ប្រដាល់សកល បញ្ចេញឈ្មោះកីឡាករចូលរួម SEA Games 2019 នៅហ្វីលីពីន

មាស សុផាណារ៉ុង September 25, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញឈ្មោះកីឡាករ-កីឡាការិនី របស់ខ្លួនដែលត្រូវទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ នៅប្រទេសហ្វីលីពីន។

លោក ប៊ួយ សោភ័ណ្ឌ អគ្គលេខាធិការនៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រាប់ឲ្យដឹងថា សហព័ន្ធបានចុះបញ្ជី កីឡាករ-កីឡាការិនី ចុងក្រោយដើម្បីចូលរួមការប្រកួតកីឡា «SEA Games 2019» ទៅកាន់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា «NOCC» ចំនួន ៨នាក់។

លោកបានបន្តថា សម្រាប់កីឡាករ-កីឡាការិនី ចំនួន ៨នាក់ មានដូចជាកីឡាករ សៅ រង្សី ប្រកួតក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាម, កីឡាករ បាង ណុន ប្រកួតក្នុងប្រភេទទម្ងន់ ៥២គីឡូក្រាម, កីឡាករ ស៊ឹម វិសិដ្ឋ ប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម, កីឡាករ យ៉ុន ដា រ័ត្ន ប្រកួតក្នុងប្រភេទទម្ងន់ ៦៤គីឡូក្រាម និងកីឡាករ ស៊ីវ សុងម៉េង ប្រកួតក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម។ ដោយឡែកកីឡាករ ណាត សៀកនិន ប្រកួតក្នុងប្រភេទទម្ងន់ ៥៦គីឡូក្រាម កីឡាការិនី នូវ ស្រីពៅ ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម និងកីឡាការិនី វី ស្រីខួច ប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម នោះពួកគេកំពុងធ្វើការហ្វឹកហាត់នៅប្រទេសជប៉ុន។

លោក វ៉ែន សុផល ដែលជាគ្រូបង្វឹកបានប្រាប់ពីប្រទេសជប៉ុនតាមសារអេឡិចត្រូនិកមកថាពួកគេ ទាំង ៣រូប ដែលកំពុងតែហាត់នៅប្រទេសជប៉ុន នេះលោកមានសង្ឃឹមច្រើនក្នុងការប្រជែងយកមេដាយពីស៊ីហ្គេម។ នៅប្រទេសជប៉ុនការហ្វឹកហាត់ខ្លាំងជាងនៅស្រុកខ្មែរ មិនតែប៉ុណ្ណោះគេមិនមានពេលវេលាដើរលេងឡើយ គឺបន្ទាប់ពីហាត់ចប់សម្រាកហើយដល់ម៉ោងហាត់ទៀត។ លោកបន្តថាពេលនេះទាំងកម្លាំង ទាំងបច្ចេកទេស កលល្បិចមានការរីកចម្រើនច្រើន។ បន្ទាប់ពីហាត់ចប់ ពួកគេនឹងចេញដំណើរទៅកាន់ប្រទេសហ្វីលីពីន តែម្ដង។

សូមបញ្ជាក់ថា កីឡាអាស៊ីអាគ្នេយ៍ «SEA Games 2019» លើកទី៣០ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅពីថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃពុធទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់