ចៅ សួស្ដី ចូលជាសមាជិកផ្លូវការរបស់កីឡាយុទ្ធគុនចម្រុះកម្ពុជា ក្នុងតំណែងជាគ្រូបង្វឹក មិនមែនកីឡាករ

មាស សុផាណារ៉ុង June 27, 2019


 

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះអតីតកីឡាករកូនខ្មែរ-អូស្ត្រាលី ចៅ  សួរស្ដី បានចូលរួមចុះឈ្មោះជាសមាជិកពេញសិទ្ធជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ( CMMAF ) ក្នុងតំណែងជាគ្រូបង្វឹក គោលបំណងស្វែងរកថ្នាលកូនកាត់ខ្មែរ អូស្ត្រាលី របស់ប្រភេទកីឡាមួយនេះ ឱ្យបានច្រើន។

ទាក់ទងនឹង ការចុះឈ្មោះធ្វើជាគ្រូបង្វឹក CMMAF នេះ បានធ្វើឱ្យលោក កែ ប៊ិនសូរស្មី អុនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា មានការខកចិត្តមួយចំនួន ដោយលោកបានលើកឡើងថា៖ «អ្វីដែលខ្ញុំសោកស្ដាយបន្តិចត្រង់ថា សួស្ដី ចុះឈ្មោះជាគ្រូបង្វឹកមិនមែនជាកីឡាករ។ ប៉ុន្តែយ៉ាងណាក្ដី ក៏វាល្អប្រសើរដែរដោយសារ សួស្ដី មានទំនាក់ទំនងល្អណាស់នៅអូស្ត្រាលី។ យើងសង្ឃឹមថាគាត់ជួយទាក់ទងឲ្យយើងទទួលបានកីឡាករកូនខ្មែរល្អៗពី អូស្ត្រាលី។»

លោកបន្តថា៖ «យុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាគឺធ្វើយ៉ាងណាដើម្បីទទួលបានគ្រូម្នាក់ និងក្លឹបមួយយ៉ាងតិចនៅក្រៅប្រទេសដែលមានកូនខ្មែររស់នៅ និងហាត់ក្បាច់គុន ហើយគ្រូបង្វឹកដើរតួជួយបង្ហាត់ និងជ្រើសរើសកីឡាករនៅទីនោះ។ ចៅ សួស្ដី ជាគ្រូបង្វឹកម្នាក់ ដែលសក្ដិសមទៅនឹងការជ្រើសរើស របស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ហើយថ្ងៃណាមួយគ្រូបង្វឹករូបនេះនឹងចូលរួមដកស្រង់បទពិសោធន៍មកបង្វឹកនៅកម្ពុជា។»

សូមបញ្ជាក់ថា ចៅ  សួស្ដី ជាអតីតកីឡាករដ៏មានពិសោធន៍ម្នាក់នៅក្នុងគុនចម្រុះ និងធ្លាប់ប្រកួតនៅសង្វៀន ONE Championship ម្ដងកាលពីឆ្នាំ២០១៤ ពេលរៀបចំនៅព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នបុរសវ័យ ៣៨ឆ្នាំរូបនេះមានក្លឹបប្រដាល់មួយឈ្មោះ CHAU KAIZEN នៅប្រទេសអូស្ត្រាលី ដែលបើកបង្ហាត់សម្រាប់ជនបរទេស និងកូនខ្មែរនៅអូស្ត្រាលី៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់