អាជ្ញាកណ្ដាលចៅក្រមប្រដាល់គុនខ្មែរ ៦៤រូប មានតែ ៩រូប ទទួលបាននិទ្ទេសល្អ ក្នុងវគ្គបណ្ដុះបណ្ដាល

មាស សុផាណារ៉ុង August 9, 2019


 

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមប្រដាល់គុនខ្មែរ ដែលចាប់ផ្ដើមពីថ្ងៃទី០៥ ខែសីហា មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី០៨ ខែសីហា។

លោក ហេង សុឃន ដែលជាអនុប្រធានសហព័ន្ធ និងជាអ្នកគ្រប់គ្រងវគ្គនេះដោយផ្ទាល់នោះបានឲ្យដឹងថា តាមការគ្រោងទុកវគ្គនេះមានសិក្ខាកាមចូលរួម ៨៤រូប ប៉ុន្តែដោយសារសិក្ខាកាមទាំងនោះសុទ្ធតែរវល់នោះទើបសិក្ខាកាមចូលរួមសរុបមានចំនួនតែ ៦៤រូប។

លោកបន្ដថា ដោយសារសិក្ខាកាមមួយចំនួនមិនសូវចេះអក្សរ មានកម្រិតវប្បធម៌ទាប ហេតុនេះការធ្វើតេស្តមិនធ្វើដោយសំណេរឡើយគឺធ្វើតេស្តដោយផ្ទាល់មាត់។ ការធ្វើតេស្តតេស្តដោយផ្ទាល់មាត់នេះ មានសិក្ខាកាមតែចំនួន ៩រូបប៉ុណ្ណោះ ដែលទទួលបាននិទ្ទេស A ខណៈ ១៧រូប ទទួលបាននិទ្ទេស B និង ៣៨រូប ទទួលបាននិទ្ទេស C។

ឯកឧត្តមប្រធានសហព័ន្ធ តែម ម៉ឺន បានអះអាងថានេះជាវគ្គមួយដែលបណ្ដុះបណ្ដាលតាមស្ដង់ដារ ហើយអ្នកបានទទួលនិទ្ទេស B និង C ត្រូវតែត្រៀមខ្លួនមកសិក្សាបន្ត ព្រោះខ្លះធ្វើការរាប់ឆ្នាំហើយនៅតែយ៉ាប់ទៀត។ លោកបន្តថារាល់ការបណ្ដុះបណ្ដាលនីមួយៗត្រូវចំណាយថវិកាច្រើន ដែលនេះជាលុយរបស់ក្រសួងអប់រំ យុវជន និង កីឡា។

លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានបញ្ជាក់ថា នៅឆ្នាំ២០២៣ ពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ នោះបើប្រដាល់គុនខ្មែរមិនមានចៅក្រម អាជ្ញាកណ្ដាលកម្រិតអន្តរជាតិទេនោះនៅតែមានបញ្ហាដដែល។ លោកបានសំណូមពរឲ្យប្រធានសហព័ន្ធប្រដាល់គុនខ្មែរ គួររកអ្នកចេះភាសាហើយបញ្ជូនពួកគេទៅសិក្សានៅក្រៅប្រទេស ឬអញ្ជើញគ្រូពីក្រៅប្រទេសមកបណ្ដុះបណ្ដាលក្នុងស្រុក? ពេលវេលាសម្រាប់ឆ្នាំ២០២៣ នៅខ្លីណាស់៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់