សហព័ន្ធប្រដាល់គុនខ្មែរ និងទូរទស្សន៍ទាំង៥ ឯកភាពគ្នាឲ្យអ្នកប្រដាល់មួយរូបឡើងប្រកួតត្រឹម២ដង ក្នុងមួយខែ

មាស សុផាណារ៉ុង August 30, 2019


 

ភ្នំពេញ៖ ក្នុងខណៈដែលអ្នកប្រដាល់មួយចំនួនបានខូចខ្លួនដោយសារតែឡើងប្រកួតរាល់សប្ដាហ៍នោះ សហព័ន្ធប្រដាល់គុនខ្មែរ និងស្ថានីយ៍ទូរទស្សន៍ទាំង៥ ដែលមានកម្មវិធីប្រដាល់ប្រចាំសប្ដាហ៍នោះបានឯកភាពគ្នាទប់ស្កាត់ ដោយផ្ដលឱកាសដល់ពួកគេឲ្យប្រកួតតែ ២ដងប៉ុណ្ណោះក្នុងមួយខែ។

សូមបញ្ជាក់ថាដោយសារសង្វៀនប្រដាល់កើតមានច្រើនដែលក្នុងមួយសប្ដាហ៍រហូតដល់ទៅជាង ១០សង្វៀនហើយតម្រូវការអ្នកប្រដាល់រហូតដល់ទៅជាង ១០០នាក់ដើម្បីប្រកួតនោះធ្វើឲ្យអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេង និងអ្នកដែលទើបមានឈ្មោះបោះសម្លេងមានឱកាសឡើងសង្វៀនប្រកួតស្ទើរតែរាល់សប្ដាហ៍។

ពេលនេះស្ថានីយ៍ទូរទស្សន៍ទាំង៥គឺ អាស៊ីអាគ្នេយ៍, បាយ័ន ឬ BTV, CNC, PNN និងទូរទស្សន៍កងយោធពលខេមរភូមិន្ទ (ប៉ុស្ដិ៍លេខ៥) និងសហព័ន្ធប្រដាល់គុនខ្មែរ បានប្រកាសសហការគ្នាលែងឲ្យកើតមានករណីប្រកួតមួយខែ ៤ដងដោយអនុញ្ញាតឲ្យ កីឡាករម្នាក់ប្រកួតមួយខែ តែ ២ដងប៉ុណ្ណោះ គឺត្រូវតែមានការសម្រាកខ្លះ។

ស្ថានីយ៍ទូរទស្សន៍ទាំង៥ មន្រ្តីផ្គូរផ្គង នឹងលែងលាក់លៀមគ្នាពីគូប្រកួតរបស់ខ្លួន បន្ទាប់ពីផ្គូរផ្គងហើយ ពួកគេត្រូវតែដឹងពីគូប្រកួតរបស់គ្នាទៅវិញទៅមកដើម្បីកុំឲ្យអ្នកប្រដាល់ក្លិប គ្រូបង្វឹកលួចទៅដាក់សិស្សរបស់ខ្លួនទៅប្រកួតកន្លែងផ្សេង។

នេះជាលើកដំបូងហើយដែលអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់ទូរទស្សន៍ទាំង៥ ចាប់ដៃគ្នា និងបង្ហាញពីគូប្រកួតដល់គ្នាទៅវិញទៅមក។ ពួកគេនឹងបង្កើតការទំនាក់ទំនងតាមរយៈសារអេឡិចត្រូនិកដើម្បីទំនាក់ទំនងគ្នា។

ឯកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រមុខប្រដាល់គុនខ្មែរបានស្វាគមន៍នូវការសហការគ្នាបែបនេះ ជាមួយគ្នានេះលោកបានឲ្យតំណាងទូរទស្សន៍ទាំង៥រួម នឹងមន្ត្រីផ្គូរផ្គងត្រូវប្រើសារអេឡិចត្រូនិកនេះដោយមិនឲ្យមន្ត្រីដទៃដឹងឡើយ៕

 

រូបភាព៖ PP Seag Games 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់