មន្ទីរពេទ្យព្រះអង្គដួងនឹងព្យាបាលរបួសឥតគិតថ្លៃដល់អ្នកប្រដាល់ក្នុងកម្មវិធី Khmer Inter Championship

នូ មករា August 2, 2019


ភ្នំពេញ៖ នេះជាលើកដំបូងហើយសម្រាប់ប្រភេទកីឡាប្រដាល់គុនខ្មែរដែលទទួលបានសិទ្ធិក្នុងការព្យាបាលរបួសដោយឥតគិតថ្លៃបន្ទាប់ពីប្រកួតនៅលើសង្វៀននៅតាមស្ថានីយ៍ទូរទស្សន៍រួចខណៈដែលកន្លងមកមានតែការព្យាបាលបន្តិចបន្តួចពីគ្រូពេទ្យដែលប្រចាំនៅសង្វៀនប្រកួតតែប៉ុណ្ណោះ។

ទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ លោក ម៉ក់ សំអុល បានថ្លែងថា៖ «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់នាយក និងក្រុមការងារនៃមន្ទីរពេទ្យព្រះអង្គដួងយ៉ាងខ្លាំងដែលបានយកចិត្តទុកដាក់សហការចូលរួមជួយពិនិត្យព្យាបាលជូនកីឡាកររបស់យើងគឺក្នុងគោលបំណងដើម្បីជាតិមាតុភូមិ ព្រោះព្រឹត្តិការណ៍ KIC នេះត្រូវបានរៀបចំឡើងដើម្បីលើកស្ទួយវិស័យកីឡាឆ្ពោះទៅស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ នៅកម្ពុជា»។ លោកបានបន្ថែមថា៖ «នេះជាការទទួលខុសត្រូវមួយដ៏ធំរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គដួងដែលបានស្វាគមន៍ និងសហការទទួលជួយព្យាបាលដល់កីឡាករ ដែលរងរបួស មិនគិតប្រាក់ ព្រោះកន្លងមកកីឡាកររងរបួសមានការលំបាកប៉ុន្តែពេលនេះការត្រៀមសង្គ្រោះក៏ដូចរង់ចាំការពិនិត្យព្យាបាលជួនកីឡាកររងរបួស គឺ ២៤ ម៉ោងជាការងារជួយក្នុងសង្គមជាតិល្អណាស់»


ជាមួយគ្នានេះ លោក តែម ម៉ឺន ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណខ្លាំងបំផុតដែលថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គឌួងបានចូលរួមសហការក្នុងការជួយពិនិត្យព្យាបាលជូនកីឡាករ ព្រោះពីមុនសហព័ន្ធមានការលំបាកខ្លាំងណាស់ពេលកីឡាកររបួស តែពេលនេះយើងបានពិភាក្សារកដំណោះស្រាយល្អគឺខ្ញុំសូមអរគុណខ្លាំងណាស់»


តំណាងបច្ចេកទេសគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យព្រះអង្គដួងលោក លឹម ហ៊ាបលី បានលើកឡើងថា៖ «មន្ទីរពេទ្យទទួលស្វាគមន៍ និងទទួលពិនិត្យព្យាបាលជូនគ្រប់ពេលវេលានូវករណីរងរបួស ក្រោយពេលប្រកួត ប៉ុន្តែលោកគ្រូពេទ្យប្រចាំសង្វៀនត្រូវមានលិខិតសម្គាល់ ឬលិខិតបញ្ជូនជាឯកសាររដ្ឋបាលឲ្យបានត្រឹមត្រូវ ឬក្នុងករណីជាបន្ទាន់អាចទំនាក់ទំនងតាមទូរស័ព្ទភ្លាមៗ ដើម្បីឲ្យក្រុមជំនាញគ្រូពេទ្យ ត្រៀមលក្ខណៈបច្ចេកទេសឲ្យបានល្អ និងទាន់ពេលវេលា ដើម្បីសង្គ្រោះព្រោះនេះជាការរួមចំណែកមួយរបស់មន្ទីរពេទ្យក្នុងការជួយដល់សកម្មភាពក្នុងសង្គមជាតិ»


គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យព្រះអង្គដួងបានឯកភាពទៅតាមសំណើរបស់សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃក្នុងការព្យាបាលកីឡាករដែលមានរបួសពីការប្រកួត Khmer Inter Championship (KIC) រៀងរាល់ថ្ងៃអាទិត្យនៅសង្វៀនរោងសៀកដោយមិនយកប្រាក់បន្ទាប់ពីភាគីទាំង ២ និងគ្រូពេទ្យប្រចាំសង្វៀនមួយនេះបានពិភាក្សាគ្នាកាលពីថ្ងៃអាទិត្យកន្លងទៅ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់