ចាន់ រតនា ត្រៀមវិធីសាស្ត្រទប់ទល់ម្ចាស់មេដាយមាស Pan American Games នាខែសីហានេះ

មាស សុផាណារ៉ុង July 31, 2019


ភ្នំពេញ៖ អ្នកប្រដាល់វាយក្នុងទ្រុង Gustavo Balart ពិតជាខ្លាំងដែលបានធ្វើឱ្យអ្នកប្រដាល់កម្ពុជា ចាន់ រតនា ត្រៀមវិធីសាស្ត្រជាច្រើនដើម្បីទប់ទល់ព្រោះកីឡាករសញ្ជាតិគុយបារូបនេះមានប្រវត្តមិនធម្មតាឡើយក្នុងវិស័យ ONE ក៏ដូចជាការប្រកួតប្រជែងយកមេដាយសម្រាប់ប្រទេសជាតិរបស់គេ។ ជំនួបប្រកួតដ៏ក្ដៅគគុកជាមួយនឹងតម្លៃខ្លួនខ្ពស់រហូតទៅដល់ ៧ពាន់ដុល្លារអាម៉េរិកសម្រាប់អ្នកឈ្នះនេះនឹងចាប់ផ្ដើមនាពាក់កណ្ដាលខែសីហាខាងមុខនេះពោលគឺសង្វៀន ONE: DREAMS OF GOLD នៅក្រុងបាងកកប្រទេសថៃនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ឆាប់ៗនេះ។

ជាមួយគ្នានេះដែរ ក្រុមការងារបច្ចេកទេសរបស់ ចាន់ រតនា បានពិនិត្យឃើញថា កីឡាករកម្ពស់ត្រឹម ១,៥០ ម៉ែត្រ Gustavo មានមាឌមាំណាស់ហើយគេក៏ជាជើងខ្លាំងផ្នែកចំបាប់ក្នុងប្រទេសរបស់គុយបាដោយធ្លាប់ឈ្នះមេដាយមាសពីព្រឹត្តិការណ៍ Pan American Games ផងដែរ។ ចាន់ រតនា បានឱ្យដឹងថា៖ «ខ្ញុំបានតាមដានវីដេអូច្រើនអំពី Gustavo ខ្ញុំឃើញគេវាយជាមួយ Tatsumitsu Wada នាប្រកួតចុងក្រោយដូចអត់សូវហ៊ានចូលចាប់ ខ្ញុំមិនដឹងថាពេលហ្នឹងយ៉ាងម៉េចទេ ប៉ុន្តែខ្ញុំមើលឃើញក្បាច់ចំបាប់គេល្អណាស់ និងបទពិសោធន៍ច្រើនណាស់នៅសង្វៀន MMA»។ រូបគេបានបន្ថែមថា៖ «ពួកប្រភេទកីឡាករមានប្រភពពីចំបាប់នេះ ពិតជាលំបាកចូលជិតណាស់ ហេតុនេះការប្រកួតលើកដំបូងនៅទឹកដីថៃខែក្រោយនេះគឺជាក្តីបារម្ភខ្លាំងរបស់ខ្ញុំ។ ទោះជាយ៉ាងណា ខ្ញុំត្រូវត្រៀមហ្វឹកហាត់ស្តារកម្លាំងឲ្យបានល្អ ព្រោះយើងត្រូវចូលវ៉ៃឲ្យដៃគូស្រុតកម្លាំងសិន ទើបយើងអាចចូលកៀកបោកមានប្រៀបជាង»

គួររំលឹកថា នៅក្នុងពិភពគុនចម្រុះបានចំនួន ១០ លើក Gustavo ធ្វើបានល្អខ្លាំងណាស់ដោយឈ្នះ ៨ ដងនិង ចាញ់ត្រឹម ២ ដងប៉ុណ្ណោះ លើសពីនេះទៅទៀត Gustavo មានកំណត់ត្រាល្អបំផុតក្នុងការប្រកួតលើសង្វៀនគុនចម្រុះ ព្រោះគេមិនដែលចាញ់ទាល់តែសោះពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៧។ ទោះបីយ៉ាងណាអ្នកប្រដាល់មុខស្រស់របស់កម្ពុជាបានបញ្ជាក់ថា៖ «កណ្តាប់ដៃល្អ ការទាត់ធ្ងន់ និងយុទ្ធសាស្ត្រដោះឃ្លេដៃ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ដែលខ្ញុំអាចធ្វើបាន ដើម្បីទទួលបានលទ្ធផលល្អ»។ ចំពោះការលើកឡើងបែបនេះគឺ រតនា ចង់រំឭកពីជ័យជម្នះ ២ ប្រកួតជាប់គ្នាដែលរូបគេធ្វើបាននៅ ONE ដោយរូបគេបានផ្តួលកីឡាករឥណ្ឌូនេស៊ីទាំង ២ នាក់គឺ Rudy Agustian កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩ និង Abrou Fernandes កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ឲ្យសន្លប់ត្រឹមទឹកទី២ ដូចគ្នា។

ចាន់ រតនា ជាអ្នកប្រយុទ្ធម្នាក់ដែលមានបទពិសោធន៍ហ្វឹកហាត់ និងប្រកួតកីឡាច្រើនប្រភេទមានកម្រិតបច្ចេកទេសល្អក្នុងនោះមានហាប់គីដូ វ៉ូវីណាម ការ៉ាតេ ចំបាប់ ប្រដាល់គុនខ្មែរយុទ្ធគុនក្រម ហើយក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះរូបគេបែរមកជាប់ចិត្តប្រភេទកីឡាវ៉ៃដាក់ទ្រុង MMA និង ONE Championship នេះតែម្តង តែរូបគេនៅតែឆ្មក់ឡើងប្រដាល់គុនខ្មែរខ្លះដែរក្នុងចន្លោះពេលសម្រាកពីប្រកួតនៅ ONE Championship ។ បើតាមមិត្តរួមអាជីពបានឱ្យដឹងថា សម្រាប់ការប្រកួតនេះ បើសិនជាចាន់ រតនា ឈ្នះជើងខ្លាំងប្រចាំប្រទេសគុយបានេះបាន រតនា នឹងល្បីខ្លាំងទាំងក្នុង និងក្រៅប្រទេសហើយនឹងឈានទៅប្រកួតកម្រិតពិភពលោកដែលមានតម្លៃខ្លួនអាចឈានទៅដល់ម៉ឺនដុល្លារក្នុង១ប្រកួតជាក់ជាមិនខាន៕ អត្ថបទ៖ ប៉ាវឡុង ជីង

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់