Boostrong Gold Medal: ខ្លាចាស់ ហេង សំរាំង និង ទេស សំខាន់ ប៉ះគូប្រកួតបរទេសដើម្បីដណ្តើមកៅអីជុំទី២

នូ មករា June 28, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fire សម្រាប់ព្រឹកថ្ងៃទី៣០ ខែមិថុនាចុងសប្តាហ៍នេះនឹងមានអ្នកប្រដាល់ជើងចាស់កម្ពុជា២រូបត្រូវប្រកួតជាមួយកីឡាករបរទេសដើម្បីដណ្តើមកៅអីសម្រាប់វគ្គជម្រុះជុំទី២ជាបន្តទៀត។ ក្នុងនោះដែរ អ្នកប្រដាល់ ទេស សំខាន់ មកពីក្លិបកងពលតូចលេខ៧០ ត្រូវជួបជាមួយអ្នកប្រដាល់ជនជាតិអ៊ីរ៉ង់ដែលហ្វឹកហាត់នៅស្រុកថៃឈ្មោះ ហ្គា ហ្វារី (Gafaria) ។ តាមពិតទៅ សំខាន់ គឺជាអ្នកប្រដាល់ជើងចាស់ដែលមានប្រវត្តិប្រកួតមិនអន់នោះទេតែពេលនេះគេមានអាយុច្រើនបន្តិចហើយៗការប្រកួតរបស់គេមួយរយៈនេះមិនសូវជួបសំណាងល្អឡើយពិសេសបញ្ហាលើកម្លាំងតែម្ដង។ ចំពោះ ហ្គា ហ្វារី គេធ្លាប់មកប្រកួតស្រុកខ្មែរដែរគេមិនសូវជាអស្ចារ្យណាស់ណាទេគ្រាន់តែកម្លាំងគេខ្លាំង កណ្ដាប់ដៃធ្ងន់ ចំណែកឯជើងក្រោមគេមិនសូវជារឹងឡើយ។ អ្នកប្រដាល់អ៊ីរ៉ង់រូបនេះមានប្រវត្តិប្រកួតចំនួន២២ដង ឈ្នះ១៥ដង និងចាញ់៧ដង។ ចំពោះសំខាន់វិញមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៦ដង ចាញ់១៤ដង និងស្មើពិន្ទុ៤ដង រវាងអ្នកប្រដាល់ទាំង២រូបនេះនរណាហាលអាវនរណាដណ្ដើមបានកៅអីសម្រាប់ប្រកួតជម្រុះជុំទី២ទៀត?

ប្រកួតក្នុងវគ្គជម្រុះនេះដែរ ហេង សំរាំង មកពិក្លិបព្រៃទទឹងកីឡាជួបជាមួយអ្នកប្រដាល់ថៃ ឈូក ណាំឆៃ (Chhuok Namchhai) ដែលជាអ្នកប្រដាល់មួយរូបមិនស្រួលបង្ក្រាបនោះទេ។ សំរាំង នៅវ៉ៃបានល្អចិត្តធំតែកម្លាំងរបស់គេមិនល្អដូចស្នៀតរបស់គេឡើយ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១០១ដង ឈ្នះ៧០ដង ចាញ់២៧ដង និងស្មើពិន្ទុ៤ដង។ ចំពោះ ឈូក ណាំឆៃ វិញគេមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៥ដងចាញ់១២ដង និងស្មើពិន្ទុ ១ដង។ រវាងអ្នកប្រដាល់ទាំង២រូបនេះកៅអីសម្រាប់ជុំទី២បានទៅអ្នកប្រដាល់កម្ពុជា ហេង សំរាំង ឬបានទៅអ្នកប្រដាល់ថៃឈូក ណាំឆៃ? ប្រកួតនៅក្នុងព្រឹត្តិការណ៍នេះដែរមានអ្នកប្រដាល់៥ជនជាតិចូលរួមប្រកួតហើយមកទល់ពេលនេះអ្នកប្រដាល់កម្ពុជា៣រូបគឺ ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ វង្ស វិឆ័យ របស់ក្លិបទ័ពឆ័ត្រយោង៩១១ និង យ៉ាម ខេមរា មកពីក្លិបរស្មីកុមារកំព្រាដែលបានកក់កៅអីសម្រាប់ជុំទី២រួចហើយ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់