អ្នកប្រដាល់គុនខ្មែរ ៥រូប ត្រៀមចេញទៅប្រកួតលក្ខណៈអន្តរជាតិនៅប្រទេសបារាំង

មាស សុផាណារ៉ុង October 4, 2019


 

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែតុលា រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន បានចេញនូវលិខិតឧទ្ទេសនាមមួយ ដោយអនុញ្ញាតឲ្យអ្នកប្រដាល់គុនខ្មែរចំនួន ៥រូប រួមជាមួយប្រតិភូមួយរូប និងគ្រូបង្វឹកមួយរូប ចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅប្រទេសបារាំង។

តាមការឲ្យដឹងនោះថាការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែតុលា តទៅ ហើយប្រធានប្រតិភូដឹកនាំ គឺលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភិរម្យ ឯគ្រូបង្វឹកគឺលោក ធន សុភា ដែលជាគ្រូបង្វឹករបស់សមាគមប្រដាល់ក្រសួងការពារជាតិ។

អ្នកប្រដាល់ ៥រូប ដែលនឹងចេញទៅប្រកួតនោះមាន កីឡាករ លន បញ្ញា របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ, កីឡាករ ឈុន វ៉ាន់ថង មកពីក្លិបរាហ៊ូ ខេត្តបាត់ដំបង ប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ កីឡាករ ធឿន ធារ៉ា ក្លិបអេភូថងកីឡា ប្រកួតក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម, កីឡាករ អៀន ឡៃ សមាគមប្រដាល់ក្រសួងការពារជាតិ ប្រកួតក្នងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម និងកីឡាករ សែម ណាង ក្លឹបសាលវ័ន្ដកីឡាប្រកួតក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាមដែរ។

ការចេញទៅប្រកួតនៅស្រុកបារាំងនេះទោះបីមានការចេញលិខិតឧទ្ទេសនាមឲ្យដោយ ក្រសួងអប់រំ យុវជន និងកីឡា ក៏ពិតមែនក៏ការចេញទៅប្រកួតនេះសហព័ន្ធ និងភាគីដែលជាអ្នកអញ្ជើញជាអ្នកដោះស្រាយមធ្យោបាយធ្វើដំណើរ ការស្នាក់នៅ ហូបចុកដោយខ្លួនឯង។ ការចេញទៅប្រកួតនេះដែរទោះបីបានទទួលមេដាយ ឬខ្សែក្រវាត់ ក៏មិនមានប្រាក់រង្វាន់ឡើយព្រោះទាំងនៅក្នុងអនុក្រិត្យរបស់រាជរដ្ឋាភិបាល ទាំងនៅក្នុងសេចក្ដីប្រកាសអន្តរក្រសួង មិនមានចែងពីការផ្ដល់ប្រាក់រង្វាន់សម្រាប់ការចេញទៅប្រកួតបែបនេះឡើយ។

សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំកម្ពុជា តែងតែបញ្ជូនអ្នកប្រដាល់ទៅប្រកួតនៅប្រទេសបារាំង ដោយសារតែសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅប្រទេសបារាំង និងនៅកម្ពុជា មានការសហការគ្នាល្អ ហើយតែងតែធ្វើការផ្លាស់ប្ដូរកីឡាករមកប្រកួតទៅវិញទៅមក មិនតែប៉ុណ្ណោះកន្លងមកសហព័ន្ធប្រដាល់គុនខ្មែរ នៅប្រទេសបារាំងបានអញ្ជើញគ្រូ អាជ្ញាកណ្ដាល ចៅក្រម ពីកម្ពុជា ឲ្យទៅជួយបង្ហាត់ពួកគេទៀតផង៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់