ចាន់ រតនា សង្ឃឹមយក ៧ពាន់ដុល្លារពី Gustavo “El Gladiador” Balart បាននៅថៃ

មាស សុផាណារ៉ុង July 25, 2019


 

ភ្នំពេញ៖ នេះជាជំនួបដ៏សំខាន់បំផុតរបស់អ្នកប្រដាល់គ្បាច់គុនចម្រុះ ចាន់ រតនា នៅសង្វៀន ONE Championship ដែលអាចផ្ដល់ទឹកប្រាក់ឱ្យរូបគេរហូតទៅដល់ ៧ពាន់ដុល្លារ បើសិនជាឈ្នះ កីឡាករគុយបាឈ្មោះថា Gustavo “El Gladiador” Balart នៅប្រទេសថៃនាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៩ ក្នុងកិច្ចសន្យាថ្មីរបស់សង្វៀន ONE។

ការជួប Gustavo នៅក្នុងការប្រកួតបើកឆាកក្នុងកិច្ចសន្យាថ្មីនេះ វាបានក្លាយជាឧបសគ្គយ៉ាងធំមួយចំពោះ ចាន់ រតនា ក្នុងការស្វែងរកជ័យជម្នះ ដើម្បីបើកផ្លូវទៅយកតម្លៃខ្លួន ៧,០០០ ដុល្លារអាមេរិក ព្រោះកីឡាករគុយបា រូបនោះមានមាឌមាំ និងជើងខ្លាំងផ្នែកចំបាប់ក្នុងគុយបា ដោយធ្លាប់ឈ្នះមេដាយមាសពីព្រឹត្តិការណ៍ Pan American Games ផងដែរ។

ចំណែកឯ ចាន់ រតនា ជាអ្នកប្រយុទ្ធម្នាក់ដែលមានបទពិសោធន៍ហ្វឹកហាត់ និងប្រកួតកីឡាច្រើនប្រភេទមានកម្រិតបច្ចេកទេសល្អក្នុងនោះមានហាប់គីដូ វ៉ូវីណាម ការ៉ាតេ ចំបាប់ ប្រដាល់គុនខ្មែរយុទ្ធគុនក្រម ហើយក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ រតនា មកជាប់ចិត្តប្រភេទកីឡាវ៉ៃដាក់ទ្រុង MMA និង ONE Championship នេះតែម្តង តែរូបគេនៅតែឆ្មក់ឡើងប្រដាល់គុនខ្មែរខ្លះដែរក្នុងចន្លោះពេលសម្រាកពីប្រកួតនៅ ONE Championship។

ទាក់ទងនឹងបញ្ហានេះ ចាន់ រតនា បានឱ្យដឹងថា៖ «ពួកប្រភេទកីឡាករមានប្រភពពីចំបាប់នេះ ពិតជាលំបាកចូលជិតណាស់ ហេតុនេះការប្រកួតលើកដំបូងនៅទឹកដីថៃខែក្រោយនេះគឺជាក្តីបារម្ភខ្លាំងរបស់ខ្ញុំ។ ទោះជាយ៉ាងណា ខ្ញុំត្រូវត្រៀមហ្វឹកហាត់ស្តារកម្លាំងឲ្យបានល្អ ព្រោះយើងត្រូវចូលវ៉ៃឲ្យដៃគូស្រុតកម្លាំងសិន ទើបយើងអាចចូលកៀកបោកមានប្រៀបជាង»។

កីឡាកររូបនេះបន្តថា៖ «នៅក្នុងកិច្ចសន្យាថ្មីនេះមានព្រឹត្តិកាណ៍ប្រកួតចំនួន៦ លើកដាច់ពីគ្នាក្នុងចន្លោះប្រហែល ២ទៅ៣ ខែម្តងនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន តែគេមិនទាន់ប្រាប់ឲ្យដឹងច្បាស់នៅឡើយទេ។ ចំណែកតម្លៃខ្លួនប្រកួតវិញគឺការប្រកួតលើកដំបូងបានចាប់ពី ៣,០០០ ដុល្លារ ឡើងទៅក្នុងករណីចាញ់ ប៉ុន្តែបើឈ្នះនឹងឡើងពី ៦,០០០ ដុល្លារ ដល់ ៧,០០០ ដុល្លារ ក្នុង ១លើកៗ។ មានន័យថាតម្លៃខ្លួនប្រកួតនេះមានការកើនឡើងចាប់ពី ១០០០ ដុល្លារ បើប្រៀបធៀបទៅនឹងកិច្ចសន្យាចាស់ ២ ឆ្នាំមុនដោយចាប់ផ្តើមដំបូងបានត្រឹម ១០០០ ដុល្លារជាងប៉ុណ្ណោះ»៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់