គុនល្បុក្កតោកម្ពុជា រៀបចំការប្រកួតដ៏ធំផ្តុំដោយជើងខ្លាំង និងយុវជនបន្តវេននៅថ្ងៃអាទិត្យខាងមុខនេះ!

នូ មករា August 22, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រកាសពីការរៀបចំព្រឹត្តិការណ៍ប្រកួត «អ្នកលេងគុនល្បុក្កតោ» នឹងរៀបចំឡើងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៦:០០ល្ងាចតទៅនៅសាលជាន់ផ្ទាល់ដីនៃអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

តាមប្រកាសជាផ្លូវការបានបន្ថែមថា សង្វៀនថ្មីសន្លាងនេះនឹងប្រមូលផ្តុំទៅដោយអ្នកលេងគុនល្បុក្កតោខ្លាំងៗពិសេសគឺយុវជនបន្តវេនដែលជាធនធានសម្រាប់ត្រៀមតំណាងប្រទេសកម្ពុជានៅក្នុងការស៊ីហ្គេមឆ្នាំ២០២៣តែម្តង។ អ្វីដែលពិសេសនោះគឺ​ កម្មវិធីនេះនឹងបើកឲ្យមហាជនចូលទស្សនាដោយសេរីផងដែរ។

សូមបញ្ជាក់ថា «ល្បុក្ក» មានន័យថាវាយ ឬក្បាច់គុន ចំណែក «តោ» គឺសំដៅលើសត្វតោ ឬអនុភាព ដូច្នេះ «ល្បុក្កតោ» គឺសំដៅលើកំពូលក្បាច់គុនប្រកបដោយអនុភាព ឬខ្លាំងដូចសត្វតោ ហើយក្បាច់គុនបុរាណខ្មែរនេះមានអាយុកាលជាង ២ពាន់ឆ្នាំមកហើយដោយរួមមានមាន ១២ទ្វារ និងរាប់ពាន់ស្នៀត។ ក្នុងនោះដែរ ពីទ្វារទី១ ដល់ ទ្វារទី៨ គឺការពារ និងវាយបកសត្រូវ ចំពោះពីទ្វារទី៩ ដល់ ទ្វារទី១២ គឺវិធីសាស្ត្រប្រើប្រាស់អាវុធ។ ជាការកត់សម្គាល់ ល្បុក្កតោ ក៏ជាប្រភេទយុទ្ធគុនដ៏ចំណាស់បំផុតមួយក្នុងពិភពលោក​ខណៈដែលប្រទេសកម្ពុជាកំពុងស្នើសុំបញ្ចូលគុនបូរាណមួយនេះទៅក្នុងបញ្ជីបេកតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូថែមទៀតផង៕

ខាងក្រោមនេះជាវីដេអូនៃប្រវត្តិត្រួសៗរបស់គុនល្បុក្កតោខ្មែរ៖

 

អត្ថបទ៖ មករា

មតិយោបល់