សហព័ន្ធប្រដាល់សកលកម្ពុជា បញ្ជូនកីឡាករ កីឡាការិនី ៣រូបទៅហាត់នៅជប៉ុន ត្រៀមសុីហ្គេមឆ្នាំនេះ

នូ មករា September 3, 2019


 

ភ្នំពេញ៖ ក្នុងដំណើរត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងកីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះសហព័ន្ធប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាករ កីឡាការិនី ៣នាក់រួមមានកីឡាការិនី នៅ ស្រីពៅ និង វី ស្រីខួច ក៏ដូចជាកីឡាករ ណាត សៀកនិន (ហៅពេជ្រ ម្ទេសខ្មាំង) ទៅហ្វឹកហាត់នៅប្រទេសជប៉ុនក្នុងសប្តាហ៍ក្រោយនេះពោលគឺ​ចាប់ពីថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈដែលសហព័ន្ធក៏នឹងបញ្ជូនកីឡាករ ៤នាក់ផ្សេងទៀតទៅហ្វឹកហាត់នៅប្រទេសថៃរយៈពេល១ខែ មុនស៊ីហ្គេមចូលមកដើម្បីបង្កើនគុណភាពបច្ចេកទេសបន្ថែមសម្រាប់ពួកគេក្នុងការដណ្តើមមេដាយយកមកជូនជាតិមាតុភូមិរបស់ខ្លួន។

អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានដាក់ក្តីសង្ឃឹមថា សម្រាប់ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ពីថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នឹងបង្កើនបានមេដាយតាមគោលដៅរបស់ថ្នាក់ដឹកនាំសហព័ន្ធឲ្យបានច្រើន បន្ទាប់ពីស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ ប្រដាល់សកលឈ្នះបានមេដាយសំរឹទ្ធ ១គ្រឿង ដោយបានបញ្ជូនកីឡាករត្រឹមតែ ៥នាក់ប៉ុណ្ណោះ។

ទោះយ៉ាងនេះក្តីក៏លោកមិនរំពឹងខ្ពស់ពេកទេនៅក្នុងការប្រកួតឆ្នាំនេះ ដោយសារម្ចាស់ផ្ទះហ្វីលីពីនមានភាពខ្លាំងក្លាលើប្រភេទកីឡាប្រដាល់សកលនេះ ហើយបានរៀបចំវិញ្ញាសាប្រកួតជាច្រើន ប៉ុន្តែថ្នាក់ដឹកនាំសហព័ន្ធបានប្តេជ្ញាធ្វើយ៉ាងណាដណ្តើមមេដាយឲ្យបានពីរ មិនថាមេដាយមាស ប្រាក់ ឬសំរឹទ្ធ នោះឡើយ។

ចំពោះ ផែនការដណ្តើមមេដាយឲ្យបាន ២គ្រឿងនេះ គឺដើម្បីបំណែកកំណត់ត្រាចាស់ ដែលឈ្នះមេដាយសំរឹទ្ធ ១គ្រឿង កាលពីស៊ីហ្គេម ឆ្នាំ២០១៧ ក៏ដូចជាសម្រួចគោលដៅក្នុងដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខនៅកម្ពុជា ផងដែរ។

សូមបញ្ជាក់ថា ចំពោះការហ្វឹកហាត់នៅប្រទេសជប៉ុនមាន៤នាក់ រួមទាំងគ្រូបង្វឹកផង គឺទទួលបានកញ្ចប់ថវិកាឧបត្ថម្ភលើថ្លៃសំបុត្រយន្តហោះពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នូវថវិកាសរុបជិត៥ពាន់ដុល្លារសហរដ្ឋអាមេរិក ហើយ CAMSOC បានជួយសម្រួលបែបបទរដ្ឋបាល-នីតិវិធីហិរញ្ញវត្ថុងាយស្រួល និងឆាប់រហ័សផងដែរ រីឯការហូបចុក ស្នាក់នៅទទួលបានការជួយជ្រោមជ្រែងពីប្រធានក្លឹបនៅប្រទេសជប៉ុននោះផ្ទាល់តែម្តង។

សម្រាប់កីឡាករ កីឡាការិនីដែលកំពុងបង្កើនការហ្វឹកហាត់យ៉ាងសកម្មនេះមានចំនួន ៧នាក់ ក្នុងនោះ កីឡាករ ៥នាក់ ដូចជា សៅ រង្សី, បាំង ណុន, ណាត សៀកនិន (ហៅពេជ្រ ម្ទេសខ្មាំង), ស៊ឹម វិសិដ្ឋ និងកីឡាករ យ៉ុន ដារ័ត្ន។ រីឯកីឡាការិនី រួមមាន នៅ ស្រីពៅ និង វី ស្រីខួច។

ជាការកត់សម្គាល់ កីឡាប្រដាល់សកលនេះត្រូវបាន ក្រសួងអប់រំ យុវជន និងកីឡា ចាត់ចូលជាប្រភេទកីឡាមានសក្តានុពលមួយ ក្នុងប្រភេទកីឡាសក្តានុពលចំនួន៩ សម្រាប់ការដណ្តើមមេដាយនៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំនេះប្រទេសហ្វីលីពីន៕

 

កែសម្រួលដោយ៖ មករា

ប្រភព៖ PP Sea Games 2023

មតិយោបល់