ការប្រកួតប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ធ្វើឡើងក្រោយប្រដាល់គុនខ្មែរមួយថ្ងៃ

មាស សុផាណារ៉ុង October 3, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ប្រកាសជូនដំណឹងដល់សមាគមកីឡាប្រដាល់សកល ក្រសួង មន្ទីររាជធានី-ខេត្ត ទាំងអស់ពីការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ចាប់ពីពេលនេះតទៅ។

តាមការគ្រោងទុកការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ពោលគឺទាំងពេលចាប់ផ្ដើមការប្រកួត និងពេលបញ្ចប់ការប្រកួត ក្រោយការប្រកួតជើងឯកគុនខ្មែរមួយថ្ងៃ។ ការប្រកួតនឹងធ្វើនៅសាលហ្វឹកហាត់កីឡាប្រដាល់ក្នុងពហុកីឡដ្ឋានជាតិ តែម្ដង។

សម្រាប់ការប្រកួតឆ្នាំនេះសហព័ន្ធបានដាក់ជា ២វិញ្ញាសាតាមប្រភេទទម្ងន់ រួមមាន វិញ្ញាសាបុរស មានប្រភេទទម្ងន់ ៤៩គីឡូក្រាម, ៥២គីឡូក្រាម, ៥៦គីឡូក្រាម, ៦០គីឡូក្រាម, ៦៤ គីឡូក្រាម, ៦៩ គីឡូក្រាម, ៧៥គីឡូក្រាម និងប្រភេទទម្ងន់ ៨១គីឡូក្រាម។ ចំពោះ វិញ្ញាសានារី វិញមាន ប្រភេទទម្ងន់ ៥១គីឡូក្រាម, ៥៤គីឡូក្រាម, ៥៧គីឡូក្រាម និងប្រភេទទម្ងន់ ៦០គីឡូក្រាម។

ការដាក់ពាក្យចូលរួមប្រកួតនឹងបញ្ចប់នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៥ល្ងាច នៅទីស្នាក់ការសហព័ន្ធកីឡាប្រដាល់ ស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិ។

តាមការបញ្ជាក់របស់សហព័ន្ធនោះថាមធ្យោបាយធ្វើដំណើររបស់ប្រតិភូគ្រូបង្វឹក និងកីឡាករចូលរួមការប្រកួតទាំងទៅ-មក ជាបន្ទុករបស់ក្រសួងអប់រំ យុវជន និងកីឡា និងរួមទាំងការហូបចុក ស្នាក់នៅរបស់កីឡាករក្នុងអម្លុងពេលប្រកួត ជាបន្ទុករបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់