ប្រមុខប្រដាល់គុនខ្មែរ ព្រមានមន្ត្រីបច្ចេកទេសបន្ទាប់ពីលេចចេញរឿងអាស្រូវឃុបឃិតជាមួយអ្នកភ្នាល់លុយ

មាស សុផាណារ៉ុង July 12, 2019


 

ភ្នំពេញ៖ ប្រមុខប្រដាល់គុនខ្មែរ ឯកឧត្តមសេនីយ៍ឯក តែម ម៉ីន បានព្រមានធ្ងន់ៗដល់មន្ត្រីបច្ចេកទេស ចៅ ក្រម អាជ្ញាកណ្ដាល របស់លោកថាបើមានកំហុសទោះបីជាសមជិកគណៈកម្មាធិការប្រតិបត្តិ ក៏ត្រូវតែដាក់ពិន័យដែរ ថ្លែងបែបនេះនៅក្នុងអង្គប្រជុំប្រចាំត្រីមាសទី២ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ។

កំហុសលើកទី១ ពិន័យ៦សប្ដាហ៍ លើកទី២ ដាក់ពិន័យ៦ខែ លើកទី៣ នឹងកាន់តែធ្ងន់ជាងនេះហើយគ្មានលើកទី៤ ទេបើមានមានកំហុសលើកទី៤គឺបញ្ឈប់តែម្ដង ឯកឧត្តមបានបញ្ជាក់។

លោកប្រធានសហព័ន្ធបានបន្ថែមទៀតថាលោកបានទទួលពត៌មានកាន់តែច្រើនឡើងៗពីករណីចៅក្រមផ្ដល់សញ្ញា ពីការចាញ់-ឈ្នះ ដល់ក្រុមអ្នកភ្នាល់មុនពេលប្រកាសលទ្ធផល។ ចៅក្រមខ្លះធ្វើជាទៅបន្ទប់ទឹក ឬទៅជក់បារី តែតាមការពិតគឺទៅទូរស័ព្ទទាក់ទងជាមួយអ្នកភ្នាល់លុយតែប៉ុណ្ណោះ។ លោកព្រមានថា កុំថាលោកមិនដឹង ត្រូវរៀបចំឥរិយាបទឡើងវិញប្រយ័ត្នជាប់ទណ្ឌកម្ម។ ពេលវេលាបោសសំអាតបានមកដល់ហើយ បើលោកបន្តយោគយល់នោះសហព័ន្ធនឹងកើតភាពច្របូកច្របល់គ្មានសណ្ដាប់ធ្នាប់ឡើយ។

លោក ហេង សុឃន ដែលជាអនុប្រធានក៏បានបន្ទោសចំពោះមន្ត្រីសហព័ន្ធ ដែលខ្លះជាមន្ត្រីរាជការទៀតបែរជាលេងភ្នាល់ដាក់អង្ករត្រឹម២បាវ។ លោកចាត់ទុកថានេះជាការប្រមាទដល់កីឡាប្រដាល់លោកសំណូមពរកុំឲ្យមានករណីបែបនេះបន្តកើតមានទៀតឲ្យសោះ។ ឯកឧត្តម តែម ម៉ឺន ក៏បានព្រមានដល់មន្ត្រីផ្គូរផ្គងសូមចាប់គូឲ្យមានតម្លាភាព មានគុណភាព និងផ្ដល់ឱកាសដល់បណ្ដារក្លឹបតូចៗ ឬ ក្លឹបថ្មីៗដើម្បីឲ្យសិស្សរបស់គេមានឱកាសប្រកួតផង កុំចាប់តែសិស្សរបស់ខ្លួនឯងវាមិនយុត្តិធម៌ ចំពោះក្លឹបដទៃឡើយ។

សូមបញ្ជាក់ថានៅក្នុងការជួបជុំនេះប្រមុខសហព័ន្ធរូបនេះបានពង្រឹងខ្លាំងចំពោះមន្ត្រីផ្គូរផ្គង ស្នងការប្រកួត ប្រធានវិនិច្ឆ័យ ចៅក្រមអាជ្ញាកណ្ដាលគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំង៥ ដែលមានកម្មវិធីប្រដាល់គឺស្ថានីយ៍ទូរទស្សន៍ PNN, អាស៊ីអាគ្នេយ៍, CBS ( CNC – CTN និង MYTV ), បាយ័ន និងប៉ុស្តិ៍លេខ៥៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់