ប្រដាល់សាកលកម្ពុជា ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ King-Cup នៅប្រទេសថៃ

មាស សុផាណារ៉ុង July 2, 2019


 

ភ្នំពេញ៖ គ្រូប្រដាល់សាកលជម្រើសជាតិកម្ពុជា លោក វ៉ែន សុផល បាននិយាយឲ្យដឹងថា នៅខែកក្កដាខាងមុខនេះ សហព័ន្ធនឹងបញ្ជូនកីឡាករ ៤រូប និងកីឡាការិនី ២រូប ទៅចូលរួមការប្រកួតដណ្ដើមពានរង្វាន់ព្រះមហាក្សត្រថៃ​​​​ ​​​​​​​​(King Cup)​ ​​នាទីក្រុងបាងកក​​ ​ប្រទេសថៃ។

លោកអះអាងថារូបលោក និងគ្រូបង្វឹកជនជាតិគុយបា លោក Rolando Castellano Rodriquez គឺជាអ្នកដឹកនាំទៅចូលរួមប្រកួត។ ការប្រកួតនេះអាចនឹងមានប្រទេសចូលរូលរួមចំនួន ៤០ ដែលមកពីគ្រប់ទ្វីបទាំងអស់។

តាមការឲ្យដឹងសហព័ន្ធកំពុងតែប្រវេប្រវាររកថវិកាដើម្បីទៅចូលរួមប្រកួត ខណៈដែរកីឡាប្រដាល់សាកលកម្ពុជា ពេលនេះកំពុងតែធ្លាក់ចុះយ៉ាងខ្លាំង ដោយសារបញ្ហាក្រពះកីឡាករខ្លះបានលួចទៅ វ៉ៃគុនខ្មែរតាមស្ថានីយ៍ទូរទស្សន៍នានា និងខ្លះទៀតលួចឆ្លងដែនដោយគ្មានការអនុញ្ញាតទៅវ៉ៃយុទ្ធសិល្ប៍ចម្រុះ (Mixed Martial Art) នៅក្រៅប្រទេស និងជាពិសេសដោយសារតែស្ថានីយ៍ទូរទស្សន៍នានា មិនមានកម្មវិធីប្រដាល់សាកល។

លោក វ៉ែន សុផល ហាក់មិនមានជំនឿចិត្តក្នុងការប្រជែងយកមេដាយពីព្រឹត្តិការណ៍នេះឡើយ។ លោកបង្ហាញពីការខកចិត្តរបស់កីឡាករមួយចំនួនដែលគ្រាន់តែក្នុងស្រុកគ្មានដៃគូប្រកួតសោះក៏តាំងខ្លួនជាតួឯកហើយមកហ្វឹកហាត់មិនបានដិតដល់ទៀតផង។ ខ្លះទៀតសូម្បីតែលួចទៅប្រកួតនៅក្រៅប្រទេសក៏មិនឲ្យគ្រូដឹងផង។

កីឡាករ ៤រូប ដែលត្រូវទៅប្រកួតនោះរួមមាន សៅ រង្សី ប្រកួតទម្ងន់ ៥២គីឡូក្រាម, កីឡាករ បាន ណុន ទម្ងន់៥៦គីឡូក្រាម, កីឡាករ ណាត សៀកនិន ដែលគេស្គាល់ជាទូទៅថា ពេជ្រ ម្ទេសខ្មាំង នោះប្រកួតទម្ងន់ ៦០គីឡូក្រាម និង យ៉ុន ដារ័ត្ន ប្រកួតទម្ងន់ ៦៤គីឡូក្រាម។ រីឯកីឡាការិនី ២រូប វិញនោះរួមមានកីឡាការិនី នូវ ស្រីពៅ ទម្ងន់ ៥១គីឡូក្រាម និងកីឡាការិនី វី ស្រីខួច ប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់