រាជធានីភ្នំពេញ និងចម្រាញ់ជ្រើសរើសកីឡាករប្រដាល់ត្រៀមជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩

មាស សុផាណារ៉ុង July 31, 2019


 

ភ្នំពេញ៖ បើតាមការប្រកាសរបស់ មន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ កន្លងទៅថ្មីៗនេះបានឱ្យដឹងថា មានអ្នកប្រដាល់គុនខ្មែរ និងប្រដាល់សកល សរុបចំនួន១២០នាក់ មកពី ១៣ក្លឹបក្នុងរាជធានីភ្នំពេញ នឹងធ្វើការប្រកួតជម្រុះជ្រើសរើសជើងឯកប្រចាំរាជធានីភ្នំពេញ ដើម្បីត្រៀមខ្លួន ចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ចុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

ការប្រកួតជ្រើសរើសជើងឯកថ្នាក់រាជធានី នេះគឺធ្លាប់រៀបចំជារៀងរាល់ឆ្នាំ ប៉ុន្តែកាលពីឆ្នាំ២០១៨ មានការខកខានម្តង ហើយឥឡូវឆ្នាំនេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ទទួលរៀបចំឡើងវិញដោយគាំទ្រថវិកាប្រចាំឆ្នាំ២០១៩ ពីក្រសួងអប់រំ យុវជន និងកីឡា និងប្រើប្រាស់មន្ត្រីបច្ចេកទេសជំនាញពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាតែម្តង។

បើតាមប្រធានការិយាល័យកីឡានៃ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ស្រេង សេង បានឱ្យដឹងថា៖ «តម្លៃខ្លួននៃការប្រកួតរបស់កីឡាករ កីឡាការិនី គឺនៅទាបព្រោះជាថវិកាដែលក្រសួងអប់រំ យុវជន និងកីឡាផ្តល់ជូនតាមគម្រោងផែនការគឺយើងមិនអាចប្រៀបធៀបការប្រកួតនេះទៅនឹងការប្រកួតរៀងរាល់ប្រចាំចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍របស់វិស័យឯកជនដែលប្រកួតផ្តោតទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មនោះឡើយ»។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្លឹបទាំង ១៣ ដែលបានចូលរួមការប្រកួតនេះមានក្លិបពុទ្ធសេរីវង្ស, សែនសុខ, ព្រែកលៀប,កុមារមានរិទ្ធ,នាគរាជចតុមុខ, អេភូថង, ទន្លេ បាសាក់,នាគមានជ័យ, តាឡីដំរីមានរិទ្ធ, វិបុលពោធិ៍សែនជ័យ, និរោធមានជ័យ, យុវជនវាលស្បូវ និងក្លិបរស្មីកុមារកំព្រាដែលសរុបមានកីឡាករ ១៩២ នាក់ និងកីឡាការិនី ៨ នាក់ ហើយពួកគេត្រូវប្រកួតប្រជែងគ្នាក្នុងប្រភេទទម្ងន់ពី ៤៥ គីឡូក្រាមដល់ ៧១ គីឡូក្រាមក្នុងនោះមានកីឡាប្រដាល់គុនខ្មែរ ៦៧ នាក់ និងប្រដាល់សកលចំនួន ៥៣ នាក់ដែលពួកគេត្រូវប្រកួតប្រជែងក្នុង ៨ ប្រភេទទម្ងន់ដូចគ្នា៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់