ចាន់ សំអាត ខកខានឡើងសង្វៀន ONE ម្ដងទៀតក្រោយជំងឺរលាកស្បែកកំភួនជើងមិនទាន់ជា

មាស សុផាណារ៉ុង July 26, 2019


 

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកជំនាញក្បាច់គុនចម្រុះ ចាន់ សំអាត ត្រូវបានគ្រូបង្វឹករបស់ខ្លួន ដកឈ្មោះចេញពីការប្រកួតសង្វៀន ONE Championship ជាថ្មីនាថ្ងៃទី០៦ ខែ សីហា ខាងមុខនេះ ដោយសារមិនទាន់ជាសះស្បើយពីជំងឺរលាកស្បែកកំភួនជើង។

ចាន់ សំអាត ជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ៣ ឬហៅថា ជើងឯកកីឡាវាយក្នុងទ្រុង វគ្គ៣របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន និង MyTV។

ក្នុងការប្រកួតចុងក្រោយនៅសង្វៀន ONE ចាន់ សំអាត ចាញ់ពិន្ទុកីឡាករម៉ុងហ្គោលី Shinechagtaga Zoltsetseg កាលចុងខែមេសា ឆ្នាំ២០១៩។ សំអាតបានឱ្យដឹងថា៖ «ច្បាប់នៅ​ONE គេតឹងតែងណាស់ បើឃើញស្នាមរបួសខ្ញុំមិនទាន់ជាបែបនេះ ក៏គេមិនឲ្យប្រកួតដែរ។ ដូច្នេះមានតែរង់ចាំឱកាសលើកក្រោយទៀតប៉ុណ្ណោះ»។

«ពេលខ្ញុំឡើងវ៉ៃ ខ្សែក្រវាត់ គឺខ្ញុំពាក់សាលូជើងដើម្បីកុំឲ្យគេឃើញស្នាម។ មួយរយៈនេះខ្ញុំជាប់វ៉ៃខ្សែក្រវាត់ផង។ ប៉ុន្តែបើអត់ជាប់វៃខ្សែក្រវាត់ក៏ខ្ញុំហ្វឹកហាត់ MMA អត់កើតដែរបង… ព្រោះខ្ញុំត្រូវប្រើក្បាច់ចាប់ ហើយត្រូវប៉ះរបួសដដែល។ ខ្ញុំពិបាកហ្វឹកហាត់ MMA»។ ចាន់ សំអាត បានបន្ថែម។

ទាក់ទងនឹងបញ្ហានេះ លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកនៅក្លិប Cambodian Top Team បានឱ្យថា៖ «ខ្ញុំសម្រេចចិត្តដកឈ្មោះ ចាន់ សំអាត ចេញពីបញ្ជីប្រកួតនៅ សង្វៀន ONE នាដើមខែសីហា នៅប្រទេសសិង្ហបុរីហើយ ព្រោះរបួសមិនទាន់ជាសះស្បើយ ១០០ភាគរយ។ កន្លងមកថ្មីៗនេះ ហ្វឹកហាត់ MMA ក៏អត់កើតដែរ ព្រោះរលាកស្បែកកំភួនជើង»។

គួបញ្ជាក់ផងដែរថា ចាន់ សំអាត របួសរលាកបំពង់ស៊ីម៉ុំាងម៉ូតូចំកំភួនជើងខាងស្ដាំរយៈពេលជាង ១ខែមកហើយ ខណៈដែលស្មងជើងក៏មានបញ្ហារបួសដូចគ្នា៕

 

រូបភាព៖ ONE Championship

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់