ចាន់ រតនា ជាកីឡាករក្នុងទ្រុងកម្ពុជាតែម្នាក់គត់ដែលឈ្នះ ៣ ប្រកួតជាប់គ្នានៅសង្វៀន ONE

មាស សុផាណារ៉ុង September 11, 2019


 

ភ្នំពេញ៖ គិតមកដល់បច្ចុប្បន្ននេះ គ្មានកីឡាករជំនាញក្នុងទ្រុងរបស់កម្ពុជារូបណា ដែលមានប្រវត្តិបំបែកកំណត់ត្រារបស់ ចាន់ រតនា បានឡើយ ក្នុងការប្រកួតឈ្នះជាអន្តរជាតិ ៣លើកជាប់ៗគ្នានៅសង្វៀន ONE ដែលគេគ្រប់គ្នាស្គាល់ថាជា សង្វៀនលំដាប់ពិភពលោក ONE Championship។

កំណត់ត្រារបស់អ្នកប្រដាល់ ចាន់ រតនា នៅលើសង្វៀនគុនចម្រុះ ឈ្នះចំនួន ៧ដង និង ចាញ់ ៣លើក។ រឿងដែលអស្ចារ្យ អ្នកប្រដាល់រូបនេះ ត្រូវបានស្ថាប័ន ONE ចាត់ទុកគឺជាជើងខ្លាំងម្នាក់របស់កម្ពុជា ទី១ ដែលឈ្នះលើសង្វៀនអន្តរជាតិ ONE រហូតដល់ ៣លើកជាប់ៗគ្នា បន្ទាប់ពីផ្ដួល Abrou Fernandes, Rudy Agustian និង Gustavo Balart នាពេលចុងក្រោយកន្លងទៅថ្មីៗនេះ។

ភាពជោគជ័យទាំងនេះ គឺដោយសារ រតនា បានហាត់រៀនក្បាច់គុន ជីជិតស៊ូតាំងពីឆ្នាំ២០១២។ រតនាបានឱ្យដឹងថា៖ «ខ្ញុំហាត់ដោះឃ្លេដែលប្រើក្បាច់ជីជិតស៊ូត និងចំបាប់ ជាមួយគ្រូបង្វឹក ខូវ វិវឌ្ឍនា តាំងពីឆ្នាំ ២០១២។ ខ្ញុំមិនពូកែចាប់ឃ្លេដើម្បីផ្ដួលគូប្រកួតប៉ុន្តែ ខ្ញុំក្បាច់ដោះបាន និងការពារមិនឲ្យគូឈ្នះងាយៗទោះខ្ញុំនៅក្រោម ឬ នៅពីលើ។ បន្ទាប់មកខ្ញុំប្រើជំហរគុនខ្មែរដើម្បីផ្ដួលគូប្រកួត។»

រតនាសារភាពថា ទោះក្បាច់ល្អ ឬបច្ចេកទេសល្អ ប៉ុន្តែដាច់ខាតត្រូវតែទទួលការហ្វឹកហាត់គ្រប់គ្រងកម្លាំង។ គ្រូបង្វឹក Lorenzo ជាអ្នកបង្ហាត់ការគ្រប់គ្រងកម្លាំងនៅលើសង្វៀន និងជាអ្នកឲ្យទឹករួមទាំងផ្ដល់យោបល់សំខាន់ៗជាច្រើនអំឡុងពេលប្រកួត។

ភាពជោគជ័យដល់ពេលនេះ ចាន់ រតនា បានទទួលការហ្វឹកហាត់ពីគ្រូបង្វឹកជាច្រើនដូចជា គ្រូបង្វឹក Lorenzo Lanzafame មកពី LLFitness បង្ហាត់ បច្ចេកទេសនិងគ្រប់គ្រងកម្លាំង, គ្រូបង្វឹក ខូវ វិវឌ្ឍនា បង្ហាត់ខាងផ្នែកជីជិតស៊ូ ចំបាប់ និង MMA, គ្រូបង្វឹក Rolando បង្វឹកផ្នែកប្រដាល់សកល, គ្រូបង្វឹក Sov បង្វឹកភាពអំណត់, និងគ្រូបង្វឹក Jeppe បង្ហាត់ផ្នែកធ្វើចលនាសរសៃនិងម៉ាស្សា ជាដើម៕

 

រូបភាព៖ One Championship

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់