ប្រដាល់គុនខ្មែរ ត្រៀមប្រកួតរកអ្នកខ្លាំងសម្រាប់កីឡាអាស៊ីអាគ្នេយ៍ ចុងឆ្នាំនេះ នៅប្រទេសហ្វីលីពីន

មាស សុផាណារ៉ុង August 5, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកំណត់ពីឈ្មោះអ្នកប្រដាល់ខ្លាំងៗរួចហើយដើម្បីប្រជែងគ្នាយកកៅអីសម្រាប់ចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ ( 30th SEA Games ) នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ។

កីឡាអាស៊ីអាគ្នេយ៍ លើកនេះក្រៅពីប្រដាល់ដែលគេដាក់ឈ្មោះថាមួយ ( Muay ) ដែលគេសំដៅលើក្បាច់ប្រដាល់របស់ថៃ ដែលខ្មែរយើងហៅថាគុនខ្មែរនោះ គឺនៅមានប្រភេទកីឡាប្រយុទ្ធមួយទៀតដែលគេហៅថា Kick Boxing។

Kick Boxing គឺជាប្រភេទកីឡាប្រយុទ្ធដែលវ៉ៃស្រដៀងគ្នាជាមួយក្បាច់ប្រដាល់សេរី ឬគុនខ្មែរដែរតែប្រភេទកីឡានេះគេ ប្រើតែកណ្ដាប់ដៃ ប្រើជើងទាត់ និងប្រើជង្គង់ តែមិនឲ្យអោបដើម្បីប្រើជង្គង់ទេតែគេអាចអោបក្នុងរយៈពេលខ្លីបំផុតហើយច្រានចេញភ្លាម ហើយប្រកួតតែ ៣ទឹក ប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន មានជំនឿចិត្តថាប្រភេទកីឡានេះកម្ពុជាមានសង្ឃឹមដណ្ដើមបានមេដាយ។ ទោះបីមានការហាមឃាត់មិនឲ្យប្រើកែងក៏ពិតមែន តែអ្នកប្រយុទ្ធគុនខ្មែររបស់កម្ពុជា អាចវ៉ៃបាន ហើយការមិនឲ្យប្រើកែងបែបនេះកម្ពុជាកាន់តែហ៊ានក្នុងការប្រកួតទៀតផង។

លោកឧត្តមសេនីយ៍ឯកប្រធានសហព័ន្ធបានអះអាងថាសម្រាប់ Kick Boxing នេះលោកបានត្រៀមចំនួន ៦ប្រភេទទម្ងន់ សម្រាប់ទៅចូលរួមប្រកួត ក្នុងនោះមួយប្រភេទទម្ងន់លោកត្រៀម ២នាក់ដើម្បីឲ្យគេហ្វឹកហាត់បន្ទាប់មកលោកនឹងឲ្យពួកគេប្រកួតគ្នាដោយមួយប្រភេទទម្ងន់យកតែម្នាក់ប៉ុណ្ណោះ។ នរណាឈ្នះ គឺជាអ្នកបានទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនាចុងឆ្នាំនេះ។ ចំពោះប្រដាល់គុនខ្មែរលោកត្រៀមចំនួន ៥ប្រភេទទម្ងន់ ផងដែរសម្រាប់ទៅចូលរួមស៊ីហ្គេម។

ចាំបានថា កាលពីកីឡាអាស៊ីអាគ្នេយ៍ លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ប្រដាល់គុនខ្មែរដណ្ដើមបានមេដាយមាស ប្រាក់ និង សំរិទ្ធ ខណៈលើកនេះកម្ពុជាមានជំនឿចិត្តថានឹងរកបានមេដាយទៀតជាមិនខានឡើយ៕

 

អត្ថបទ៖ វ៉ាន្នី 

មតិយោបល់