ជម្រើសជាតិនារីកម្ពុជា គ្រោងប្រកួតកកម្ដៅសាច់ដុំក្នុងស្រុក ៣ប្រកួត មុនចេញទៅថៃ

មាស សុផាណារ៉ុង August 3, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ជាផ្លូវការហើយ បន្ទាប់ពីចម្រាញ់បានកីឡាការិនីឆ្នើមចំនួន ២៣នាក់ ដើម្បីត្រៀមការប្រកួតកីឡាបាល់ទាត់នារីជម្រើសជើងឯកអាស៊ីអាគ្នេយ៍ AFF Women’s Championship 2019 នៅប្រទេសថៃ នាពេលឆាប់ៗខាងមុខ។

បើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងឱកាសប្រមូលផ្ដុំក្នុងស្រុកនេះ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងមានការប្រកួតមិត្តភាពលក្ខណៈកម្ដៅសាច់ដុំចំនួន ៣ប្រកួត នៅពហុកីឡដ្ឋានជាតិ ខណៈប្រកួតទី១ ត្រូវក្រុមបាល់ទាត់នារី នៃក្លឹបភ្នំពេញក្រោន នាល្ងាចថ្ងៃទី០៣ ខែសីហានេះ មុនបន្ដជួបក្រុមនគររាជ ដែលជាក្រុមបុរសចំនួន ២ប្រកួតទៀត នាថ្ងៃទី០៧ និងថ្ងៃទី១០ ខែសីហាខាងមុខ។

គួរដឹងថា ការប្រមូលផ្ដុំហ្វឹកហាត់នេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី៣១ ខែកក្កដា ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក អ៊ុំ សាវង្ស ហើយតាមគម្រោងហាត់រហូតដល់ថ្ងៃទី១២ ខែសីហា មុនចេញដំណើរទៅប្រទេសថៃ នៅថ្ងៃបន្ទាប់ ដើម្បីត្រៀមការប្រកួតពានរង្វាន់បាល់ទាត់នារីប្រចាំតំបន់អាស៊ានខាងលើ ដោយកម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗ មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូនេស៊ី។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែសីហាខាងមុខ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់