ្នំពេញ ដែលដណ្ដើមបានមេដាយមាស មួយគ្រឿងនោះគឺលើប្រភេទទម្ងន់ ៥១គីឡូក្រាម។

ចំពោះប្រដាល់សាកលដែលមាន ៨ប្រភេទទម្ងន់ដែរនោះ ក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយប្រជែងបានមេដាយមាស ចំនួន៥គ្រឿង លើប្រភេទទម្ងន់ ៥២គីឡូក្រាម, ទម្ងន់ ៥៦គីឡូក្រាម, ទម្ងន់ ៦៤គីឡូក្រាម, ទម្ងន់ ៦៩គីឡូក្រាម និងទម្ងន់ ៧៥គីឡូក្រាម។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជែងបានមេដាយមាស ចំនួន ២គ្រឿង លើប្រភេទទម្ងន់ ៤៩គីឡូក្រាម និងប្រភេទទម្ងន់ ៦០គីឡូក្រាម។ ក្រសួងការពារជាតិ ដែលដណ្ដើមបានមេដាយមាស ចំនួន១គ្រឿង នោះគឺបានលើប្រភេទទម្ងន់ ៨១គីឡូក្រាម។

សម្រាប់ប្រដាល់គុនខ្មែរ ដែលមានការផ្សាយផ្ទាល់ពីទូរទស្សន៍កងយោធពលខេមរភូមិន្ទ នោះអ្នកដណ្ដើមបានមេដាយមាស បានទទួលប្រាក់រង្វាន់ចំនួន ១.៥០០.០០០រៀល លេខ២ ( មេដាយប្រាក់ ) បាន ៩០០.០០០រៀល និងលេខ៣ ( មេដាយសំរិទ្ធ ) បាន ៤៦០.០០០រៀល។

ចំពោះប្រដាល់សាកលដែលពុំមានក្រុមហ៊ុនណាជួយឧបត្ថម្ភនោះ ប្រាក់រង្វាន់បានទៅតាមគោលការណ៍កំណត់របស់ ក្រសួងអប់រំ យុវជន និងកីឡា។

លោក ប៊ួយ សោភ័ណ្ឌ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានឲ្យដឹងថា សម្រាប់ជ័យលាភីមេដាយមាស បានទទួលប្រាក់រង្វាន់ ៣០០.០០០រៀល មេដាយប្រាក់ បានទទួល ២០០.០០០រៀល និងមេដាយសំរិទ្ធ បានទទួល ១៦០.០០០រៀល៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់