កីឡាករប្រមាណ ១៣០នាក់ ចូលរួមប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩

មាស សុផាណារ៉ុង October 2, 2019


 

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរជើងឯកជាតិ ឆ្នាំ២០១៩ នឹងចាប់ផ្ដើមពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែតុលា នាសប្ដាហ៍ក្រោយនេះហើយ នេះបើយោងតាមគម្រោងដែលរៀបចំ។

ការប្រកួតគ្រោងនឹងធ្វើនៅពហុកីឡដ្ឋានជាតិ តែតាមការសម្រេចក្នុងអង្គប្រជុំនាថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ ការប្រកួតត្រូវបានប្ដូរមកធ្វើនៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ( ស្ដាតចាស់ ) វិញ ខណៈប៉ុន្មានឆ្នាំមកនេះ ការប្រកួតត្រូវបានធ្វើនៅតំបន់ 7NG នាឃុំវិហារសួគ៌។

ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ នេះមាន ១៥ សមាគម, ក្រសួង, រាជធានី​-ខេត្ត ចូលរួមដែលមាន កីឡាករ-កីឡាការិនី ប្រមាណជា ១៣០នាក់។

សម្រាប់បុរសមានចំនួន ៨ប្រភេទទម្ងន់ គឺ ៤៨គីឡូក្រាម, ៥១គីឡូក្រាម, ៥៤គីឡូក្រាម, ៥៧គីឡូក្រាម, ៦០គីឡូក្រាម, ៦៣.៥គីឡូក្រាម, ៦៧គីឡូក្រាម និង ៧១គីឡូក្រាម។

សម្រាប់កីឡាការិនីមានតែ ៦ប្រភេទទម្ងន់ប៉ុណ្ណោះ គឺទម្ងន់ ៤៨គីឡូក្រាម, ៥១គីឡូក្រាម, ៥៤គីឡូក្រាម, ៥៧គីឡូក្រាម, ៦០គីឡូក្រាម និង ៦៣,៥០គីឡូក្រាម។

ជាមួយគ្នាផងដែរ នេះគឺជាឆ្នាំដំបូងហើយដែលសហព័ន្ធប្រដាល់គុនខ្មែរ រៀបចំការប្រកួតតែម្នាក់ឯង ដោយមិនមានសហព័ន្ធប្រដាល់សាកល ស្របពេលដែលជារៀងរាល់ឆ្នាំ សហព័ន្ធទាំង ២ គឺប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់សាកល តែងតែប្រកួតក្នុងពេលជាមួយគ្នា៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់