វង្ស វិឆ័យ បង្ក្រាប ឆៃ សារ៉ា ដណ្ដើមយកមេដាយមាស Boostrong Gold Medal Fighter on Fire!

នូ មករា August 26, 2019


 

ភ្នំពេញ៖ ទោះបីអ្នកប្រដាល់ ឆៃ សារ៉ា សមាគមប្រដាល់ក្រសួងការពារជាតិបានបោះសំដីថាខ្សែក្រវាត់និងមេដាយមាសរបស់ព្រឹត្តិការណ៍ (Boostrong Gold Medal Fighter on Fire) ជារបស់គេក៏ពិតមែនក៏ប៉ុន្តែនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រនាព្រឹកថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ រូបគេបែរជាត្រូវបាក់អំណួតតែម្ដង។ គួររំលឹកថា មុនពេលប្រកួតផ្ដាច់ព្រ័ត្រមួយសប្ដាហ៍ ឆៃ សារ៉ា បាននិយាយចំអកឲ្យ វង្ស វិឆ័យ ថាខ្សែក្រវាត់និងមេដាយមាសនេះជារបស់គេ ក៏ប៉ុន្តែវិឆ័យបានចំអកឲ្ស សារ៉ា វិញដែរថា រូបគេ (វិឆ័យ) ទើបស័ក្តិសមនឹងស្ពាយខ្សែក្រវាត់និងមេដាយមាសនេះត្រឡប់ទៅផ្ទះវិញ។

ទីបំផុត ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ សារ៉ា ពិតជាប្រឹងប្រែងមែនដោយរូបគេព្យាយាមវាយសម្រុកលើ វិឆ័យ តែជាការមិនបានផលនោះទេ។ សម្រាប់ វិឆ័យ វិញមានប្រៀបទាំងកម្លាំង ទាំងកលល្បិចហើយការវាយចេញចំគោលដៅបានល្អណាស់។ ជាលទ្ធផល ក្នុងការប្រកួតដែលមាន៥ទឹកនោះចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យវិឆ័យឈ្នះគ្រប់ៗគ្នាជារួមគឺ វង្ស វិឆ័យ ឈ្នះ ឆៃ សារ៉ា ក្នុងសម្លេង ៥ទល់០ តែម្តង។ ជ័យជម្នះនេះបានធ្វើឱ្យ កីឡាករ វង្ស វិឆ័យ បានក្លាយជាម្ចាស់ Gold Medal រជ្ជកាលទី១ដែលបានទទួលមេដាយមាស១គ្រឿង ខ្សែក្រវាត់១ និងរង្វាន់អម ៥.០០០ដុល្លារផងដែរ។ ចំពោះ ឆៃ សារ៉ា ដែលបានចំណាត់ថ្នាក់លេខ២បានទទួលរង្វាន់ចំនួន ២.៥០០ដុល្លារ។

ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះ អ្នកប្រដាល់ យ៉ាម ខេមរា មកពីក្លិបរស្មីកុមារកំព្រាប្រកួតឈ្នះ នន់ ជំនិត ក្លិបស្វាយរលំឬទ្ធិជ័យដោយពិន្ទុដាច់ព្រោះចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យ ខេមរា ឈ្នះ ជំនិត គ្រប់ៗគ្នាទាំង៥រូប។ សម្រាប់ ខេមរា ដែលទទួលបានចំណាត់ថ្នាក់លេខ៣បានរង្វាន់ ១.០០០ដុល្លារ រីឯ នន់ ជំនិត ដែលចាញ់ក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣នោះបានរង្វាន់លើកទឹកចិត្ត៥០០ដុល្លារ ៕

 

រូបភាព៖ Looking Today

អត្ថបទ៖ វ៉ាន្នី

មតិយោបល់