លោក វ៉ែន សុផល សង្ឃឹមលើស្រីខួច និងស្រីពៅ នឹងទទួលបានផ្លែផ្កាក្រោយហ្វឹកហាត់នៅជប៉ុន

មាស សុផាណារ៉ុង July 25, 2019


 

ភ្នំពេញ៖ ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ដើម្បីធ្វើការហ្វឹកហាត់ក្រេបយកបច្ចេកទេស និងបទពិសោធន៍របស់អត្តពលិកប្រដាល់សកលកម្ពុជា គឺកីឡាការិនី នៅស្រី ពៅ និងកីឡាការិនី វី ស្រីខួច ត្រូវបានគ្រូបង្វឹក លោក វ៉ែន ចាន់សុផល ជឿជាក់នឹងសង្ឃឹមខ្ពស់ថាពួកគេទាំងពីរនឹងទទួលបានជោកជ័យខ្ពស់ពេលត្រលប់មកវិញ ដើម្បីប្រជែងយកមេដាយមកជូនជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ចុងឆ្នាំនេះ។

ក្នុងវិញ្ញាសាប្រដាល់សកលនៅស៊ីហ្គេម កម្ពុជាគ្រោងបញ្ជូនកីឡាករចំនួន ៦នាក់ក្នុង ក្នុងនោះកីឡាករ ៤នាក់ និងកីឡាការិនី ២នាក់។ ដូច្នេះមាន ៣នាក់ បន្តហ្វឹកហាត់នៅក្នុងស្រុករហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេម។

គ្រូបង្វឹកក្រុមជ្រើសជាតិប្រដាល់សកលលោក វ៉ែន ចាន់សុផល បានឱ្យដឹងថា៖ «ស្រីពៅ មានបច្ចេកទេសកើនឡើង ខ្ញុំគិតថាស្រីពៅ នឹងធ្វើបានល្អនៅ ស៊ីហ្គេមចុងឆ្នាំនេះ។ ការចាប់គូគឺ បើប៉ះ ថៃ ឬ ហ្វីលីពីន យើងលំបាកបន្តិច។ តែវាជារឿងល្អពេលទៅហាត់ជប៉ុន គឺហាត់ខ្លាំង ១០០%។ បើនៅខ្មែរអាចប្រើពេលទៅនេះ ទៅនោះ ឬអាចហាត់ច្របល់គ្នាគុនខ្មែរផង ប្រដាល់សកលផង ដើម្បីឡើងប្រកួតលើរេញនានា។ យើងទៅវ៉ៃសកល យើងត្រូវផ្ដោតលើការហាត់សកល។ ចំណែកកីឡាការិនី វី ស្រីខួច ខ្ញុំរំពឹងថាទាំង វី ស្រីខួច និងនៅ ស្រីពៅ ទទួលបានការហ្វឹកហាត់ល្អនៅជប៉ុន។ ការហ្វឹកហាត់នោះនឹងធ្វើឲ្យសមត្ថភាពកើនឡើងជាមួយគ្រូនៅជប៉ុនដែលមានទំនាក់ទំនងបញ្ជូនទៅនោះ»។

លោកសង្កត់ធ្ងន់ថា៖ «ការហាត់នៅជប៉ុន នឹងតឹងរ៉ឹងជាងក្នុងស្រុក ព្រោះផ្ដោតតែលើហ្វឹកហាត់មួយមុខ មិនអាចគិតរឿងច្រើនដូចនៅស្រុក ដែលកូនសិស្សអាចសុំច្បាប់ទៅកម្មវិធីនេះ នោះ ឬកម្មវិធីផ្ទាល់ខ្លួនជាដើម»។

ជាមួយគ្នានេះដែល វី ស្រីខួច ដែលមានបទពិសោធន៍ចូលរួមស៊ីហ្គេមឆ្នាំ២០១៧ នោះបានគូសបញ្ជាក់ថា៖ «ខ្ញុំមានតែការខំប្រឹងប៉ុណ្ណោះ ដើម្បីទទួលបានលទ្ធផលល្អ។ ខ្ញុំសង្ឃឹមថាការហ្វឹកហាត់នៅជប៉ុនបូករួមទាំងការហ្វឹកហាត់នៅស្រុកខ្មែរជាយូរមកនេះធ្វើឲ្យការប្រកួតរបស់ខ្ញុំកាន់តែប្រសើរឡើង។ ឯឆ្នាំនេះជាលើកទី១ ខ្ញុំទៅចូលរួមនៅស៊ីហ្គេម។ ហើយការចេញទៅហាត់នៅជប៉ុននេះ គឺដើម្បីបង្កើនបច្ចេកទេស និងនាំយកលទ្ធផលល្អជូនអ្នកគាំទ្រ និងជាតិវិញ។ ខ្ញុំរំភើបចិត្ត នេះជាលើកទី១ ដែលខ្ញុំមានឱកាសទៅហ្វឹកហាត់ក្រៅប្រទេស។ ខ្ញុំនឹងទទួលបានបទពិសោធន៍ច្រើនអំពីការហ្វឹកហាត់នេះ»។ គ្រូបង្វឹកដដែលរូបនេះរំពឹង ថាកីឡាករ-កីឡាការិនីទាំង២ ខាងលើនឹងខិតខំប្រឹងប្រែងទ្វេដង ក្នុងគោលបំណងនាំយកលទ្ធផលល្អនៅស៊ីហ្គេម»។

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់