កម្ពុជា នឹងបញ្ជូនកីឡាករ Kickboxing ចំនួន​​ ៦​​ ប្រភេទទម្ងន់ទៅ SEA Games ឆ្នាំនេះ

នូ មករា September 8, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសថា សម្រាប់ស៊ីហ្គេមចុងឆ្នាំនេះក្រៅពីបញ្ជូនកីឡាគុនខ្មែរទៅចូលរួម សហព័ន្ធក៏នឹងបញ្ជូនកីឡាករផ្នែក Kickboxing ​ចំនួន ៦ប្រភេទទម្ងន់ទៅចូលរួមដែរ។​ ជាមួយគ្នានេះ​​ លោក​ តែម ម៉ឺន​ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានប្រគល់ភារកិច្ចដល់គ្រូបង្វឹកឲ្យពង្រឹងដល់កីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរ និងកីឡាករ Kickboxing ដោយប្រមូលផ្តុំគ្នាហ្វឹកហាត់រួមតែម្តង។​

សម្រាប់ស៊ីហ្គេមឆ្នាំនេះកម្ពុជានឹងអវត្តមានកីឡាករ ឃុន ឌីម៉ា ដែលជាម្ចាស់មេដាយមាស ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧កន្លងមក តែទោះជាយ៉ាងណាក៏កម្ពុជានៅមានក្ដីសង្ឃឹមក្នុងការប្រជែងយកមេដាយមាសដដែលព្រោះកីឡាប្រដាល់គុនខ្មែរ និងកីឡា Kickboxing គឺជាប្រភេទកីឡាមួយដែលកម្ពុជាមានសក្ដានុពលខ្លាំងណាស់ដែលនេះជាកត្តាអំណោយផលល្អសម្រាប់កម្ពុជា។

ចំពោះកីឡាករ Kickboxing កម្ពុជានឹងបញ្ជូនកីឡាករលើ ៦ប្រភេទទម្ងន់រួមមាន៖​​ ប្រភេទទម្ងន់ ៥១គីឡូក្រាម, ៥៤គីឡូក្រាម, ៥៧គីឡូក្រាម, ៦០គីឡូក្រាម, ទម្ងន់​​ ៦៣,៥គីឡូក្រាម និងប្រភេទទម្ងន់ ៦៩គីឡូក្រាម។

សូមបញ្ជាក់ថា​ Kickboxing មានប្រភពដំបូងចេញពីប្រទេសជប៉ុនដោយអ្នកលេងក្បាច់គុនជប៉ុន ២ រូបជាអ្នកបង្កើតឡើងគឺ លោក Osamu Noguchi និងលោក Tatsuo Yamada តាំងពីជាង ៥០ឆ្នាំមុនមកម្ល៉េះដោយក្បាច់គុននេះគឺមានលក្ខណៈចម្រុះរវាងប្រដាល់ និងការាតេដូហើយក្បាច់គុននេះគេវាយដោយប្រើជើង និងកណ្ដាប់ដៃ ជង្គង់តែមិនអនុញ្ញាតឲ្យប្រើកែងឡើយ។

នៅអាម៉េរិកគេឃើញមានប្រកួត Kickboxing ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយមកដល់ឆ្នាំ១៩៧៥ ចាប់មានការសាយភាយជាសកលតែម្តង៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់