ខេម ចាន់ ក្លាយជាម្ចាស់ពាន TV5 Boxing Knock-Out Series by K-Cement ទម្ងន់ ៥៤គីឡូក្រាម

នូ មករា July 8, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Series by K-Cement សម្រាប់ប្រភេទទម្ងន់ ៥៤គីឡូក្រាមបានបញ្ចប់ហើយនាយប់ថ្ងៃទី៦ ខែកក្កដាកន្លងមកដោយក្នុងចំណោមអ្នកប្រដាល់ទាំង ៣២រូប នៅទីបំផុតអ្នកប្រដាល់ ខេម ចាន់ មកពីក្លិបទ័ពឆ័ត្រយោង៩១១គឺពិតជាអ្នកខ្លាំងមែនដោយសារមួយព្រឹត្តិការណ៍នេះរូបគេមិនស្គាល់ពាក្យចាញ់សោះឡើយ។ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រគេបានយកឈ្នះអ្នកប្រដាល់ ជី ឆៃលី របស់ក្លិបកងពលធំអន្តរាគមន៍លេខ២នៃក្រសួងការពារជាតិដោយពិន្ទុដាច់តែម្ដងពោលគឺចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យ ខេម ចាន់ ឈ្នះ ឆៃលី ដូចៗគ្នា។ តាមពិតទៅ ឆៃលី ក៏ខ្លាំងដែរគឺមួយព្រឹត្តិការណ៍នេះគេចាញ់តែមួយប្រកួតចុងក្រោយជាមួយ ខេម ចាន់ តែប៉ុណ្ណោះ។


ដូចនេះ ខេម ចាន់ បានក្លាយជាម្ចាស់ពានដែលមានទឹកប្រាក់អមចំនួន ៤.០០០ដុល្លារចំពោះ ជី ឆៃលី វិញបានក្លាយជាជើងឯករងដែលមានទឹកប្រាក់ជារង្វាន់ចំនួន ២.០០០ដុល្លារ។ ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញ កីឡាករ ឡុង ណងសៅ មកពីក្លិបសាលវ័ន្ដកីឡាបានផ្ដួល លី តក់ របស់ក្លិបប្រកួតគុនខ្មែរនៅទឹកទី១ ។ លី តក់ ត្រូវបានអាជ្ញាកណ្ដាលរាប់៨នៅទឹកទី១បន្ទាប់ពីត្រូវមួយជើងរបស់ ណង សៅ រួចមកនោះ។ ទោះបីគេនៅបន្តការប្រកួតបានទៀតក៏ពិតមែនតែនៅចុងទឹកទី១ លី តក់ ត្រូវបានសន្លប់ដោយសារកណ្ដាប់ដៃរបស់ ណង សៅ តែម្តង។ ហេតុនេះ កីឡាករ ណង សៅ ដែលទទួលបានចំណាត់ថ្នាក់លេខ៣នោះបានទទួលប្រាក់រង្វាន់ចំនួន ១.០០០ដុល្លារ រីឯ លី តក់ ដែលទទួលបរាជ័យនោះបានទទួលប្រាក់លើកទឹកចិត្តចំនួន ៥០០ដុល្លារដែរ៕


អត្ថបទ៖ វ៉ាន្នី

មតិយោបល់