ឧត្តមសេនីយ៍ឯក តែម ម៉ឺន៖ សហព័ន្ធកីឡាប្រដាល់ នឹងបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសដែលសិក្ខាកាម ត្រូវមានបរិញ្ញាប័ត្រ

មាស សុផាណារ៉ុង August 1, 2019


 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសជាផ្លូវការហើយថាលោកនឹងបើកវគ្គបណ្ដុះបណ្ដាលកម្រិតបឋមមួយវគ្គ និងបំប៉នមន្ត្រីចាស់ៗ មួយវគ្គនាខែសីហា ខាងមុខនេះដើម្បីបង្កើនសមត្ថភាពដល់មន្រ្តីរបស់សហព័ន្ធឲ្យបំពេញការងារកាន់តែមានប្រសិទ្ធិភាព។

វគ្គបបំប៉នដល់មន្ត្រីចាស់ៗនឹងធ្វើរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។ លោកបានបញ្ជាក់ថាប្រសិនបើមិនមានការបំប៉នឲ្យបានញឹកញាប់ទេ នោះការបំពេញការងាររបស់មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ប្រាកដជាមានភាពរយីករយាកមិនខាន។

ក្រៅពីការបើកវគ្គបំប៉ននេះសហព័ន្ធ នឹងបើកវគ្គបណ្ដុះបណ្ដាលកម្រិតបឋមដល់អាជ្ញាកណ្ដាល មន្ត្រីបច្ចេកទេស ដែលសិក្ខាកាម គឺត្រូវតែមានកម្រិតបរិញ្ញាប័ត្រ ជាគ្រូអប់រំកាយ និងកីឡា ជាមន្ត្រីការិយាល័យដែលពាក់ព័ន្ធជាមួយកីឡា ហើយក៏មានជនបរទេសមួយចំនួនដែរ។ វគ្គបណ្ដុះបណ្ដាលនេះនឹងបើកឡើងរយៈពេល ៤ថ្ងៃដែរ គឺពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា។ សិក្ខាកាមដែលចូលសិក្សាក្នុងវគ្គនេះ មិនតម្រូវឲ្យមានក្លិប ឬសមាគមប្រដាល់ឡើយ។

សូមបញ្ជាក់ថា វគ្គនេះគាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា ហើយនេះជាការបោះជំហានទៅធ្វើវិសុទ្ធកម្មដើម្បីឲ្យរាល់ការប្រកួតកាន់តែមានគុណភាព ហើយការបារម្ភអំពីទុច្ចរឹតភាពរបស់ចៅក្រម អាជ្ញាកណ្ដាល កាន់តែឃ្លាតឆ្ងាយពីអារម្មណ៍របស់កីឡាករ និងក្លឹបដែលជាសមាជិក៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់