ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ផ្ដល់សម្ភារៈហ្វឹកហាត់ដល់ក្រុមជម្រើសជាតិ និងជម្រើសជាតិថ្នាល

មាស សុផាណារ៉ុង July 9, 2019


 

ភ្នំពេញ៖ ថ្មីៗនេះមេសហព័ន្ធប្រដាល់គុនខ្មែរគឺលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ដែលអមដំណើរដោយលោក ហេង សុឃន អនុប្រធានសហព័ន្ធ និងលោកអគ្គលេខាធិការ ម៉ិល កាដូ បាននាំយកសម្ភារៈហ្វឹកហាត់ជាច្រើនមុខផ្ដល់ឲ្យក្រុមកីឡាជម្រើសជាតិ និងជម្រើសជាតិថ្នាលដែលកំពុងហ្វឹកហាត់ក្នុងជំរំប្រមូលផ្ដុំ។

នេះជាកាយវិការល្អមួយរបស់ប្រមុខប្រដាល់រូបនេះក្នុងការផ្ដល់សម្ភារៈហ្វឹកហាត់ជាបន្ថែមលើសម្ភារៈហ្វឹកហាត់ដែល ក្រសួងអប់រំ យុវជន និងកីឡា ផ្គត់ផ្គង់ឲ្យនោះ។ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានថ្លែងនៅចំពោះមុខអ្នកប្រដាល់ទាំងអស់ថា សម្ភារៈទាំងនេះគឺបានមកដោយថវិការបស់លោកអនុប្រធានសហព័ន្ធ ហេង សុឃន។

អ្នកប្រដាល់ទាំងអស់ត្រូវបង្កើនការហ្វឹកហាត់ មានវិន័យ ស្ដាប់គ្រូបង្វឹក និងហាត់ឲ្យអស់ពីសមត្ថភាព។ សម្រាប់កីឡាថ្នាលគឺជាអ្នកបន្តវេនសម្រាប់ឆ្នាំ២០២៣ ចំពោះកីឡាឈុតធំ គឺត្រៀមសម្រាប់កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើកទី៣០ នាចុងឆ្នាំនេះនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ។

សូមបញ្ជាក់ថា ប្រដាល់គុនខ្មែរគឺជាប្រភេទកីឡាដ៏មានសក្ដានុពលដែលកាលពីស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នោះប្រភេទកីឡានេះដណ្ដើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ហើយស៊ីហ្គេមលើកទី៣០ នេះកម្ពុជារំពឹងទុកជាមុនថានឹងបន្តដណ្ដើមបានមេដាយជាបន្តទៀតមិនខានឡើយ។

លោក អេ ភូថង ដែលជាគ្រូជម្រើសជាតិ និងលោក ឡុង សាលវ័ន្ដ ដែលជាគ្រូជំនួយបានចាត់ទុកថាសម្ភារៈហ្វឹកហាត់ទាំងនេះពិតជាមានសារសំខាន់ណាស់ក្នុងឱកាសនៃការប្រមូលផ្ដុំនេះ។ លោកទាំងពីរបន្តថាលោកនៅតែយកអស់ពីកម្លាំងកាយ និងកម្លាំងចិត្តក្នុងការបង្ហាត់ពួកគេឲ្យបានល្អ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់